អន្តរជាតិ
នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ពិចារណា​បិទ​ដែនអាកាស​មិន​ឲ្យ​យន្តហោះ​ឥណ្ឌា​ហោះ​កាត់​
28, Aug 2019 , 9:19 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan) កំពុង​ពិចារណា​បិទ​ដែនអាកាស​ទាំងស្រុង​សម្រាប់​ការហោះហើរ​ដោយ​យន្តហោះ​ឥណ្ឌា​ឥណ្ឌា និង​គិតគូរ​ផ្តាច់​ពាណិជ្ជកម្ម​ឥណ្ឌា​ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កាត់​តាម​ប៉ា​គី​ស្ថាន​នោះ ជា​ស្ថាពរ​។  នេះ​បើតាម​សម្តី​របស់​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ប៉ា​គី​ស្ថាន Fawad Chaudhry ។​


 
​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ប៉ា​គី​ស្ថាន Fawad Chaudhry បាន​សរសេរ​លើ Twitter នៅ​ថ្ងៃទី​២៧ ខែសីហា ថា នាយក​រដ្ឋ​ម​ន្រី្ត អ៊ី​ម​រ៉ា​ន់ ខាន់ កំពុង​ពិចារណា​លើ​ការបិទ​ដែនអាកាស​ទៅ​ប្រទេស​ឥណ្ឌា​ជា​ស្ថាពរ និង​ហាមឃាត់​ការប្រើ​ដី​ប៉ា​គី​ស្ថាន ជា​ផ្លូវ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ស្នើឡើង​ក្នុង​កិច្ច​ជំនួប​រវាង​រដ្ឋមន្ត្រី និង​ការគិតគូរ​ពី​លក្ខខណ្ឌ​ច្បាប់ កំពុងស្ថិត​នៅក្រោម​ការ​ពិចារណា​មុន​ចាប់ផ្ដើម​អនុវត្ត​។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​រូបនេះ មិនបាន​បញ្ចេញ​មូលហេតុ​ដែល​ប៉ា​គី​ស្ថាន​ពិចារណា​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ឡើយ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ប៉ា​គី​ស្ថាន ទើបតែ​បើក​ដែនអាកាស​របស់ខ្លួន​ឡើងវិញ​នៅ​ពាក់កណ្តាល​ខែកក្កដា បន្ទាប់ពី​ការបិទ​អស់​រយៈពេល​ជិត ៤​ខែ តាំងពី​ខែកុម្ភៈ ក្រោយពី​ការវាយប្រហារ រវាង​កងទ័ព​ប៉ា​គី​ស្ថាន ជាមួយ​កងទ័ព​ឥណ្ឌា​លើ​ជម្លោះ​កា​ស្មៀ​រ​។ ជាច្រើន​ខែ​ដែល​ស្ថិតក្រោម​ការដាក់​កម្រិត ការហោះហើរ​ជាច្រើន បង្ខំចិត្ត​ហោះហើរ​តាមផ្លូវ​វាង​ឆ្ងាយ ដែល​ចំណាយ​អស់​រាប់លាន​ដុល្លារ​។​
 
​ប៉ា​គី​ស្ថាន និង​ឥណ្ឌា បាន​វាយប្រហារ​តាម​អាកាស​នៅលើ​ទឹកដី​របស់​គ្នា​រៀងៗ​ខ្លួន ខណៈដែល​យន្តហោះ​ចម្បាំង​ប្រទេស​ទាំងពីរ ក៏បាន​តទល់​គ្នា​នៅ​តំបន់​កា​ស្មៀ​រ​ដែលមាន​ជម្លោះ​។ ក្នុងនោះ យន្តហោះ​ចម្បាំង​ឥណ្ឌា​មួយគ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​យោធា​ប៉ា​គី​ស្ថាន​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com