អន្តរជាតិ
អ្វីទៅជា Circular Economy ?
× បាងកក៖ សន្និសីទស្ដីពីសេដ្ឋកិច្ចវិលជុំ (Circular Economy) បានរៀបចំនៅរាជធានីបាងកក ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមលើការប្រើប្រាស់ធនធានដោយចីរភាព។ សេដ្ឋកិច្ចវិលជុំ ជាអ្វី ហើយអាចរកដោះស្រាយបញ្ហាសំណល់ និងធនធានសម្រាប់ការប្រើប្រាស់របស់មនុស្សបានដោយរបៀបណា?
«សេដ្ឋកិច្ចវិលជុំ៖ កិច្ចសហប្រតិបត្តិការដើម្បីសកម្មភាព (Circular Economy: Collaboration for Action)» ជាប្រធានបទក្នុងសន្និសីទនៃការអភិវឌ្ឍដោយចីរភាពនៅថ្ងៃទី២៦ ខែសីហា ក្នុងទីក្រុងបាងកក រាជាណាចក្រថៃ។ ក្នុងសន្និសីទមួយថ្ងៃដែលរៀបចំដោយក្រុមហ៊ុន SCG ដ៏ធំរបស់ថៃ រដ្ឋាភិបាល ដៃគូឯកជន សកម្មជន យុវជនទាំងមកពីប្រទេសនានាក្នុងតំបន់ បានរួមគ្នា សេដ្ឋកិច្ចវិលជុំ សំដៅរិះរកច្រកចេញពីវិបត្តិកង្វះខាតធនធានដែលមនុស្សលោកត្រូវការ។
សន្និសីទនេះ មានគោលដៅបង្កើតពាណិជ្ជកម្មដោយចីរភាព ប្រយុទ្ធប្រឆាំងការបំពុលសមុទ្រ លើកកម្ពស់ជីវភាពប្រជាជន និងគ្រប់គ្រងសំណល់ឧស្សាហកម្ម។ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជននានាទាំង៤៥ ដែលចូលរួមក្នុងសន្និសីទ ក៏ដាក់គោលដៅក្នុងការស្នើបញ្ចូលការគ្រប់គ្រងសំណល់ទៅជារបៀបវារៈជាតិផងដែរ។
លោក Roongrote Rangsiyopash ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន SCG និយាយថាការកើនឡើងចំនួនប្រជាជនសាកលទៅដល់៩,៧ពាន់លាននាក់ក្នុងឆ្នាំ២០៥០ ដែលនឹងនាំឲ្យមានកំណើនការប្រើប្រាស់យ៉ាងខ្លាំង ទោះជាធនធានដែលផែនដីផ្ដល់ឲ្យមានកំណត់ក្ដី។ ការកើនឡើងតម្រូវការនេះ ក៏នាំទៅជាវិបត្តិសំណល់ផងដែរ។ សម្រាប់លោក Roongrote បើគ្មានការគ្រប់គ្រងត្រឹមត្រូវនេះ បញ្ហាសំណល់នេះ នឹងបំផ្លាញជីវិតលើផែនដី។
បើតាមប្រធានក្រុមហ៊ុនដ៏ធំនេះ សេដ្ឋកិច្ចវិលជុំ ជាដំណោះស្រាយដើម្បីកាត់បន្ថយបញ្ហាដែលកើតឡើង។ អ្វីទៅជាសេដ្ឋកិច្ចវិលជុំ? សេដ្ឋកិច្ចវិលជុំ អាចនិយាយថាជាគោលនយោបាយមួយ ដែលផ្ដើមគំនិត SCG នៅឆ្នាំ២០១៨ ជាវិធីសាស្ត្រប្រើប្រាស់ឡើងវិញដែលផ្លាស់ប្ដូរផលិតកម្ម ការប្រើប្រាស់ និងការរស់នៅប្រចាំថ្ងៃ។ ជាដំណោះស្រាយនៃការខ្វះខាតធនធានដែលអាចកើតមាន វិធីសាស្ត្រនេះ អនុវត្តដោយឈរលើគោលការណ៍ «បង្កើត-ប្រើប្រាស់-វិលត្រឡប់វិញ» ដែលនេះផ្ទុយពីនិន្នាការបច្ចប្បន្ន «ដកយក-ប្រើប្រាស់-បោះចោល»។
ឈរលើគោលការណ៍សេដ្ឋកិច្ចវិលជុំ ភាគីពាក់ព័ន្ធទាំងអស់មិនថា មនុស្សចាស់ មនុស្សក្មេង រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជនឡើយ ត្រូវចូលរួមក្នុងដំណើរការដែលមានន័យជាការសន្សំធនធានរបស់ពិភពលោក។ កុមារី Rarin Sathitthanasan សកម្មជនការពារបរិស្ថានដែលមានវ័យទើប១២ឆ្នាំ ហើយបានធ្វើការផ្នែកបរិស្ថាននេះយូរមកហើយនោះ បានផ្ញើសារដ៏មានឥទ្ធិពលថា មនុស្សពេញវ័យគួរបំពេញការទទួលខុសត្រូវរបស់ខ្លួន ដើម្បីក្មេងជំនាន់ក្រោយ។
គំនិតសេដ្ឋកិច្ចវិលជុំនេះ ក៏មានបញ្ចូលមធ្យោបាយក្នុងការប្រើប្រាស់ធនធានឲ្យអស់លទ្ធភាព ការបែងចែកសំរាម ក៏ដូចជាការចោលសំរាមដោយត្រឹមត្រូវដើម្បីអភិរក្សធនធានធម្មជាតិបន្តទុកឲ្យមនុស្សបន្ទាប់ៗទៀត។
© រក្សាសិទ្ធិដោយ thmeythmey.com