ជាតិ
ក្រុមហ៊ុន​ល្បីៗ​៤០ នឹង​ផ្ដល់​លុយ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​អាស៊ីអាគ្នេយ៍​
28, Aug 2019 , 4:34 pm        
រូបភាព
រូបថតពី Alliance To End Plastic Waste
រូបថតពី Alliance To End Plastic Waste
​បាងកក​៖ ក្រុមហ៊ុន​ល្បីឈ្មោះ​លើ​ពិភពលោក​ចំនួន​៤០ បាន​សន្យា​រួមវិភាគទាន​ទឹកប្រាក់​ចំនួន​ជាង​មួយ​ពាន់​លាន​ដុល្លារ ជាមួយនឹង​គោលដៅ​វិនិយោគ​ទឹកប្រាក់​ជាច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​បា​ស្ទិ​កនៅ​អាស៊ីអាគ្នេយ៍​។ ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​មកពី​អាស៊ី អាមេរិក អាហ្វ្រិក និង​អឺរ៉ុប​នេះ ធ្វើឡើង​ស្របពេល​ដែល​បញ្ហា​កាកសំណល់​បា​ស្ទិ​ក ជា​ក្លាយជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់ និង​សាកលលោក​ផងដែរ​។

 
​ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក​មក​ខ្សែសង្វាក់​ផលិតកម្ម​ចម្រុះ​គ្នា រួមទាំង​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី និង​ប្លា​ស្ទិ​ក​ផង​នោះ នៅ​ថ្ងៃទី​២៧ ខែសីហា បាន​បើក​វេទិកា «​សម្ព័ន្ធភាព​ដើម្បី​លុបបំបាត់​សំណល់​ប្លា​ស្ទិ​ក (AEPW)» ជា​លើកដំបូង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​របស់​អាស៊ីអាគ្នេយ៍ ។ AEPW តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន ៤០ ដែលមាន​មូលដ្ឋាន​នៅ​ទ្វីបអាមេរិក​, អឺរ៉ុប​, អាហ្វ្រិក​, មជ្ឈិមបូព៌ា​, និង​អាស៊ី ។ ក្នុងចំណោម​នេះ ក្រុមហ៊ុន​ជាច្រើន បាន​រកស៊ី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 



​នា​វេទិកា​ដំបូង​របស់ខ្លួន សម្ព័ន្ធភាព​អន្តរជាតិ​នេះ បាន​សន្យា​ផ្ដល់​មូលនិធិ​ជិត​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក រួមជាមួយ​នឹង​គោលដៅ​វិនិយោគ​ទឹកប្រាក់​១,៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ​បន្ទាប់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​កាត់បន្ថយ និង​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក ក៏ដូចជា​ជំរុញ​ការបង្កើត​ដំណោះស្រាយ​នៅក្រោយពេល​ប្រើប្រាស់ ។ គោលដៅ​សំខាន់​របស់ AEPW គឺ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​តម្រូវការ​ច្រើន​លើ​ការដោះស្រាយ​បញ្ហា​សំណល់​មួយ​នេះ​។ 
 
​លោក Jim Seward តំណាង​សម្ព័ន្ធ AEPW និយាយថា បញ្ហា​សំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ពិភពលោក ហើយ​ពេលនេះ គឺជា​ពេលវេលា​ដែល​ត្រូវធ្វើ​សកម្មភាព​ហើយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​នេះ​ឲ្យ​ជោគជ័យ តំណាង AEPW រូបនេះ កិច្ចសហប្រតិបត្តិការ និង​កិច្ចប្រឹងប្រែង​ដែលមាន​ការសម្របសម្រួល​មួយ មកពី​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​សម្រេចបាន​លទ្ធផល​និង​ជោគជ័យ​ដែលមាន​និរន្តរភាព​។​



​លោក Cholanat Yanaranop អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន SCG ដែល​រៀបចំ​វេទិកា​ខាងលើ លើកឡើង​ពី​បរិមាណ​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​ចំនួន​៦០​ភាគរយ ដែលមាន​ប្រភព​ចេញ​មកពី​ប្រទេស​ចំនួន ៥ នៅក្នុង​អាស៊ីអាគ្នេយ៍​។ មន្ត្រីជាន់ខ្ពស់​ក្រុម​ហ៊ុ​នេ​ក​ជន​ដ៏​ធំ​របស់​ថៃ​មួយ​បន្តថា នេះ​គឺជា​បញ្ហា​ប្រភព​ដ៏​ធ្ងន់ធ្ងរ​របស់​ពិភពលោក ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើសកម្មភាព​បន្ទាន់ និង​ការដឹកនាំ​រឹងមាំ​សម្រាប់​សកម្មភាព​នេះ​។​
 
​អំឡុងពេល​វេទិកា​ដដែល​នេះ សម្ព័ន្ធ AEPW បានដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ជួយ​លុបបំបាត់​សំណល់​ប្លា​ស្ទិ​ក​នេះ​ដូចជា ការបង្កើត​ភាពជា​ដៃគូ​ជាមួយ​ទីក្រុង​នានា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​សំណល់​ចម្រុះ នៅតាម​ទីក្រុង​ធំៗ ដែល​ពុំទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​។ លើសពីនោះ ការជំរុញ​បច្ចេកវិទ្យា គំរូ​ធុរកិច្ច និង​សហគ្រិន ដើម្បី​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​ហូរ​ទៅក្នុង​សមុទ្រ ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ ខណៈ​ការបង្កើត​ប្រព័ន្ធ​ទិន្នន័យ​សេរី ដើម្បី​ផ្ដល់ព័ត៌មាន​មានតម្លៃ​អំពី​ប្រភព ទីកន្លែង និង​ទម្រង់​នៃ​សំណល់​ប្លា​ស្ទិ​ក នឹង​ជួយ​គាំទ្រ​ដល់​គម្រោង​គ្រប់គ្រង​សំណល់​ប្រភេទ​នេះ​។​
 
​ក្រុមហ៊ុន​ល្បីឈ្មោះ​របស់​ពិភពលោក​ដូចជា ExxonMobil, Mitsubishi Chemical Holdings, Shell, SCG Chemicals, Sumitomo Chemical, PepsiCo និង Sinopec ជា​សមាជិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​៕ 



Tag:
 ថៃ​
  អាស៊ាន​
  AEPW
© រក្សាសិទ្ធិដោយ thmeythmey.com