រដ្ឋមន្ត្រី​ការពារជាតិ​៖ ក្រុម​ជ្រុលនិយម កុំ​រំខាន​ភាពសុខសាន្ត​រប​ស់​ពលរដ្ឋ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ការពារជាតិ​៖ ក្រុម​ជ្រុលនិយម កុំ​រំខាន​ភាពសុខសាន្ត​រប​ស់​ពលរដ្ឋ​
28, Aug 2019 , 11:51 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
ដោយ: ថ្មីៗ
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រាប់​ទៅ​ក្រុម​ជ្រុលនិយម ដែល​ទំនងជា​ចង់​សំ​លើ​ក្រុមប្រឆាំង ថា បើ​មិនបាន​ចូលរួម​ជួយសង្គ្រោះ​ប្រទេស​ក្នុងសម័យ​សង្គ្រាម​ទេ «​សូមកុំ​រំខាន​ដល់​ភាព​សុខ​សាន​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​សន្តិភាព​»​។ សារ​របស់​រដ្ឋមន្ត្រី​ការពារ គឺ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​។


 
​សម្តេច​រដ្ឋមន្ត្រី បាន​លើក​សុភាព​សិត​ខ្មែរ​មួយ​ឃ្លា មក​ដាស់តឿន​ក្រុមមនុស្ស​ទាំងនោះ​ថា បើ​មិន​ជួយ​ចូក​ជួយ​ចែវ សូមកុំ​យកជើងរាទឹក​។ សម្តេច សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា ជន​ជ្រុលនិយម​មួយ​ក្តាប់​តូច អាច​នឹង​យល់​អំពី​តម្លៃ​សន្តិភាព និង​ការអភិវឌ្ឍ​ដែល​យើង​ទទួលបាន​យ៉ាង​លំបាក ហើយ​បញ្ឈប់​នូវ​រាល់​សកម្មភាព​រំខាន ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​»​។​
 
​ថ្មីៗ​នេះ ស្ថាប័ន​នគរបាល​និង​ស្ថាប័ន​យោធា បាន​ប្រជុំ​រួមគ្នា អំពី​ការចាត់វិធានការ​លើ​ក្រុម​របស់លោក សម រង្ស៊ី  ពេល​ពួកគេ ត្រឡប់​មកដល់​កម្ពុជា​។ ស្ថាប័ន​កង​ប្រដាប់អាវុធ​ទាំងពីរ​នេះ សម្រេច​ប្រើ​កម្លាំង​រួមគ្នា ដោយ​នឹងដាក់​ពង្រាយ​នៅតាម​ច្រកព្រំដែន​នានា ដើម្បី​ត្រៀម​ចាប់​ក្រុម​អ្នកប្រឆាំង​ទាំងនោះ​។ 
 
​លោក សម រង្ស៊ី  និង បក្សពួក ដែល​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច តែង​ហៅថា​ជា​ក្រុម​ជ្រុលនិយម​ឬ​ជា​ក្រុម​ឧទ្ទាម ប្រកាស​ធ្វើ​មាតុភូមិ​និ​វិត្ត​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​។ 
 
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​និង​ជា​ប្រធាន​បក្ស​កាន់អំណាច បាន​តែង​បទ​ទទា​យំ​ឆ្លង​លើក​ទី​បី ដើម្បី​បញ្ឈឺ​លោក សម រង្ស៊ី​។  បទ​ទី​បី ដែលមាន​លំនាំ​ដូច​បទ​មុនៗ​ដែរនោះ គឺ​បង្កប់ន័យ​ពន្យុះ​លោក សម រង្ស៊ី ឲ្យ​ចូល​ស្រុក​តាម​ការសន្យា ដោយមាន​សរសេរ​ឃ្លា​ថា គុក​កំពុង​រង់ចាំ​៕ 

Tag:
 ទៀ បាញ់​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com