អន្តរជាតិ
អាមេរិក នៅតែ​ចង់​ជួយ​ដោះស្រាយ​ទំនាស់​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​
28, Aug 2019 , 9:59 pm        
រូបភាព
​ក្រសួងការបរទេស​អា​មេ​រិ​កនៅ​ថ្ងៃទី​២៧ ខែសីហា និយាយថា​ទីក្រុង​វ៉ាស៊ីនតោន នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ជួយ​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងការ​ដោះស្រាយ​ជម្លោះ បើទោះបីជា​បរាជ័យ​ក្នុងការ​ចូលខ្លួន​មក​ដោះស្រាយ​ប៉ុន្មាន​លើក​មកហើយ​ក៏ដោយ​។ ការអះអាង​របស់​អាមេរិក​បែបនេះ ស្រប​ពេលដែល​ទំនាស់​ពាណិជ្ជកម្ម​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​សេ​អ៊ូ​ល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​


 
​សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន ត្រូវតែ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ នេះ​ជាការ​លើកឡើង​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​អ្នក​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Yonhap ។ អ្នកនាំពាក្យ​ដដែល​បន្តថា ក្នុងនាម​អាមេរិក​ជា​មិត្ត និង​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង និង​ជប៉ុន អាមេរិក​គាំទ្រ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹង​ប្រឹង ក្នុងការ​ដោះស្រាយ​បញ្ហា​។ 
 
​ជា​ការពិត​ជម្លោះ​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​តូ​ក្យូ ធ្វើអោយ​អាមេរិក​ឈឺក្បាល​យ៉ាងខ្លាំង ដោយសារ​វា​ធ្វើអោយ​សហប្រតិបត្តិការ​សន្តិសុខ​ត្រីភាគី​រង​ភាពផុយស្រួយ ស្របពេល​ត្រូវ​ប្រឈម​មុននឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង និង​ចិន​។ 
 
​ដោយ​ប្រើប្រាស់​ឈ្មោះ​កាត់​ជា​ផ្លូវការ​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​កូរ៉េ​ចំៗ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​អះអាងថា​៖« ក្នុងនាម​ជា​សម្ព័ន្ធមិត្ត និង​ជា​មិត្ត​របស់​ប្រទេស​ទាំងពីរ អាមេរិក​ជឿថា​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ប្រាកដថា​អាច​រក្សា​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ជិតស្និត​រវាង​ប្រទេស​ទាំងបី​។ ជាពិសេស​គឺ​ដើម្បី​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ក្នុង​តំបន់ ក្នុងនោះ​រួមមាន​កូរ៉េខាងជើង នៅក្នុង​តំបន់ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​នៅ​ជុំវិញ​ពិភពលោក​»​។​
 
​ទាក់ទង​ទៅនឹង​បញ្ហា​នេះ ភាគី​អាមេរិក​នៅតែ​បន្ត​គាំទ្រ​ឲ្យ​ភាគី​ទាំងពីរ​នៅតែ​រក្សា​ការដោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ចចរចា និង​សន្តិវិធី​។ 
 
​សូមបញ្ជាក់ថា កាលពី​ដើមខែ​កន្លងមកនេះ ជប៉ុន​បានសម្រេច​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូរ​ពាណិជ្ជកម្ម​ដែល​គួរ​ឲ្យ​ទុកចិត្តបាន ហើយ​ការសម្រេចចិត្ត​បែបនេះ​ទៀតសោត ត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃ​ពុធ​។ មែនទែនទៅ​ភាព​តាន​តឺង​រវាង​ប្រទេស​ទាំងពីរ គឺ​ឡើង​ខ្ពស់​ទៅហើយ ដោយសារតែ​សាលក្រម​របស់​កូរ៉េខាងត្បូង ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ឈានទៅដល់​បញ្ចប់​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​យោធា​។ យ៉ាងណាមិញ ទោះបីជា​មានការ​ផ្សះផ្សា​ពី​អាមេរិក​ប៉ុន្មាន​លើក​មក​យ៉ាងណាក៏ដោយ ក៏​វា​នៅតែ​អត់​បានការ​ដដែល​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com