អន្តរជាតិ
ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​ចោទ ណា​ជីប រំលោភ​អំណាច​បិទបាំង​រឿង​លួច​លុយ​ជាតិ​
28, Aug 2019 , 10:39 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់
ដោយ:
​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី បាន​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ថា បាន​រំលោភ​អំណាច បិទបាំង​រឿង​លួច​លុយ​រាប់លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ 1MDB ហើយ​លោក​ក៏បាន​យកលុយ​ទាំងនោះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

 
​នៅ​ថ្ងៃ​ពុធ​ទី ២៨ សីហា ដែលជា​ថ្ងៃ​បើកសវនាការ​ក្នុង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​កក្រើក​ម៉ាឡេស៊ី 1MDB ព្រះរាជ​អាជ្ញាធរ​ម៉ាឡេស៊ី Gopal Sri Ram បាន​និយាយថា លោក ណា​ជីប បាន​ប្រើ​តួនាទី​កំពូល​លោក​ជា​នាយករដ្ឋមន្ត្រី​គេចវេះ​ពី​សំណាញ់​ច្បាប់ ជាពិសេស​គឺ ក្រោយ​បែកធ្លាយ​ព័ត៌មាន​ជុំវិញ​រឿងអាស្រូវ​លួច​លុយ​ជាតិ កាលពី​ខែកក្កដា ឆ្នាំ​២០១៥​។  
 
​ប្រាប់​តុលាការ​កំពូល​ក្រុង​កូ​ឡា​ឡាំ​ពួ លោក Gopal លើកឡើងថា លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប បាន​លូកដៃ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​លើ​ករណី​រឿងអាស្រូវ 1MDB ដោយ​ប្រើ​រាល់​មធ្យោបាយ​ទាំងអស់​ដើម្បី​បិទបាំង​អំពើ​ឧក្រិដ្ឋកម្ម​របស់លោក​។  នេះ​បើតាម​ការចុះផ្សាយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។​
 
​និយាយ​ដល់​រឿងអាស្រូវ​នោះ អាជ្ញាធរ​មា​៉​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក អះអាងថា លុយ​ប្រមាណ ៤,៥​ពាន់​លាន​ដុល្លារ ត្រូវបាន​កេងប្រវ័ញ្ច​ចេញពី​កម្មវិធី​អភិវឌ្ឍន៍ 1MDB ដែលជា​មូលនិធិ​រដ្ឋ បង្កើតឡើង​ដោយ​លោក ណា​ជីប ក្នុង​ឆ្នាំ​២០០៩​។ 
 
​ក្រោយ​ចាញ់ឈ្នះ អស់តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៨ លោក ណា​ជីប ត្រូវបាន​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៤២​ករណី ពាក់ព័ន្ធ​នឹង​ការបាត់​បង់លុយ​ក្នុង​មូលនិធិ 1MDB និង​ស្ថាប័នរដ្ឋ​ផ្សេងទៀត​។ ទោះជា​បែបនេះ​ក្តី លោក បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ដោយ​បកស្រាយ​ថា ការចោទប្រកាន់​ប្រឆាំង​លោក​ទាំងអស់ មាន​ចរិត​នយោបាយ​។ 
 
​ក្នុង​សវនាការ​លើក​ទី​២ នៅ​ថ្ងៃ​ពុធ​ទី ២៨ សីហា ដដែល​នេះ លោក ណា​ជីប ប្រឈម​ការចោទប្រកាន់ ២១​ករណី​ពាក់ព័ន្ធ​នឹង​រឿង​លាងលុយកខ្វក់ និង​៤​ករណី​ទាក់ទង​នឹង​ការរំលោភ​អំណាច ក្រោមរូបភាព​ទទួល​លុយ​ខុសច្បាប់​យ៉ាងតិច ៥៥០,៨​លាន​ដុល្លារ ចន្លោះ​ពី​ឆ្នាំ ២០១១ និង ២០១៤​។ អយ្យការ​ម៉ាឡេស៊ី ចោទ​លោក ណា​ជីប​ថា បាន​ប្រើ​មូលនិធិ​រដ្ឋ 1MDB ជា​ឈ្នាន់​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ 
 
​ម្យ៉ាងវិញទៀត អយ្យការ​ម៉ាឡេស៊ី លើកឡើងថា លោក ណា​ជីប ពុំបាន​ប្រព្រឹត្ត​សកម្មភាព​នេះ​តែ​ឯកឯង​នោះទេ​។ លោក​បាន​ឃុបឃិត​ជាច្រើន​ករណី​ជាមួយ​មហាសេដ្ឋី​ម៉ាឡេស៊ី លោក Low Taek Jho ស្គាល់​ថា Jho Low ។ បច្ចុប្បន្ន លោក Low ដែល​ប្រឈម​ការចោទប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក​ជុំវិញ​ការចូល​ដៃ​ក្នុង​រឿងអាស្រូវ​ដ៏​កក្រើក​នេះ បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់ ហើយក៏​ព្យាយាម​លាក់បាំង​ទីកន្លែង​លោក​តាំងទី​ផងដែរ​។ លោក Low ពុំមាន​កាន់​មុខងារ​អ្វី​ផ្លូវការ​ក្នុង 1MDB ទេ ប៉ុន្តែ​គេ​ជឿថា​លោក​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រតិបត្តិការ​របស់​វា​។ 
 
​សូមបញ្ជាក់ថា ក្រោយពី​ចាញ់ឆ្នោត លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប និង​ភរិយា លោកស្រី Rosman Mansor ត្រូវបាន​អាជ្ញាធ​ម៉ាឡេស៊ី​ដាក់​បម្រាម​ចាកចេញ​ពី​ទឹកដី​ម៉ាឡេស៊ី​។ ក្រោយ​បើក​ការស៊ើបអង្កេត​យ៉ាង​លម្អិត​ជុំវិញ​ជីវិត​ដ៏​ប្រណីត​ពួកគេ ប៉ូលិស​ម៉ាឡេស៊ី បាន​រកឃើញ គ្រឿងអលង្ការ និង​សាច់ប្រាក់ គិត​ជា​ទឹកប្រាក់​រហូតដល់ ៣០០​លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​លោក​ណា​ជីប​។ លោកស្រី Rosmah ដែល​ល្បីឈ្មោះ​ដោយសារ​គ្រឿងអលង្ការ និង​កាបូន​យូរ​ដៃ​ប្រណិតៗ​តម្លៃ​ថ្លៃៗ ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ពុករលួយ​។ ប៉ុន្តែ​លោកស្រី​ច្រានចោល​។​
 
​ដំណើរការ​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ បានចាប់ផ្តើម​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​អយ្យការ​ម៉ាឡេស៊ី​បាន​បិទ​សំណុំរឿង​ទីមួយ​របស់លោក​ណា​ជីប ដោយ​លោក​ត្រូវបាន​ចោទប្រកាន់ថា បានទទួល​យកលុយ​ដោយ​ខុសច្បាប់​ប្រមាណ ១០​លាន​ដុល្លារ ពី SRC International ដែលជា​អតីត​ស្ថាប័ន​មួយ​របស់ IMDB ៕

Tag:
 ​ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com