យុ​វ​ជន​ជនជាតិ​គ្រឹ​ង ទំពួន កា​វ៉ែត​... បណ្ដុំ​គ្នា​គិតគូរ​ពី​វប្បធម៌​-​ប្រពៃណី​ដូនតា ដែល​ប្រឈម​នឹង​បាត់បង់​
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
យុ​វ​ជន​ជនជាតិ​គ្រឹ​ង ទំពួន កា​វ៉ែត​... បណ្ដុំ​គ្នា​គិតគូរ​ពី​វប្បធម៌​-​ប្រពៃណី​ដូនតា ដែល​ប្រឈម​នឹង​បាត់បង់​
28, Aug 2019 , 5:19 pm        
រូបភាព
​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគម​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)
​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគម​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)
​ភ្នំពេញ​៖ យុវជន​ជនជាតិដើម​ភាគតិច​គ្រឹ​ង​, ទំពួន​, ព្រៅ​, កា​វ៉ែត​, ចា​រ៉ា​យ និង​កាចក់ ប្រមាណ​៥០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​រៀបចំ​ពិ​ព័រ​ណ៌​វប្បធម៌​ប្រពៃណី​ដូនតា ខណៈពេលដែល​យុវជន​ទាំងនោះ​មើលឃើញ​ពីការ​ធ្លាក់ចុះ​នៃ​វប្បធម៌​ប្រពៃ​ណ​​ជនជាតិដើម​ភាគតិច​របស់ខ្លួន ដែល​កំពុង​ប្រឈម​នឹង​បាត់បង់​។ ពិព័រណ៍​នេះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ទិវា​«​អន្តរជាតិ​ជនជាតិដើម​ភា​គតិ​ពិភពលោក​» ដែល​បាន​ប្រារព្ធ​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ខេត្តរតនគិរី ក្នុង​គោលបំណង​ថែរក្សា​, អភិរក្ស និង​ផ្សព្វផ្សាយ នូវ​អត្តសញ្ញាណ​នៃ​ជនជាតិដើម​ភាគតិច​។​

 
«​ការវិវត្ត​នៃ​សកលភាវូបនីយកម្ម​, សម្ភារ​និយម​, ក្មេង​ទំនើង​, ការប្រើប្រាស់​គ្រឿងញៀន និង​ការរើសអើង​ជនជាតិដើម​ភាគតិច​នៅ​ទីសាធារណ គឺជា​ហេតុ​ធ្វើ​ឲ្យ​យុវ​ជនជាតិដើម​ភាគតិច​មិន​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ​របស់ខ្លួន​នៅ​ទីសាធារណ​»​។ នេះ​ជាការ​លើកឡើង​របស់​យុវជន​ជនជាតិដើម​ភាគតិច​គ្រឹ​ង រិទ្ធី វីរៈ ដែល​កំពុងធ្វើការ​ងារ​ជាមួយ​ជនជាតិដើម​ភាគតិច ​នៅ​ខេត្តរតនគិរី ក្នុងនាម​លោក​ជា​មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)​។ ជនជាតិដើម​ភាគតិច​ទាំងនោះ​មានដូចជា ជនជាតិ​គ្រឹ​ង​, ទំពួន​, ព្រៅ​, កា​វ៉ែត​, ចា​រ៉ា​យ និង​កាចក់​។​


បញ្ហា​ប្រឈម​មួយចំនួនទៀត​ត្រូវបាន​លោក វីរៈ ឲ្យ​ដឹងថា មកពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​មួយចំនួន ដែល​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​និង​ព្រៃឈើ​សហគមន៍ ខណៈពេលដែល​ជនជាតិដើម​ភាគតិច​ទាំងនោះ ប្រកប​របរ​អាស្រ័យ​ផល​ដោយ​ពឹងផ្អែក​លើក​ធនធានធម្មជាតិ​។ បញ្ហា​នេះ ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​ព្រៃ​អ្នកតា ដែលជា​ជំនឿ​ង​របស់​ជនជាតិដើម​ភាគតិច​ផងដែរ​។​
 

[​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគម​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)] 
 
​ទន្ទឹមនឹងនេះ យុវជន​ជនជាតិដើម​ភាគតិច​មួយចំនួន មិន​យល់ដឹង​អំពី​វប្បធម៌ ប្រពៃណី​របស់ខ្លួន​ច្បាស់ ហើយ​មិនសូវ​ឲ្យ​តម្លៃ​ទៀត ស្រប​ពេលដែល​ឪពុកម្តាយ​របស់​ពួកគាត់ ក៏​ពុំ​សូវ​បាន​យកចិត្តទុកដាក់​អប់រំ​ណែនាំ​កូន​ឲ្យ​យល់ដឹង​ឲ្យ​បាន​ស៊ីជម្រៅ​ពី​តម្លៃ​វប្បធម៌ ប្រពៃណី​របស់​ដូនតា​ខ្លួន ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​វប្បធម៌​ប្រពៃណី​របស់​ពួកគាត់​បាត់បង់​ប​ន្តិ​ត​ម្តងៗ​ផងដែរ​។ នេះ​ជាការ​អះអាង​របស់លោក រិទ្ធី វីរៈ ជនជាតិដើម​ភាគតិច​គ្រឹ​ង​នៃ​ខេត្តរតនគិរី​។ 


[​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)]

