ជាតិ
សង្គមជាតិ
រដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើនថវិកាច្រើនដល់ឃុំ-សង្កាត់ទូទាំងប្រទេស លើកលែងតែនៅភ្នំពេញ
27, Aug 2019 , 10:40 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ទេរធនធានបន្ថែមដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីជំរុញការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលមូលដ្នាន សម្រាប់រយៈពេល៤ឆ្នាំ ខាងមុខនេះ។ ប៉ុន្តែគម្រោងថវិកានេះមិនគ្របដណ្ដប់លើរដ្ឋបាលចំណុះរាជធានីភ្នំពេញនោះទេ។ នេះបើយោងតាមអនុក្រឹត្យដែលចេញកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩។



អនុក្រឹត្យបានចែងថា៖«កម្រិតនៃការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានក្នុងថិរវេលា៤ឆ្នាំ ត្រូវបានកំណត់: ឆ្នាំថវិកា២០២០ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០១៩, ឆ្នាំថវិកា២០២១ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២០, ឆ្នាំថវិកា២០២២ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២១ និងឆ្នាំថវិកា២០២៣ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២២»។

ទាក់ទងនឹងការទម្លាក់ថវិកាដល់រដ្ឋបាលឃុំ-នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានលើកឡើងកាលពីដើមឆ្នាំនេះថា រដ្ឋាភីបាលនឹងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ ក្នុងរង្វង់ ៧៣០០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងរង្វង់ ៨៥០០០ដុល្លារ, នឹងកើនដល់១០០ ០០០ដុល្លារ ក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២៣ នឹងកើនដល់ជាង១១០ ០០០ដុល្លារ ខណៈបច្ចុប្បន្នមានត្រឹម ៣៥០០០ដុល្លារ។

សម្តេច ស ខេង បានលើកឡើងបន្តថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពដល់មន្រ្តីថ្នាក់ឃុំ-សង្កាត់ ដើម្បីមានលទ្ធភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ តាមយៈការបង្កើនថវិកាប្រចាំឆ្នាំជាបន្តបន្តាប់ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣។ សម្តេចក៏បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នអនុវត្តផ្ទាល់លើការងារនេះ កំពុងធ្វើកំណែទម្រង់រដ្ឋបាលក្រុងស្រុកខណ្ឌ ដែលនេះជាគន្លឹះមួយយ៉ាងសំខាន់នាំឲ្យការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែទទួលបានជោគជ័យ៕

Tag:
 ឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com