ជាតិ
លោកវេជ្ជបណ្ឌិត ហែន ភារៈ ៖«ស្ទឹងស្រែងទីដែលខ្ញុំចងចាំ» គឺជាប្រលោមលោកពិត ដែលអប់រំជីវិតយុវជន
× ភ្នំពេញ៖ «ស្ទឹងស្រែងទីដែលខ្ញុំចងចាំ» គឺជាសៀវភៅបែបប្រលោមលោក ដែលរៀបរាប់ពីជីវិតគ្រួសារមួយ ក្នុងចំណោមគ្រួសាររាប់លាននាក់ ដែលរងគ្រោះនៅក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ។ វាគឺជារឿងរ៉ាវពិតមួយ របស់គ្រួសារលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី។
លោក ហែន ភារៈ ដែលយករឿងរ៉ាវពិតខ្លួន មកតែងនិពន្ធជាសៀវភៅ«ស្ទឹងស្រែងទីដែលខ្ញុំចងចាំ» នេះ គឺក្នុងគោលបំណងអប់រំយុវជន ឱ្យយល់ និងស្គាល់ពីតម្លៃនៃជីវិត ទោះបីជាកើតមកក្រជួបការលំបាក ឬជីវិតស្ថិតនៅក្នុងស្ថានភាពវឹកវរ និងបរិស្ថានមិនល្អក្តី ពោលគឺត្រូវចេះប្រឹងប្រែងតស៊ូជម្នះ នូវឧបសគ្គទាំងនេះ។ ម្យ៉ាងវិញលោកវេជ្ជបណ្ឌិត ហែន ភារៈ ដែលឆ្លៀតពេលសរសេរសៀវភៅ ក្រៅពីព្យាបាលជំងឺនេះ ក៏ចង់យកមេរៀនជីវិតរបស់ខ្លួន និងពលរដ្ឋដទៃ ដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមនោះ អប់រំឱ្យយុវជនជំនាន់ក្រោយ បានដឹងពីភាពអត់ធ្មត់ ស៊ូទ្រាំនឹងភាពលំបាកនៃការរស់នៅក្នុងរបបខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ។
សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី ដូចតទៅ៖
ក្រៅពីសរសេរសៀវភៅពីរឿងរ៉ាវផ្ទាល់ខ្លួននេះ លោកវេជ្ជបណ្ឌិតរូបនេះ ក៏គ្រោងរៀបចំចងក្រងសៀវភៅ ដែលនិយាយអំពីសុខភាព និងសម្រស់ផងដែរ ដើម្បីអប់រំយុវជនឱ្យយល់ដឹងពីសារៈសំខាន់នៃការថែរក្សាសុខភាព និងសម្រស់ ខណៈដែលបណ្ដាប្រទេសលើពិភពលោកកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។ បើតាមលោក ហែន ភារៈ សុខភាព និងសម្រស់ ត្រូវបានពិភពលោកឱ្យតម្លៃថា ជាផ្នែកមួយនៃការទំនាក់ទំនងការងារ និងជីវិតរស់នៅ ដ៏ល្អប្រសើរទៀតផង៕
Tag:
ហែន ភារៈ
និពន្ធ
ប្រលោមលោក
© រក្សាសិទ្ធិដោយ thmeythmey.com