កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic ចង់​ត្រឡប់​ទៅ Man Utd វិញ ក្រោយ​បញ្ចប់​កិច្ចសន្យា​ជាមួយ LA Galaxy
28, Aug 2019 , 5:35 pm        
រូបភាព
​ខ្សែប្រយុទ្ធ Zlatan Ibrahimovic សារភាពថា​ចង់​វិលត្រឡប់​ទៅកាន់​ក្លិប​ចាស់ Manchester United វិញ នៅពេល​កិច្ចសន្យា​របស់គេ​ជាមួយ​ក្រុម LA Galaxy បញ្ចប់​នៅ​ខែវិច្ឆិកា​ខាងមុខ​។​
​វ័យ ៣៧​ឆ្នាំ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត រកបាន ៤៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៤៩​ប្រកួត ចាប់តាំងពី​ចាកចេញ​ពី Premier League ទៅលេង​នៅ​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក Major League Soccer កាលពី​ខែមីនា ឆ្នាំ​២០១៨​។​


 
«​ខ្ញុំ​អាច​លេង​បាន​ស្រួល​នៅ Premier League ដូច្នេះ​ប្រសិនបើ Man Utd ត្រូវការ​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ទីនោះ​វិញ​។ នេះ​ជាការ​អះអាង​របស់ Ibrahimovic ដែល​ធ្លា​ប់រក​គ្រាប់​ឲ្យ​បិសាច​ក្រហម​បាន​ចំនួន​២៨​គ្រាប់​សម្រាប់​រដូវ​កាល​ដំបូង ២០១៦-១៧​។​
 
​កិច្ចសន្យា​រយៈពេល ២ ឆ្នាំ​របស់​អតីត​ខ្សែប្រយុទ្ធ PSG រូបនេះ ត្រូវបាន​បញ្ចប់​មុនពេល​កំណត់​ជាមួយ Man Utd ដោយ​ភាគី​ទាំងពីរ​បាន​ព្រម​គ្នា​ដើម្បី​អនុញ្ញាត​ឲ្យ Ibrahimovic ផ្លាស់​ទៅ​ក្រុម​នៅ​អាមេរិក LA Galaxy ដោយ​ចុះកិច្ចសន្យា​រហូតដល់ ខែធ្នូ ឆ្នាំ​២០១៩​។​
 
Ibrahimovic ពិតជា​ចង់​ចូលរួម​ជាមួយ Man Utd វិញ​ណាស់ នៅក្រោយ​កិច្ចសន្យា​នៅ​អាមេរិក​បញ្ចប់​។ «​ខ្ញុំ​បាន​លេង​ជាមួយ​ក្លិប​នៅ​អឺរ៉ុប​ជាច្រើន​។ ខ្ញុំ​ពិតជា​រីករាយ​ព្រោះ​ខ្ញុំ​ធ្លាប់​ឈ្នះ​ពាន​ដល់​ទៅ ៣៣ កាល​ខ្ញុំ​លេង​នៅ​អឺរ៉ុប ហើយ​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ឈ្នះ​ពាន​ទៀត​នៅ​ទីនោះ​»​។​
 
​យ៉ាងណាក៏ដោយ ប្រសិនបើ Ibrahimovic អាច​ចូលរួម​ជាមួយ Man Utd មែន រូបគេ​ត្រូវ​រង់ចាំ​ដល់​ខែមករា​ឯណោះ ពោលគឺ​នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់​គ្លស​បើកទ្វារ​ទើប​អាច​ចូ​លេង​បាន​៕
 


Tag:
 Zlatan Ibrahimovic
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com