អន្តរជាតិ
ជប៉ុន ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ទុកចិត្ត​ជា​ផ្លូវការ​
29, Aug 2019 , 7:59 am        
រូបភាព
នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួប APEC ។ រូបភាព Kyodo
នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួប APEC ។ រូបភាព Kyodo
​ដោយ៖ ងួន សុ​ភាវ​ត្តី 
 
​នៅ​ថ្ងៃទី​២៨ ខែសីហា ជប៉ុន បាន​ដកកូរ៉េខាងត្បូង​ចេញពី​បញ្ជី​នៃ​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុក​ចិត្តជា​ផ្លូវការ​ហើយ​។ ការបោះ​ជំហាន​របស់​ជ​ប៉ុន នឹងធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​កាន់តែ​ចម្រូងចម្រាស​ថែមទៀត​។


 
២៦​ថ្ងៃក្រោយ​ការសម្រេចចិត្ត​របស់​គ​ណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៨ ខែសីហា ការដក​កូរ៉េខាងត្បូង​ចេញពី «​បញ្ជី​ស​» នៃ​ដៃគូ​ពាណិជ្ជកម្ម ចូល​ជា​ធរមាន​ហើយ ទោះ​មានការ​អំពាវនាវ​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក្ដី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ 
 
​កូរ៉េខាងត្បូង​មើលឃើញ​សកម្មភាព​នេះ​ថា ជាការ​សងសឹក​នយោបាយ​សម្រាប់​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​របស់ខ្លួន​កាលពី​ឆ្នាំមុន ប្រឆាំងនឹង​ក្រុមហ៊ុន​ជប៉ុន​លើ​ការបង្ខំ​ឲ្យ​ប្រជាជន​កូរ៉េ​ធ្វើការ​នៅ​សម័យ​អាណានិគម​។​
 
​គេ​រំពឹងថា​ក្រុង​សេ​អ៊ូ​ល​នឹងធ្វើ​ការតវ៉ា​ជា​ផ្លូវការ​ជុំវិញ​ការដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​នេះ ដែល​ខ្លួន​អះអាងថា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​គោលការណ៍​ពាណិជ្ជកម្ម​សេរី​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចពិភពលោក​។ កូរ៉េខាងត្បូង​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ទាំង ២៧ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ស​របស់​ជប៉ុន ដែល​មិនចាំបាច់​ឆ្លងកាត់​ការត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​ក្នុងការ​នាំចេញ​មុខទំនិញ​យុទ្ធសាស្ត្រ​ជាង ១១០០ ។ 
 
​ការដកហូត​នេះ ជា​វិធានការ​បន្ថែម​របស់​ក្រុង​តូ​ក្យូ​លើ​ចំណាត់ការ​នៅក្នុង​ខែកក្កដា​ដែល​ការ​រឹតបន្តឹង​កាន់តែ​តឹងរឹង​លើ​ការនាំ​ចេញទៅ​ប្រទេស​កូរ៉េ​នូវ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ខ្ពស់​ចំនួន ៣ ដែល​ចាំបាច់​ក្នុងការ​ផលិត​អេ​ឡិច​ត្រូ​និ​ច​និង​អេក្រង់​។​
 
​ទីក្រុង​តូ​ក្យូ​បកស្រាយ​ថា វិធានការ​រឹតត្បិត​ពាណិជ្ជ​កម្មនេះ ជា​ផ្នែក​មួយ​នៃ​ការគ្រប់គ្រង​របប​នាំចេញ​ស្របច្បាប់​របស់ខ្លួន និង​បាន​បដិសេធ​ការអះអាង​របស់​ក្រុង​សេ​អ៊ូ​ល​ថា ជាការ​សងសឹក​នយោបាយ​។ ឯ​រឿង​ការបង្ខំ​ជនជាតិ​កូរ៉េខាងត្បូង​វិញ ជប៉ុន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា ត្រូវបាន​ដោះស្រាយ​ក្រោម​សន្ធិសញ្ញា​រដ្ឋ​មួយឆ្នាំ ១៩៦៥​រួចមកហើយ​។​
​កាលពី​សប្តាហ៍​មុន ទីក្រុង​សេ​អ៊ូ​ល​បានប្រកាស​ការសម្រេចរ​បស់​ខ្លួន​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ដែល​ហៅថា​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​យោធា (GSOMIA) ដែលជា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខរ​ក៏​កម្រ​វាង​ប្រទេស​ទាំងពីរ​។​
 
​ការ​ភាពល្អក់​កករ​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ បានធ្វើឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​លំបាក​មួយ​។ សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ពង្រឹង​សម្ព័ន្ធភាព​ក្នុង​តំបន់​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​របស់​ចិន​និង​ពី​យោធា​របស់​ប្រទេស​កូរ៉េខាងជើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com