អន្តរជាតិ
ប៉េ​រូ​៖ បុរាណ​វិទូ បាន​រកឃើញ​រណ្ដៅ​សាកសព​ក្មេង​ជាង​២០០​នាក់​
29, Aug 2019 , 8:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ៖ ងួន សុ​ភាវ​ត្តី​
 
​បុរាណ​វិទូ​នៅ​ប៉េ​រូ បាន​និយាយថា​សាកសព​ក្មេង​២២៧​នាក់ ត្រូវបាន​រកឃើញ​នៅក្រោម​ដី ដែល​សាកសព​ទាំងនេះ​ត្រូវបាន​គេ​ជឿថា ជា​គ្រឿង​បូជា​ក្នុង​ពិធី​បូជាយញ្ញ​នៃ​វប្បធម៌​ជនជាតិ​Chimu​។ បើ​យោងតាម​បុរាណ​វិទូ នេះ​គឺជា​ការបូជា​ក្មេង​ច្រើន​បំផុត​ដែល​ពួកគេ​បាន​រកឃើញ​។​


 
​អ្នក​បុរាណ​វិទូ​បានចាប់ផ្តើម​ជីក​រក​សាកសព​ទាំងនេះ​តាំងពី​ឆ្នាំមុន​មក​ម្លេះ​នៅ​តំបន់ឆ្នេរ​ទេសចរណ៍ Huanchaco ដែល​នៅ​ខាងជើង​នៃ​រដ្ឋធានី​លី​ម៉ា​។ យោងតាម​ប្រធាន​បុរាណ​វិទូ​លោក Feren Castillo បាន​ប្រាប់​ទី​ស្នាក់​ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២៧ ខែសីហា​ថា នេះ​ជា​កន្លែង​ដែល​ធំ​បំផុត​ដែល​សាកសព​ក្មេង​ជាច្រើន​នាក់​ត្រូវបាន​រកឃើញ​។ 
 
​លោក Castillo បាន​បន្តថា ក្មេង​អាយុ​ចន្លោះ​ពី​៤​ទៅ​១៤​ឆ្នាំ​ត្រូវបាន​ចាប់​យកទៅ​បូជា​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ក្នុង​វប្បធម៌ Chimu នេះ​។ ពួកគេ​ត្រូវបាន​បូជា​ក្នុង​បាតុភូត El Nino​។ បើតាម​បុរាណ​វិទូ​រូបនេះ ប្រហែលជា​នៅមាន​សាកសព​មួយចំនួនទៀត​ដែល​អាច​នឹង​រកឃើញ​បន្ថែម​។ 
 
​សាកសព​ដែល​បាន​រកឃើញ​ទាំងនេះ​គឺ​សុទ្ធតែ​បែរមុខ​រក​សមុទ្រ ហើយ​សាកសព​ខ្លះទៀត​គឺ​នៅមាន​សក់​និង​ស្បែក​នៅជាប់​ខ្លួន​នៅឡើយ​។ តំបន់ Huanchaco គឺជា​កន្លែង​ដែល​បាន​កប់​សាកសព​ក្មេង​ជាច្រើន​នៅ​ចន្លោះពេល​ឆ្នាំ​1200 និង 1400​។ នេះ​ជា​ពេលដែល​វប្បធម៌ Chimu ឈានដល់​ចំណុចកំពូល​។ 
 
​ក្រុម​អ្នក​បុរាណ​វិទូ​បាន​រកឃើញ​សាកសព​ដំបូង​នៅ​ទីក្រុង Pampa la Cruz ក្នុង​ខែមិថុនា ឆ្នាំ​២០១៨​។ បន្ទាប់ពីនោះ គេ​ក៏បាន​រកឃើញ​សាកសព​៥៦​នាក់​បន្ថែមទៀត​។ នៅ​ទីក្រុង Huanchaquito ដែល​នៅ​ជិត​ទីក្រុង Pampa la Cruz បុរាណ​វិទូ​ក៏បាន​រកឃើញ​សាកសព​ក្មេង​១៤០​នាក់​និង​សត្វ llamas ជាង​២០០​ក្បាល​ផ្សេងទៀត ដែល​ប្រទះឃើញ​កាលពី​ខែមេសា ឆ្នាំ​២០១៨​។​
 
​គួរ​រំលឹក​ដែរ​ថា អរិយធម៌ Chimu នេះ​ត្រូវបាន​លិច​បាត់​ទៅវិញ​នៅ​ឆ្នាំ​១៤៧៥​ដោយសារ​ការចូល​លុក​លុយ​របស់​អាណាចក្រ Inca ៕

© រក្សាសិទ្ធិដោយ thmeythmey.com