អន្តរជាតិ
ប៉េកាំង​ប្រាប់​ប្រទេស G7 ៖ ហុងកុង​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន ហាម​ជ្រៀតជ្រែក​
28, Aug 2019 , 9:59 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៧ ខែសីហា។ រូបថតពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៧ ខែសីហា។ រូបថតពីក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៧ ខែសីហា បាន​បរិហារ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) ដែល​ចេញមុខ​និយាយ​រឿង​បាតុកម្ម​នៅ​ហុងកុង​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស ក្រុង​ប៉េកាំង​ប្រឆាំង​ដាច់ខាត​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស G7 ដែល​បាន​គាំទ្រ​ស្វ័យភាព​របស់​ហុងកុង​ដូចដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៤ រវាង​អង់គ្លេស​និង​ចិន​។ ប៉េកាំង ក៏​ឆ្លៀត​ពន្យល់​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៤ នេះ​ទៅកាន់​ប្រទេស​ទាំង​៧ ផងដែរ​។​

 
​ហាម​ជ្រៀតជ្រែក​ដោយមាន​បំណង​មិនល្អ​! នេះ​ជា​ប្រតិកម្ម​របស់​ទីក្រុង​ប៉េកាំង​ទៅនឹង​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ របស់​ពិភពលោក (G7) ពាក់ព័ន្ធ​បញ្ហា​ហុងកុង​។ ក្រោយ​កិច្ចប្រជុំ​នៅ​ទឹកដី​បារាំង ក្រុម​ប្រទេស G7 មាន​ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋអាមេរិក បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ពួកគេ​គាំទ្រ​នយោបាយ​ប្រទេសមួយ ប្រព័ន្ធ​ពីរ និង​ចង់ឃើញ​ហុងកុង​មាន​វិបុលភាព​។​
 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៧ ខែសីហា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang និយាយថា ចិន​ប្រឆាំង​ដាច់អហង្ការ​នឹង​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស G7 ដែល​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ការ​របស់​ចិន​។ មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ​បញ្ជាក់​ច្បាស់ៗ​ថា​៖ «​គ្មាន​រដ្ឋាភិបាល​បរទេស​ណាមួយ អង្គការ​ណាមួយ ឬ​បុគ្គល​ណាមួយ មាន​សិទ្ធិ​កកូរកកាយ​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​នោះឡើយ​។ 
 
​បាតុកម្ម​នៅ​ហុងកុង បាន​ឈាន​ជិត​ដល់​ខែ​ទី​បី​ហើយ ហើយក៏​គ្មាន​សញ្ញា​ថា នឹង​ស្រាកស្រាន្ត​ដែរ​។ ផ្ដើម​ពី​ការប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន បាតុករ​ហុងកុង​ក៏​ប្រឆាំង​ការធ្លាក់ចុះ​សិទ្ធិ​ស្វ័យ​សម្រេច​ទីក្រុង​នេះ និង​សិទ្ធិសេរីភាព​ដែល​ធ្លាប់​ទទួលបាន​នាពេល​កន្លងមក​។ ធ្វើតាម​ដងផ្លូវ​ផង នៅ​ព្រលានយន្តហោះ​ផង បាតុកម្ម​ជាប់ៗ​គ្នា​រាប់​សប្ដាហ៍​មកនេះ ធ្វើ​ឲ្យ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​ជួប​បញ្ហា​យ៉ាងច្រើន​។ 
 
​លោក Geng Shuang បាន​រំលេច​ពី​ផលវិបាក​នៃ​បាតុកម្ម​ច្រើនជាង​ពីរ​ខែ​មកនេះ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​នីតិរដ្ឋ​នៅ​ហុងកុង សណ្ដាប់ធ្នាប់​សង្គម សេដ្ឋកិច្ច និង​មុខមាត់​ទីក្រុង​នេះ​លើ​ឆាក​អន្តរជាតិ​។ បើតាម​អ្នកនាំពាក្យ​ដដែល គ្មាន​នរណា​រីករាយ​នឹង​ការរីកចម្រើន និង​ស្ថិរភាព​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ជា​ប្រជាជន​ចិន​ដែល​រាប់ទាំង​ប្រជាជន​ហុងកុង​នោះឡើយ​។ ដូចនេះ ចិន​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ឲ្យ​បានល្អ​។​
 
​ឯ​រឿង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៤ វិញ លោក Geng Shuang រៀបរាប់ថា វា​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​បញ្ជាក់​ពី​ការគ្រប់គ្រង​លើ​អធិបតេយ្យ​ហុងកុង​ដោយ​ចិន​។ លោក​សង្កត់ធ្ងន់ថា ក្រោយ​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​ការគ្រប់គ្រង​របស់ខ្លួន​ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​ចិន និង​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ ក្នុងន័យនេះ បើ​គិត​តាមច្បាប់​អន្តរជាតិ និង​បញ្ញត្តិ​នានា​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ គ្មាន​អង្គការ​ណា ឬ​ប្រទេស​ណា​មាន​សិទ្ធិ​ចេញ​សេចក្ដីថ្លែងការណ៍​ដើម្បី​លូកលាន់​កិច្ចការ​ហុងកុង​ឡើយ​៕   
 

Tag:
 ហុងកុង​
  ចិន​
  G7
© រក្សាសិទ្ធិដោយ thmeythmey.com