កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី​៖ អត្ត​ព​លិ​ក​ខ្មែរ​ឈ្នះ​មេដាយមាស​ពិភពលោក ជា​សុបិន​ដែល​ក្លាយជា​ការពិត​
27, Aug 2019 , 8:39 pm        
រូបភាព
​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​ជា​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី បានសម្រេច​គោលបំណង ដែល​ចង់​ឮ​ភ្លេងជាតិ និង​ទង់ជាតិ​បង្ហូត​ឡើង​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​របស់ខ្លួន​ហើយ​។ ក្តី​ស្រមៃ​របស់ លោក អាច​ក្លាយជា​ពិត​ទៅបាន បន្ទាប់ពី​កីឡាករ ប៉ាល់ ជីវ័ន បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ កាលពី​ថ្ងៃទី​២៦ ខែសីហា​។​

 
​ទីបំផុត​កីឡាករ​តេ​ក្វាន់​ដូ ITF ឆ្នើម​របស់​កម្ពុជា ប៉ាល់ ជីវ័ន បានធ្វើ​ឲ្យ​ក្តី​របស់លោក កែវ រ៉េមី ដែល​ចង់​ឮ​ភ្លេងជាតិ និង​ទង់ជាតិ​កម្ពុជា​បន្លឺ​និង​បង្ហូត​ឡើង​នៅមុខ​ប្រតិភូ​កីឡា​មកពី​ប្រទេស​ផ្សេងៗ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក World ITF Taekwon-do Championship នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី បានសម្រេច​ហើយ​។ 


កីឡាករ ប៉ាល់ ជីវ័ន និងលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ រូបថត លោក គី សុខលីម 
 
​លោក កែវ រ៉េមី ដែល​ទើបត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក បាន​បង្ហោះ​សារ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៧ ខែសីហា នេះ យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​ស្រមៃ​គឺ​បានសម្រេច​ហើយ ទាំង​ទង់ជាតិ និង​ភ្លេងជាតិ​ត្រូវបាន​បន្លឺឡើង​ក្នុង​កម្រិត​ពិភពលោក​។ ជ័​យោ​! កម្ពុជា​»​។​
 
​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ បានបង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា លោក​ត្រូវបាន​អង្គ​មហាសន្និបាទ​របស់​សហ​ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក គាំទ្រ​ឲ្យ​ធ្វើជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក​។ ក្តី​រំពឹង​របស់លោក គឺ​ត្រឹម​ជា​សមាជិក​គណៈកម្មការ​នាយក​ប្រតិបត្តិ​តែប៉ុណ្ណោះ​។ តួនាទី​អនុប្រធាន​សហព័ន្ធ ត្រូវបាន​ប្រកាស​ក្នុង​មហា​លើក​ទី​២១ កាលពី​ថ្ងៃទី​២៥ ខែសីហា​។   
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​រូបនេះ បានបង្ហាញ​ក្តី​រំពឹងថា លោក​ចង់ឃើញ​បទ​ភ្លេងជាតិ និង​ទង់ជាតិ​កម្ពុជា ត្រូវបាន​បន្លឺ​និង​បង្ហូត​ឡើងជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ខាងលើ​។ នៅពេល​នោះដែរ លោក ហាក់​មាន​ភាពជឿជាក់​ខ្ពស់​លើ​សមត្ថភាព​កីឡាករ​កម្ពុជា​ថា នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ដែលមាន​កីឡាករ​មកពី​៦៩​ប្រទេស​ចូលរួម​នេះ​។​
 
 
​កីឡាករ ប៉ាល់ ជីវ័ន បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ ពី​ការប្រកួត​ជើងឯក​ពិភពលោក World ITF Taekwon-do Championship នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី កាលពី​ថ្ងៃទី​២៦ ខែសីហា​។ ជីវ័ន បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Dorado Gabriel ហើយ​បន្ត​ទម្លាក់​កីឡាករ​ជម្រើស​បារាំង​ដើមកំណើត​វៀតណាម  Nguyen Truc នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុននឹង​ក្លាយជា​ម្ចាស់​មេដាយមាស ក្រោយ​ជ័យជម្នះ​លើ​កីឡាករ​ឆ្នើម​ព័រ​តូ​រី​កូ Datiz Luis៕
 
​សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​។  

Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  World ITF Taekwon-do Championship
© រក្សាសិទ្ធិដោយ thmeythmey.com