ជាតិ
នយោបាយជាតិ
មន្ត្រីជាន់ខ្ពស់ព្រំដែនឡាវបដិសេធព័ត៌មានស្តីពីការពង្រាយកងទ័ពប្រឈមកម្ពុជា អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនឡាវ លោក Anousith Khattignarath ។ រូបថត Laotian Times
× អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនឡាវ លោក Anousith Khattignarath បានច្រានព័ត៌មានទាក់ទងនឹងការប្រឈមដាក់គ្នានៅតំបន់ព្រំដែនជាមួយកម្ពុជា។ លោកបានលើកឡើងថា ព័ត៌មានប៉ុន្មានថ្ងៃកន្លងមកនេះ ជាព័ត៌មានមិនពិតនោះឡើយ។
«ព័ត៌មានមិនពិត ត្រូវបានចែកចាយលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ឡាវ លើទឹកដីឡាវផ្នែកខាងលើទន្លេ សេឡាំភាវ (Xe Lam Phao) ក្នុងស្រុក មូនឡាបាម៉ក (Mounlapamok) ខេត្ត Champasak ដែលមានព្រំដែនជាប់ស្រុកឆែប ខេត្តព្រះវិហារ ទឹកដីកម្ពុជា»។ អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិឡាវ លោក Anousith Khattignarath លើកឡើងបែបនេះ នៅថ្ងៃទី ២៧ សីហា ។
តាមការចុះផ្សាយរបស់កាសែតឡាវ Laotian Times មន្ត្រីជាន់ខ្ពស់ឡាវរូបនេះ បញ្ជាក់ជាផ្លូវការថា តំបន់នេះ មានស្ថិរភាពល្អ ហើយប្រទេសទាំងពីរ ពុំបានប្រឈមមុខដាក់គ្នាអ្វីឡើយ។ លោក សង្កត់ធ្ងន់ថា គ្មានឡើយភាពតានតឹង ហើយក៏គ្មានបញ្ហាធំដុំអ្វីផងដែរ។ វាក៏គ្មានការប៉ះទង្គិចគ្នាប្រដាប់អាវុធណាមួយ ឬឧបទ្ទវហេតុណាមួយផ្សេងទៀតកើតឡើងដែរ។
បន្ថែមពីការបញ្ជាក់ពីស្ថិរភាពនៅតំបន់ព្រំដែនកម្ពុជា-ឡាវនេះ លោក Anousith លើកឡើងទៀតថា ស្ថានការណ៍នៅព្រំដែនកម្ពុជា-ឡាវ ពុំកើតឡើងដូចទៅអ្វីដែលសារព័ត៌មានអនឡាញមិនផ្លូវការជាច្រើន ក៏ដូចជា ក្នុងស្រុក ឬបរទេសឡើយ ។ ព័ត៌មានមិនពិតទាំងនេះ បង្កជាការយល់ច្រឡំរវាងប្រទេសទាំងពីរ ហើយក៏បំផ្លិចបំផ្លាញទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានចាត់ទុក កម្ពុជា និងឡាវ ជាប្រទេសជិតខាងដ៏ល្អរៀងមក ដែលគោរពបូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យគ្នាទៅវិញទៅមក។
និយាយដល់ដំណោះស្រាយនៃបញ្ហាព្រំដែនរវាងឡាវ និងកម្ពុជា មន្ត្រីជាន់ខ្ពស់ឡាវរូបនេះ គូសបញ្ជាក់ថា ភាគីទាំងពីរ កំពុងចរចាគ្នាដោយសន្តិវិធីដើម្បីធានាថា តំបន់ព្រំដែនរវាងប្រទេសទាំងពីរ អាចមានសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ៕
Tag:
ព្រំដែនខ្មែរ-ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com