ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​ឮ​គេ​និយាយ​ដំបូន្មាន​សុខភាព​ទាំងនេះ មិនគួរណា​ជឿ​ទាំងស្រុង​ឡើយ​
28, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយសារតែ​អ្នក​ធ្លាប់​ឮ​គេ​និយាយ​ច្រើន​ហើយ ហើយក៏​និយាយ​តៗ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ មិនមែន​មានន័យថា​វា​សុទ្ធតែ​ពិត​ទាំងអស់​នោះទេ​។


 
​យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​មាន​ដំបូន្មាន​សុខភាព​មួយចំនួន​ដែល​ត្រូវបាន​គេ​និយាយ​តៗ​គ្នា​យ៉ាងច្រើន ហើយ​មក​ពិចារណា​ទាំងអស់គ្នា​ថា គួរតែ​ជឿ​ឬ​អត់​។​
 
​ស្ករត្នោត​ផ្តល់​សុខភាព​ល្អ​ជាង​ស្ករស​
 
​យើង​ធ្លាប់តែ​ឮ​ព័ត៌មាន​ថា ឲ្យ​តែ​ស្ករ​សុទ្ធ​តែមាន​បញ្ហា​ដូចៗ​គ្នា​ទាំងអស់​បើសិនជា​ញ៉ាំ​ច្រើន​។ យ៉ាងណាមិញ ស្ករ​ឆៅ និង​ស្ករត្នោត​គឺមាន​កាឡូរី​តិចជាង និង​មាន​ជាតិ​រ៉ែ​តិចតួច (​ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​) ដែល​ទំនងជា​មិនមាន​ផលវិបាក​អ្វី​ដូច​ស្ករស​ឡើយ​។ ប៉ុន្តែ​និយាយ​ដល់​កម្រិត​ជាតិ​ផ្អែម​នៃ​ស្ករ​ទាំងពីរ​នេះ​គឺមាន​លក្ខណៈ​ដូចគ្នា ហើយ​ក៏មាន​គ្រោះថ្នាក់​ដូចគ្នា​ដែរ​។ ដូច្នេះ​យក​ល្អ សម្រាប់​ស្ត្រី​គួរតែ​អាច​ញ៉ាំ​ស្ករ​ទាំងពីរ​នេះ ៦​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ និង​បុរស​អាច​បាន ៩​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​។​

​បើ​មិន​ចង់​ឡើង​ទម្ងន់​ទេ កុំ​ញ៉ាំ​អី​មុន​គេង​ឲ្យ​សោះ​
 
​មិន​ចឹ​ង​ទេ ហើយ​អ្នក​ក៏​កុំ​ខ្វល់​អំពី​ដំបូន្មាន​នេះ​ច្រើន​ដែរ​។ ការសិក្សា​ខ្លះ​និយាយ​ផ្ទុយ​ថា ការ​ញ៉ាំ​អាហារសម្រន់​មុន​គេង​អាចជួយ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ឆ្អែត និង​មិនសូវ​ញ៉ាំ​ច្រើន​ទៅវិញ​។ ប៉ុន្តែ​វា​ដូចជា​មិនមាន​ទិន្នន័យ​ណា​បញ្ជាក់ថា ការ​ញ៉ាំ​អាហារ​មុន​គេង​ជា​កត្តា​នាំ​ឲ្យ​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​ឡើយ​។ ដូច្នេះ​ចូរ​ធ្វើទៅ​តាម​ភាព​ឃ្លាន​របស់​អ្នក និង​ញ៉ាំ​ពេល​ត្រូវការ​ទៅ​។ 
 
​ទឹក​អនាម័យ​អាច​លាង​សម្អាត​ទ្វារមាស​បាន​
 
​ទ្វារមាស​របស់​មនុស្ស​ស្រី​មាន​លក្ខណៈពិសេស​មួយ​គឺអាច​លាង​សម្អាត​ខ្លួនឯងបាន​។ វា​ផ្ទុក​ទៅដោយ​មេរោគ​ល្អ Microbiome ដែល​ធ្វើការ​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សុខភាព​ទ្វារមាស​ឲ្យ​បានល្អ​។ ការប្រើ​ទឹក​អនាម័យ​នឹង​បង្ក​ជា​ភាព​រំខាន​ដល់​ដំណើរ​ការណ៍​សម្អាត​រប​ស់មេ​រោគ​ខាងលើ និង​បង្កើន​ការ​ប្រឈម​នឹង​ការបង្ក​រោគ​ថែមទៀត​។ 
 
​ទទួលបាន​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ​
 
​រឿងនេះ​មិន​ប្រាកដ​ឡើយ​។ ពេលវេលា​ដែល​ត្រូវ​ហាលថ្ងៃ​ដោយ​មិនមាន​ការ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​អាចមាន​ផល​អាក្រក់​ដល់​ស្បែក​ច្រើន​។ បើសិនជា​អ្នក​កង្វះ​វីតាមីន D មានតែ​គ្រូពេទ្យ​ទេ​ដែល​អាច​បញ្ជាក់ថា​អ្នក​គួរតែ​ធ្វើ​អ្វី​។ ដូច្នេះ​បើសិនជា​អ្នក​មិនមាន​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ក្នុង​ការដើរ​ហាលថ្ងៃ​ទេ ថ្នាំ​បំប៉ន​វីតាមីន D ប្រហែលជា​អាចជួយ​ជំនួស​បាន​។ 
 
