ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ស្នើ​ឲ្យ​វៀតណាម ជួយ​កងទ័ព​លើ​ជំនាញ​បញ្ជូន​សារ
28, Aug 2019 , 7:39 pm        
រូបភាព
ជំនួបរវាងលោក កុសល សុវណ្ណវិសាល (ស្តាំដៃ)​ និង លោក ឃុគ ដាំងទុន (រូបពីក្រសួងការពារជាតិ)
ជំនួបរវាងលោក កុសល សុវណ្ណវិសាល (ស្តាំដៃ)​ និង លោក ឃុគ ដាំងទុន (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ទោ កុសល សុវណ្ណ​វិសាល ប្រធាន​នាយកដ្ឋាន​បញ្ជូន​សារ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា ស្នើ​ទៅ​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃុ​គ ដាំង​ទុន (KHUC DANG TOAN) មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​វិទ្យុទាក់ទង​នៃ​កងទ័ព​វៀតណាម ឲ្យ​បន្ត​ជួយ​កងទ័ព​កម្ពុជា​លើ​ជំនាញ​បញ្ជូន​សារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ក្រសួងការពារជាតិ​កម្ពុ​ជា​។

 
​លោក ឃុ​គ ដាំង​ទុន និង គណៈប្រតិភូ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កុសល សុវណ្ណ​វិសាល កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​។ លោក បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តាំងពី​ថ្ងៃទី​២៦​មក ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ពន្យល់ថា ជំនាញ​បញ្ជូន​សារ​នេះ គឺ​សំដៅលើ​ការបញ្ជូន​ទិន្នន័យ ការ​ផ្តល់ព័ត៌មាន និង ការទាក់ទង​គ្នា​ជាសម្ងាត់​រវាង​យោធា​និង​យោធា តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ​។ លោក លើកឡើងថា ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​យោធា​ប្រើ ដូចជា ទូរស័ព្ទ និង បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ជាដើម គឺមាន​លក្ខណៈ​ខុសប្លែក​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​មនុស្ស​ទូទៅ​ប្រើ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា ដូចជា ទូរស័ព្ទ និង តេ​ឡេ​ក្រាម ដែល​យោធា​ប្រើ​ហ្នឹង មាន​លេខ​សម្ងាត់ ហើយ​គេ​ចាប់​អត់​បានទេ​»​។ 

ក្នុងជំនួប​នោះ លោក កុសល សុវណ្ណ​វិសាល ក៏បាន​ស្នើ​ឲ្យ​ជួយ​អង្គភាព​បញ្ជូន​សារ​របស់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ផងដែរ លើ​ការបណ្តុះបណ្តាល​ជំនាញ បច្ចេកទេស ឧបករណ៍ និង សម្ភារ ព្រមទាំង​សំណង់​អគារសិក្សា​ជំនាញ ដែល​ស្ថិតនៅ​តំបន់​ទន្លេ​កា​ទិល ក្នុង​ខេត្តកំពង់ស្ពឺ និង បណ្ដា​សាលា​បង្វឹក​ទ័ព​ដ​ទៃទៀត​របស់​កងយោធពល​ខេមរភូមិន្ទ ទៅតាម​អ្វីដែល​ភាគី​វៀតណាម «​ធ្លាប់បាន​ជួយ​រហូតមក​»​។ 
 
​បើតាម​ការផ្សាយ​របស់​ក្រសួងការពារជាតិ លោក ឃុ​គ ដាំង​ទុន បាន​តប​ទៅ​លោក កុសល សុវណ្ណ​វិសាល ថា លោក នឹង​យក​សំណើ​នេះ ទៅ​ដាក់ជូន​ថ្នាក់ដឹកនាំ​កងទ័ព​វៀតណាម ដើម្បី​ពិចារណា​។ លោក លើកឡើងថា បច្ចុប្បន្ន សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិទ្យុទាក់ទង​នៃ​កងទ័ព​វៀតណាម កំពុង​ជួយ​បណ្ដុះបណ្ដាល​ដល់​នាយទាហាន​ជាច្រើន​នាក់​របស់​កម្ពុជា លើ​ជំនាញ​ផ្នែក​វិទ្យុទាក់ទង​៕
 

Tag:
 កម្ពុជា​-​វៀតណាម​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com