កម្ពុជា​-​ឡាវ នឹង​ដកទ័ព​ចេញពី​តំបន់​មុំ​បី នៅ​ថ្ងៃទី​២៩ សីហា​
ជាតិ
កម្ពុជា​-​ឡាវ នឹង​ដកទ័ព​ចេញពី​តំបន់​មុំ​បី នៅ​ថ្ងៃទី​២៩ សីហា​
28, Aug 2019 , 3:17 pm        
រូបភាព
រូបពីកាសែត Vietiane Times នៃជំនួបភាគីកងទ័ពកម្ពុជា និងកងទ័ពឡាវ ប្រជុំសម្រេចលើកិច្ចការព្រំដែន នៅតំបន់មុំបី ស្រុកឆែប ខេត្តព្រះវិហារ
រូបពីកាសែត Vietiane Times នៃជំនួបភាគីកងទ័ពកម្ពុជា និងកងទ័ពឡាវ ប្រជុំសម្រេចលើកិច្ចការព្រំដែន នៅតំបន់មុំបី ស្រុកឆែប ខេត្តព្រះវិហារ
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ! កងទ័ព​កម្ពុជា និង​ឡាវ នឹងត្រូវ​ដកចេញ​រៀងខ្លួន​ពី​ព្រំដែន នៅ​ចំណុច​តំបន់​មុំ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា​។


 
​កាសែត​Vietiane Times របស់​ប្រទេស​ឡាវ បាន​ចុះផ្សាយ​ថា ភាគី​កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​ហើយ ដោយសារ​សម្រេច​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​នោះ ចាប់ពី​ម៉ោង​៨​ព្រឹក ហើយ​បញ្ចប់​នៅ​ម៉ោង​១១​ព្រឹក​។​ការសម្រេច​របស់​ភាគី​ទាំងពីរ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ព្រំដែន​Donkhamao នៅក្នុង​ស្រុក Khong ខេត្ត Champassak ប្រទេស​ឡាវ​។​
 
​សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​កម្ពុជា ពី​ជំនួប​ប្រជុំ​រវាង​ភាគី​ទាំងពីរ​នៅ​តំបន់​ព្រំដែន​ដែរ ប៉ុន្តែ​លោក មិនទាន់​អាច​ផ្ដល់ព័ត៌មាន​បានឡើយ ដោយសារតែ​លោក​កំពុង​រវល់​ប្រជុំ​នៅ​ប្រទេស​វៀតណាម​។​
 
​តែ​យ៉ាងណា​លោក ម៉ៅ ផល្លា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​២៦ សីហា​ថា ភាគី​កម្ពុជា -​ឡាវ បើក​កិច្ចប្រជុំ​ចុង​ក្រោយពី​បញ្ហា​ដំណោះស្រាយ​នៅ​តំបន់​មុំ​បី នៃ​ខេត្តព្រះវិហារ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា លើ​ចំណុច​«​ស​» នៃ​បន្ទាត់​ព្រំដែន​នេះ​។ បើតាម​លោក ម៉ៅ ផល្លា តំបន់​មុំ​បី ជា​ចំណុច​ដែល​មិនទាន់​មានការ​កំណត់ថា​ជា​របស់​អ្នកណា​ឡើយ​។​
អត្ថបទទាក់ទង

 
​កងទ័ព​ឡាវ មាន​គ្នា​ប្រមាណ​២០​នាក់ បាន​ចូលមក​កាន់កាប់​តំបន់​នេះ កាលពី​ថ្ងៃទី​១៤ ខែសីហា ដោយ​សំអាងថា តំបន់​នោះ​ជា​ទឹកដី​របស់​ពួកគេ​។​ក្រោយ​ទទួលបាន​ដំណឹង​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៤ សីហា ដោយ​ស្នើ​សុំឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​តំបន់​ព្រំដែន​នេះដែរ​។ តាមរយៈ​ការចរចា​គ្នា​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ឱ្យ​ភាគី​ឡាវ​ដកទ័ព​ចេញពី​តំបន់​មុំ​បី​នោះ ហើយ​កម្ពុជា​ក៏​ដក​កម្លាំង​ចេញ​ដូចគ្នា​ដែរ ដើម្បី​ទុកពេល​ចរចា​បន្តទៀត​៕
 

Tag:
 កងទ័ព​
  មុំ​បី​
  ឡាវ​
  ទឹកដី
© រក្សាសិទ្ធិដោយ thmeythmey.com