​អ្នក​ត្រូវតែ​កោ​រោម​នៅ​ថ្ងាស​ក្រោម​
 
​រោម​ថ្ងាស​ក្រោម​ដើរតួនាទី​មួយ​គឺ​ដើម្បី​ការពារ​សុខភាព​ទ្វារមាស ហើយក៏​ជួយ​បង្ការ​ការ​រលាក​ដោយសា​រតែក​កិត​ក្នុងពេល​រួមភេទ​ដែរ​។ មិន​ខ្វល់​ថា​អ្នក​កោ​ឬ​អត់​ទេ ការ​កោ​រោម​នៅ​តំបន់​នេះ​គឺជា​តម្រូវការ​ផ្ទាល់ខ្លួន​របស់​មនុស្ស​យើង​ប៉ុណ្ណោះ​។ អ្នក​ក៏​មិនបាច់​កោ​វា​ដែរ​បើសិនជា​មិន​ចង់​ធ្វើ​ទេនោះ​។ 
 
​ញ៉ាំ​ទឹក​៨​កែវជា​រៀងរាល់ថ្ងៃ​
 
​ខណៈ​នេះដែរ​មិនមែនជា​រឿង​អាក្រក់ តែ​វា​ក៏​មិនមែន​ត្រឹមត្រូវ ១០០​ភាគរយ​ដែរ ព្រោះថា តម្រូវការ​ជាតិ​ទឹក​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុសគ្នា ហើយក៏​អាស្រ័យ​ទៅតាម​សកម្មភាព ទំហំ​រាងកាយ និង​ហ្សែ​ន​ផងដែរ ហើយ​កម្រិត​ជាតិ​សូ​ដ្យូ​ម​ដែល​ចេញ​ក្នុង​ញើស​ក៏​ខុសគ្នា​ទៅតាម​មនុស្ស​ម្នាក់ៗ​ផងដែរ​។ អ្នកខ្លះ​ត្រូវការ​ទឹក​តិច តែ​អ្នកខ្លះ​ត្រូវការ​ច្រើន​។ ដូច្នេះ​តើ​អ្នក​អាច​ប្រាប់​បាន​ថា​ខ្លួនឯង​ត្រូវការ​ច្រើន​ប៉ុណ្ណា​ទៅ​? វា​គឺជា​អ្វីដែល​រាងកាយ​ប្រាប់​យើង​វិញ​ទេ​។ តើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ទេ តើ​អ្នក​បន្ទោបង់​រាល់ថ្ងៃ​ទេ តើ​អ្នក​អស់កម្លាំង​ពេញ​មួយថ្ងៃ​ទេ តើ​អ្នកធ្វើការ​សកម្ម​ខ្លាំង​ទេ តើ​សន្លាក់ និង​សាច់ដុំ​អ្នកធ្វើ​ការល្អ​ទេ​? ដូច្នេះ​អ្វី​ដែលជា​រឿង​សំខាន់​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺថា ត្រូវ​រក​ទឹក​ញ៉ាំ​ភ្លាម​នៅពេល​អ្នកត្រូវការ​ញ៉ាំ​។ អាហារ​ដូចជា ស្ពៃ​ស្ពី​ណា​ច និង​ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ស្ទើរតែ ១០០​ភាគរយ ហើយ​ភេសជ្ជៈ​ដូចជា ទឹក​ផ្លែឈើ ទឹកដោះគោ និង​កាហ្វេ​ក៏​អាច​ញ៉ាំ​ជាប្រចាំ​ថ្ងៃ​បានដែរ​។ 
 
​លេបថ្នាំ​អាស្ពីរីន​រាល់ថ្ងៃ​ដើម្បី​ថែរក្សា​សុខភាព​បេះដូង​
 
​រយៈពេល​ច្រើនសិប​ឆ្នាំ​ហើយ​ដែល​គេ​និយាយថា មនុស្ស​គ្រប់គ្នា​ដែលមាន​អាយុ​ច្រើនៗ​អាច​ទប់ស្កាត់​ជំងឺ​បេះដូង​បាន​តាមរយៈ​ការ​លេបថ្នាំ​អាស្ពីរីន​រាល់ថ្ងៃ ដោយសារតែ​វា​ជួយ​រំលាយ​កំណក​ឈាម​។ វា​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ដែលថា មនុស្ស​ភាគច្រើន​នៅតែ​ជឿ​លើ​រឿងនេះ​ថ្វីបើ​ការសិក្សា​បច្ចុប្បន្ននេះ​បង្ហាញថា​វា​ជា​រឿង​ខុស​ក៏ដោយ ហើយ​ការណែនាំ​ថ្មី​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​។ 
 
​តាម​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​មនុស្ស​ជាង ២០០០០​នាក់​មកពី​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក និង​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន New England Journal of Medicine ក្នុង​ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹងថា ការ​លេបថ្នាំ​អាស្ពីរីន​រាល់ថ្ងៃ​មិន​ត្រឹមតែ​ជួយ​ឲ្យ​មនុស្ស​ចាស់​អាយុ​វែង មាន​សុខ​ភាពល្អ​ទេ តែ​វា​ក៏​បង្កើន​ការ​ប្រឈម​នឹង​ការ​ហូរឈាម​ផងដែរ​។ ការសិក្សា​មួយ​ផ្សេងទៀត​និយាយថា ការ​លេបថ្នាំ​នេះ​រាល់ថ្ងៃ នឹង​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​ហូរឈាម​ក្នុង​ខួរក្បាល​។ សម្រាប់​អ្នក​ដែលមាន​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ធ្វើការ​វះកាត់​នៅ​បេះដូង ការ​លេបថ្នាំ​អាស្ពីរីន​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​អាចជា​រឿង​មាន​ប្រយោជន៍ ប៉ុន្តែ​គួរតែ​ជា​រឿង​ណែនាំ​ដោយ​គ្រូពេទ្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com