កីឡាអន្តរជាតិ
អន្តរជាតិ
Bolton អាចត្រូវដកចេញពី League One ដូច Bury ប្រសិនរកម្ចាស់ថ្មីមិនទាន់ពេលកំណត់
× ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់អង់គ្លេស (EFL) បានបណ្តេញក្រុម Bury ចេញពីការប្រកួតប្រជែងក្នុងក្របខណ្ឌ League One រដូវកាលនេះ បន្ទាប់ពីការដេញថ្លៃកាន់កាប់ក្លិបនេះពីសំណាក់ក្រុមហ៊ុន C&N Sporting Risk បរាជ័យ។ Bolton Wanderers ក៏អាចមានវាសនាដូច Bury ដែរ ប៉ុន្តែត្រូវរង់ចាំលទ្ធផលនៅរយៈពេល១៤ថ្ងៃទៀត។
EFL បានអះអាងនៅថ្ងៃទី២៣ ខែសីហាថា ការដណ្តើមដេញថ្លៃកាន់កាប់ក្លិប Bury ត្រូវផុតកំណត់នៅថ្ងៃទី២៧ ខែសីហា ហើយបើមិនអាចរកម្ចាស់បានទេនោះក្លិបនេះនឹងត្រូវដកចេញពីការប្រកួត។ ក្រុមហ៊ុន C&N Sporting Risk បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញយកក្លិប Bury កាលពីព្រឹកថ្ងៃអង្គារទី២៧ សីហា ដោយគិតថាពួកគេគ្មានលទ្ធផភាពវិនិយោគក្លិបនេះឡើងវិញបាន។
សេចក្តីប្រកាសនៅលើវេបសាយផ្លូវការរបស់ EFL សរសេរដូច្នេះថា៖«ដោយបានពិចារណាយ៉ាងហ្មត់ចត់ពីគ្រប់លក្ខខណ្ឌទាំងអស់ EFL កំណត់ជាឯកច្ឆន្ទជាមួយនឹងការសោកស្តាយយ៉ាងខ្លាំង ក្នុងការសម្រេចដក Bury ចេញពី League One »។
Bury ជាក្រុមដំបូងបំផុត ដែល EFL ដកចេញពីការប្រកួតដោយសារគ្មានប្រាក់បើកឲ្យកីឡាករគ្រប់គ្រាន់ ចាប់តាំងពីក្រុម Maidstone ដែលមានលទ្ធផលបែបនេះនៅឆ្នាំ១៩៩២មក។
ចំណែក Bolton វិញក៏កំពុងដើរលើផ្លូវនេះដែរ ខណៈ EFL បានពន្យាពេលកំណត់រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងការរកម្ចាស់មកគ្រប់គ្រងក្លិបឲ្យស្របតាមតម្រូវការរបស់ ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់អង់គ្លេសមួយនេះ។ Bolton ជួបបញ្ហាខ្វះខាតប្រាក់ជាយូរមកហើយ ក្នុងនោះក្លិបថែមទាំងមិនអាចផ្តល់ប្រាក់ឈ្នួលដល់កីឡាករគ្រប់គ្រាន់ផងដែរ។
League One ដែលធ្លាប់តែមានក្រុមចូលរួមចំនួន២៤ ឥឡូវនៅសល់តែ២៣ប៉ុណ្ណោះ ក្រោយមិនអនុញ្ញាតឲ្យ Bury នៅបន្ត ហើយអាចនៅសល់តែ២២ក្រុមទៀត ប្រសិនបើ Bolton ត្រូវដកចេញនៅរដូវកាល ២០១៩-២០ នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com