អន្តរជាតិ
​ប៉េកាំង​ឈឺក្បាល​ដោយសារ​ចំនួន​អាពាហ៍ពិពាហ៍​ធ្លាក់ចុះ​១១​ឆ្នាំ​ជាប់ៗ​គ្នា​
28, Aug 2019 , 8:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ការ​រៀបការ​ក្នុងប្រទេស​ចិន បាន​ធ្លាក់ចុះ​ទាប​១១​ឆ្នាំ​ជាប់​គ្នា ដែល​បាន​បង្កបញ្ហា​ប្រឈម​បន្ថែម​ដល់​កិច្ចប្រឹងប្រែង​ពី​សំណាក់​ក្រុង​ប៉េកាំង​ក្នុងការ​ផ្តល់​សន្ទុះ​ដល់​កម្លាំង​សេដ្ឋកិច្ចជាតិ​។ ក្នុងនោះ គឺមាន​ការជំរុញ​ការចំណាយ​ក្នុងស្រុក​, ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព និង​ដោះស្រាយ​វិបត្តិ​ប្រជាសាស្ត្រ ដែល​កំពុង​ហ៊ុមព័ទ្ធ​ប្រជាជាតិ​អាស៊ី​មួយ​នេះ​។

 
​គូស្នេហ៍​ជនជាតិ​ចិន​ជាង​១០​លាន​គូ​ប៉ុណ្ណោះ បាន​រៀបការ​ក្នុង​ឆ្នាំ​២០១៨ ។ តួលេខ​នេះ ធ្លាក់ចុះ​ប្រមាណ ៤,៦​ភាគរយ ពី​ឆ្នាំ​២០១៧ ខណៈ​អត្រា​រៀបការ​ធ្លាក់ចុះ​ពី​៧,៧​គូ ក្នុង​មនុស្ស​មួយ​ពាន់​នាក់ កាលពី​ឆ្នាំ​២០១៧ មក​ត្រឹម​៧,៣​គូ ក្នុង​មនុស្ស​មួយ​ពាន់​នាក់ ក្នុង​ឆ្នាំ​២០១៨ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​កិច្ចការ​ស៊ីវិល​ចិន​។ និន្នាការ​នេះ បាន​បន្ត​ក្នុង​ពាក់កណ្តាល​ដើមឆ្នាំ​២០១៩​នេះ ដោយ​តួលេខ​ការរៀប​ការធ្លាក់ចុះ​៧,៧​ភាគរយ មក​ត្រឹម ៤,៩៨​លាន​គូ​។ 
 
​ការដាំ​ក្បាល​ចុះ​នៃ​អត្រា​ការរៀប​ការ កើតឡើង​ដោយសារតែ​យុវជន​ជំនាន់​ក្រោយ​សម្រេចចិត្ត​មិន​រៀបការ ដ្បិត​ពួកគេ​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ខណៈ​កំណើនសេដ្ឋកិច្ច​ចិន កំពុង​ធ្លាក់ចុះ​យឺត​។ គួបផ្សំ​ជាមួយនឹង​ការថយចុះ​នៃ​អត្រាកំណើត​ផង​នោះ ចិន​ដែលជា​ប្រជាជាតិ​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ និង​មាន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភពលោក កំពុង​ឈឺក្បាល​រក​ផ្លូវ​ដោះស្រាយ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​ចិន​លោក Liang Zhongtang ទម្លាក់កំហុស​លើ «​គោលនយោបាយ​កូន​តែមួយ​» របស់​ក្រុង​ប៉េកាំង ដែល​បណ្តាល​ឲ្យ​អត្រា​ការរៀប​ការធ្លាក់ចុះ​បែបនេះ​។ គោលនយោបាយ​ដ៏​តឹងរ៉ឹង​នេះ បានដាក់​ចេញ កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៥ ។  
 
​ទន្ទឹមគ្នានេះ បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ក៏​ជា​មូលហេតុ​ចម្បង​ផងដែរ​។ លោក Liang លើកឡើង​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ប្រជាជន​ចិន​ប្រមាណ ៣០០​លាន​នាក់  ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ព្រោះតែ​កត្តា​ប្រាក់បៀវត្ស​ទាប សន្តិសុខ​ការងារ​ខ្សោយ និង​កង្វះខាត​ការទទួលបាន​សេវា​សង្គម​នានា​។​
 
