ជាតិ
​ឥទ្ធិពល​ព្យុះ «​ប៉ូ​ដុល​» បង្ក​ឲ្យ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន​រហូតដល់​ថ្ងៃទី​៣ ខែកញ្ញា​
28, Aug 2019 , 8:39 pm        
រូបភាព
​ដោយ​៖ សុផល រតនៈ​
 
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ដល់​ថ្ងៃទី​០៣ ខែកញ្ញា​នេះ នៅ​បណ្ដា​ខេត្ត​មួយចំនួន ពិសេស​ខេត្ត​ជាប់មាត់​សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។  ស្ថានភាព​អាកាសធាតុ​បែបនេះ ដោយសារ​ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​កម្ពុជា និង​ឥទ្ធិពល​ព្យុះ​ទី​១២ «​ប៉ូ​ដុល​» (Podul) ។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​


 
​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២៨ សីហា​នេះ បានចេញ​ព្យាករ​ថា ព្យុះ​ទី ១២ ឈ្មោះ «​ប៉ូ​ដុល​»  ក្រោយពី​ឆ្លងកាត់​នៅលើ​ហ្វីលីពីន​ភាគ​ខាងជើង បច្ចុប្បន្ន​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ បន្ទាប់មក​ព្យុះ​នេះ នឹងធ្វើ​ដំណើរ​តម្រង់​ទៅ​កោះ​ហៃណាំ​ភាគ​ខាងក្រោម មុននឹង​ទៅដល់​ភាគ​ខាងក្រោម​ហាណូយ រួច​ទើប​ថមថយ​ឥទ្ធិពល​ជា​បណ្ដើរៗ​ក្នុង​ទឹកដី​ឡាវ​។ 
 
​លក្ខណៈ​បែបនេះ ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ជាប់​តំបន់​មាន​សមុទ្រ​ដូចជា ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​បក់បោក​ខ្លាំង​។ ដោយឡែក ខេត្តកំពត កែប កំពង់ស្ពឺ តាកែវ កណ្ដាល និង​រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។ 
 
​បើតាម​ក្រសួង​ធនធានទឹក​ដដែល ខេត្ត​ដទៃទៀត នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទៅក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ក្នុងនោះ​មាន​ផ្នែក​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ជាមួយគ្នានេះ ក្រសួង​ធនធានទឹក សំណូមពរ​ឲ្យ​សាធារណជន មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង​ជំនន់ បណ្ដាលមកពី​ភ្លៀង​ខ្លាំង ក៏ដូចជា​ជំនន់​នៃ​ទន្លេមេគង្គ​ដែល​បន្ត​ហក់​ឡើង​៕

Tag:
 អាកាសធាតុ​
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com