ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីបំបាត់ ក៏ដូចជាទប់ស្កាត់អាការៈឈឺក្បាលប្រកាំងឆាប់រហ័សដោយមិនបាច់ប្រើថ្នាំ ៖
១. ផ្លាស់ប្ដូររបបអាហារ
អាការៈឈឺក្បាលប្រកាំងក៏អាចបណ្ដាលមកពីអ្វីដែលអ្នកទទួលទានផងដែរ។អាហារនិងភេសជ្ជៈដែលអាចបង្កបញ្ហាឈឺក្បាលប្រកាំង រួមបញ្ចូលទាំងគ្រឿងស្រវឹង សូកូឡា ស្រាក្រហម និងជាពិសេសអាហារកែច្នៃ។ ដូច្នេះចូរចំណាំទុកនូវរាល់ប្រភេទអាហារណាដែលអាចធ្វើអោយអាការៈឈឺក្បាលប្រកាំងរបស់អ្នកកើតមានឡើង ហើយក៏កុំភ្លេចកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារទាំងនោះ។
២. ទទួលទានតែខ្ញី
ខ្ញីមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងសរសៃឈាមនៃក្បាលដែលអាចជួយបំបាត់ការឈឺក្បាលគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ខ្ញីក៏ជួយសម្រួលការរំលាយអាហារបំបាត់អាការៈចង់ក្អួតដែលច្រើនកើតឡើងអមមកជាមួយបញ្ហាឈឺក្បាលប្រកាំងផងដែរ។
៣. គេងឱ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នកឧស្សាហ៍គេងមិនគ្រប់នោះហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំងមិនយូរមិនឆាប់នឹងកើតឡើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។
៤. ស្អំទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់កញ្ចប់ទឹកកកស្អំលើផ្នែកខាងក្រោយនៃកសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។ ភាពត្រជាក់ដែលចេញមកពីកញ្ចប់ទឹកកកអាចជួយកាត់បន្ថយការរលាកដែលបង្កបញ្ហាឈឺក្បាលបាន។ ម្យ៉ាងវិញទៀតភាពត្រជាក់ក៏ជួយធ្វើឱ្យស្ពឹកបាត់ឈឺចាប់ផងដែរ។
៥. ទទួលទានចេក
ក្នុងករណីខ្លះអាការៈឈឺក្បាលអាចបណ្ដាលមកពីកង្វះនៃជាតិម៉ាញ៉េស្យូមក្នុងរាងកាយ។ ហើយចេក គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមជួយបំបាត់អាការៈឈឺក្បាលបានយ៉ាងឆាប់រហ័ស៕
ត្រួតពិនិត្យដោយ www.health.com.kh