​បញ្ហា​ប្រឈម​ទាំងនេះ ត្រូវបាន​លោក វីរៈ វ័យ​២៧​ឆ្នាំ ដែលជា​យុវជន​បង្គោល​ក្នុងការ​កៀងគរ​យុវជន​ជនជាតិដើម​ភាគតិច​ពី​សហគមន៍​ផ្សេងៗ មក​គិតគូរ​ថែរក្សា​វប្បធម៌ ប្រពៃណី ដែលជា​អត្តសញ្ញាណ​របស់ខ្លួន​ឡើងវិញ​។ រូបភាព​នៃ​ការលើកស្ទួយ​វប្បធម៌​ប្រពៃណី​ដូនតា​នេះ ត្រូវបាន​យុវជន​ជនជាតិដើម​ភាគតិច​ចម្រុះ​គ្នា​ប្រមាណ​៥០​នាក់ រៀបចំ​ជាការ​តាំងពិព័រណ៍​ដោយមាន​ជា​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​, បន្លែ​ផ្លែឈើ​, ម្ហូប​អារ​ហារ​, សម្លៀកបំពាក់​, ចម្រៀង​របាំ​ព្រ​ពៃ​ណី​, ការលេង​ល្បែង​ប្រជាប្រិយ និង​ការ​សែនព្រេន​ផ្សេងៗ​។ 


[​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគម​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)] 
  
​ការតាំងពិព័រណ៍​​រៀបចំ​ក្នុង​កម្មវិធី​ទិវា​«​អន្តរជាតិ​ជនជាតិដើម​ភា​គតិ​ពិភពលោក​» លើកទី២៥ និងលើកទី១៥ នៅកម្ពុជា ដែលក្រុមយុវជនស្នើសុំការគាំទ្រពីអង្គការ CIYA, CIPO, CIPL, LICADHO និងគណៈកម្មការបឹងយក្សឡោម ត្រូវបាន​ប្រារព្ធ​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី  ក្នុង​គោលបំណង​ថែរក្សា អភិរក្ស និង​ផ្សព្វផ្សាយ​នូវ​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​។ លោក រិទ្ធី វីរៈ ជនជាតិដើម​ភាគតិច​គ្រឹ​ង គូសបញ្ជាក់​ប្រាប់ ThmeyThmey 25 ថា​៖«​បន្ទាប់ពី​មានការ​រៀបចំ​កម្មវិធី​បុណ្យទាន​តាម​សហគមន៍​, ព្រឹត្តិការ​មួយចំនួន និង​មានការ​ចូលរួម​ពី​អង្គការ​ជា​ដៃគូ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ផង យើង​ឃើញ​យុវជន ចាប់ផ្តើម​ផុសផុល​ជា​បន្តបន្ទាប់ ទាំង​ការប្រើប្រាស់​ភាសា​, ការ​ស្លៀកពាក់ និង​ប្រតិបត្តិ​តាម​វប្បធម៌ ប្រពៃណី​ខ្លួនឯង​ឡើងវិញ​។​


[​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)]

​ការរៀបចំ​ពិព័រណ៍​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​ដូនតា​ជនជាតិដើម​ភាគតិច ដែល​ប្រារព្ធ​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ មាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ នេះ ក៏បាន​បំផុស​ស្មា​រី​តី​យុវជន​ជ​តិ​ដើម​ភាគតិច​ទាំងនោះ ឲ្យ​មើលឃើញ​ពី​តម្លៃ​នៃ​វប្បធម៌ ប្រពៃណី​របស់​ពួកគាត់ ដែល​ប្រឈម​នឹង​បាត់បង់​នៅ​លើដី​កំណើត​ផងដែរ​។​


[​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ​ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)]

​យុវជន​ជនជាតិដើម​ភាគតិច​គ្រឹ​ង រិទ្ធី វីរៈ ជា​មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគម​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA) ផង​នោះ ក៏​សំណូមពរ​ដល់​ជនជាតិដើម​ភាគតិច​ឲ្យ​ចូលរួមចំណែក​ទាំងអស់​គ្នា ក្នុង​ការគោរព​ផ្ដល់​តម្លៃ និង​ប្រតិបត្តិ​នូវ​ភាសា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដីធ្លី ព្រៃឈើ​របស់ខ្លួន ហើយ​ចាស់ទុំ​ត្រូវ​បង្ហាត់បង្រៀន​ដល់​ក្មេងជំនាន់ក្រោយ​ផងដែរ​។ ទន្ទឹមនឹងនេះ​លោក វីរៈ ក៏​ស្នើសុំ​ដល់​សាធារណជន​កុំ​ឲ្យ​រើសអើង​ជនជាតិដើម​ភាគតិច និង​ចូល​រួមទាំង​ថែរក្សា​នូវ​វប្បធម៌​មួយ​នេះ ហើយ​យុវ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​នៃ​ខេត្តរតនគិរី វ័យ​២៧​ឆ្នាំ រិទ្ធី វីរៈ ក៏​អំពាវនាវ​សុំ​ការគាំទ្រ​ថវិកា​ពី​អង្គការ​សង្គម​ស៊ីវិល និង​សុំ​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​កម្មវិធី​នេះ​ជា​បន្តទៀត​៕

[​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)]

© រក្សាសិទ្ធិដោយ thmeythmey.com