ជាតិ
តំណាង​ប្រទេស​អាស៊ាន មក​ប្រជុំ​នៅ​កម្ពុជា ផ្តោតលើ «​ការលើកកម្ពស់​សុខភាព​ប្រជាជន​»
29, Aug 2019 , 9:29 am        
រូបភាព
រូបភាពពីក្រសួងសុខាភិបាល
រូបភាពពីក្រសួងសុខាភិបាល
​ក្រសួងសុខាភិបាល​កម្ពុ​ជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ក្រោម​ប្រធានបទ «​លើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​»​។ ប្រធានបទ​នេះ នឹង​ផ្តោតលើ​ចំណុច​សំខាន់​បួន គឺ ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ការធានា​និរន្តរភាព​ហិរញ្ញប្បទាន​សេវា​ថែទាំ​សុខភាព ការពង្រឹង​សមត្ថភាព​ក្នុងការ​អនុវត្ត​និយ័តកម្ម​សុខភាព​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក និង នវានុវត្តន៍​នៃ​ការពង្រឹង​សេវា​ថែទាំ​សុខភាព​។


 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​ចេញ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ការបើក​កិច្ចប្រជុំ​នេះ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​២៩ ខែសីហា ក្រោម​អធិបតីភាព​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​។ កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្ត​ទៅដល់​ថ្ងៃទី​៣០ ខែសីហា​។   
 
​កិច្ចប្រជុំ​នេះ រៀបចំ​នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​សុខាភិបាល​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ រួមទាំង អាស៊ាន​បូក​បី (​ចិន ជប៉ុន និង កូរ៉េខាងត្បូង​) អគ្គលេខាធិការ​អាស៊ាន និង​ប្រតិភូ​អមដំណើរ​ផ្សេងៗ ដែល​សរុប មាន​ប្រមាណ​៣០០​នាក់​។​ ​កិច្ចប្រជុំ​រដ្ឋ​ម​ន្រី្ត​សុខាភិបាល​អាស៊ាន ត្រូវបាន​រៀបចំឡើង​រាល់​ពីរ​ឆ្នាំ​ម្ដង​៕ 

Tag:
 សុខាភិបាល​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com