​ការព្រងើយកន្តើយ​ចំពោះ​ការ​រៀបការ​ក្នុងចំណោម​ប្រជាជន​វណ្ណៈ​កណ្តាល បង្កើតជា​បញ្ហា​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាខ្លាំង ដែល​កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​ជំរុញ​ការចំណាយ​ក្នុងស្រុក​។ ការជំរុញ​នេះដែរ ក៏មាន​គោលដៅ​ចម្បង​មួយទៀត គឺ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​ស្ថិរភាព​ឡើងវិញ ខណៈ​កំណើនសេដ្ឋកិច្ច​ចិន​ក្នុង​ត្រីមាស​ទី​២ ដើមឆ្នាំ​២០១៩​នេះ ស្មើនឹង ៦,២​ភាគរយ ដែលជា​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល ២៧​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ការរៀប​ការ​លក្ខ​ណៈធ​ម្ម​តា​របស់​ជនជាតិ​ចិន ត្រូវការ​ថ្លៃ​ចំណាយ​ច្រើន​សន្ធឹកសន្ធាប់​រួមមាន ការបញ្ជាទិញ​របស់រ​បរ​មានតម្លៃ​ថ្លៃ​ដូចជា​១​ថយ​ន្ត គ្រឿង​បរិក្ខារ​លំនៅដ្ឋាន និង​គ្រឿងអលង្ការ ព្រមទាំង​ការរៀបចំ​មង្គលការ ដំណើរ​កម្សាន្ត និង​ការបម្រើ​អាហារ​ហូបចុក​ផងដែរ​។ យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ឧស្សាហកម្ម Qianzhan ការចំណាយ​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ក្នុងប្រទេស​ចិន ត្រូវបាន​ប៉ាន់​ស្មានថា ស្មើនឹង ២៥៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។  
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការចំណាយ​ឯកជន ស្មើនឹង​ជាង ៦០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ក្នុង​ត្រីមាស​ទី​២ ដើមឆ្នាំ​២០១៩ ។ ការរួមចំណែក​ដ៏​ធំធេង​មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់បញ្ចូល​ក្នុង​កិច្ចប្រឹងប្រែង​ជំរុញ​កំណើនសេដ្ឋកិច្ច បន្ថែម​ពី​គំរូ​ការនាំចេញ និង​ការវិនិយោគ​។ ម្យ៉ាង​ដើម្បី​ទប់​ទល់នឹង​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាមេរិក  រដ្ឋាភិបាល​ក​ម្មុយ​នី​ស្ត​នេះ មានតែ​យក​ការចំណាយ​ក្នុងស្រុក​ខ្លាំង​របស់​ប្រជាជន​ខ្លួន​ជា​អាវុធ​។​
 
​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ការចំណាយ​ក្នុងស្រុក រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដូចជា កាត់​ពន្ធ​ចំណូល​ផ្ទាល់ខ្លួន និង​អនុវត្ត​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​ការបញ្ជាទិញ​ទំនិញ​មួយចំនួន​ផងដែរ កាលពី​ឆ្នាំមុន​។ ទោះជា​បែបនេះ​ក្តី សកម្មភាព​ទាំងនេះ ពុំទាន់​មាន​ឥទ្ធិពល​វិជ្ជមាន​ខ្លាំងក្លា​លើ​សេដ្ឋកិច្ច ដែល​កំពុង​ធ្លាក់ចុះ​យឺត​នៅឡើយ​ទេ​។​
 
​ដោយឡែក បញ្ហា​មួយទៀត ដែល​ត​ចេញពី​ការរៀប​ការធ្លាក់ចុះ​គឺថា អត្រាកំណើត​ថយចុះ ដែល​បង្កើតជា​សង្គម​មា​ន​ប្រជាជន​វ័យ​ចំណាស់​ច្រើន និង​កង្វះ​កម្លាំង​ពលកម្ម​។ ថ្វីបើ​រដ្ឋាភិបាល​ចិន បានធ្វើ​កំណែទម្រង់ «​គោលនយោបាយ​កូន​តែមួយ​» ក្នុង​ឆ្នាំ​២០១៦ ដែល​បើកផ្លូវ​ឲ្យ​ប្រជាជន​ចិន​អាចមាន​កូន​២​នាក់​វិញ បរិមាណ​ទារក​ទើប​កើត​ថ្មី​បាន​បន្ត​ធ្លាក់ចុះ ដោយមាន​ត្រឹម ១៥,២៣​លាន​នាក់​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៨ ។ តួលេខ​នេះ ទាប​បំផុត​ចាប់តាំងពី​ចិន​បាន​បោះបង់​គោលនយោបាយ​នេះ​មក​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ តួលេខ​នេះដែរ ក៏​ជា​អត្រាកំណើត​ផ្លូវការ​ទាប​បំផុត​ក្នុងប្រទេស​ចិន គិត​ចាប់ពី​ឆ្នាំ​១៩៦១​មក ដោយ​កាលនោះ​មាន​ត្រឹម ១១,៨១​លាន​នាក់​ប៉ុណ្ណោះ​។ កត្តា​ជាក់លាក់​មួយ​ដែល​ធ្វើ​ឲ្យ​អត្រាកំណើត​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ​១៩៦១​នេះ គឺ​ក៏​ព្រោះតែ​វា​ជា​ឆ្នាំ​ចុងក្រោយ​នៃ​វិបត្តិ​អត់ឃ្លាន​ក្នុងប្រទេស​ចិន ដោយមាន​មនុស្ស​រាប់លាន​ស្លាប់​ដោយសារ​ការអត់ឃ្លាន​៕
 

Tag:
 ចិន​
  ការរៀប​ការ​
  អត្រាកំណើត​
  ប​ញ្ហ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com