ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានផ្លែល្ហុង ប៉ុន្តែប្រហែលជាមិនធ្លាប់ភ្លក់ទឹកល្ហុងស្រស់ៗឡើយ។ មិនចាញ់ផ្លែល្ហុងនោះទេ ទឹកល្ហុងស្រស់មានផ្ទុកសម្បូរទៅដោយសារធាតុរ៉ែ រួមទាំងវីតាមីនល្អៗជាច្រើនដែលធ្វើឱ្យទឹកផ្លែឈើនេះសាកសមនឹងរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបំផុត។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃទឹកផ្លែល្ហុងស្រស់ ព្រមជាមួយវិធីងាយៗក្នុងការធ្វើទឹកផ្លែឈើនេះ ៖
• របៀបធ្វើទឹកផ្លែល្ហុងស្រស់ ១ កែវ
១. គ្រឿងផ្សំ
ផ្លែល្ហុង ១ ពែង (កាត់ជាដុំៗយកគ្រាប់ចេញ) ទឹកធម្មតា ៣ ភាគ ៤ ពែង ទឹកឃ្មុំ ១ ភាគ ២ ស្លាបព្រាកាហ្វេ និងទឹកកក ៤ ដុំ។
២. អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ទឹកធម្មតា ទឹកកក និងល្ហុងចូលក្នុងម៉ាស៊ីនក្រឡុក។ កិនក្រឡុករហូតដល់ទឹកកកម៉ដ្ឋ។ បន្លែមទឹកឃ្មុំចូល បន្ទាប់
មកក្រឡុកបន្តិចទៀតជាការស្រេច។
• អត្ថប្រយោជន៍
១. បង្ការជំងឺមហារីក
ទឹកផ្លែល្ហុងមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការបង្ការជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀនធំ។ នោះក៏ព្រោះតែបរិមាណដ៏ខ្ពស់នៃជាតិសរសៃ និងសារធាតុ lycopene ដែលមានផ្ទុកក្នុងផ្លែល្ហុង។ ជាតិសរសៃរារាំងជាតិពុលដែលបង្កជំងឺមហារីកពីកោសិកាពោះវៀនធំដែលមានសុខភាពល្អ ដូច្នេះវាជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
២. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ផ្លែល្ហុងអាចជួយក្នុងការគ្រប់គ្រងមូលហេតុចម្បងបំផុតនៃជំងឺបេះដូងនោះ គឺកូឡេស្តេរ៉ូល។ ការទទួលទានទឹកផ្លែល្ហុងស្រស់យ៉ាងហោចណាស់ ២ ដង ក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយការប្រមូលផ្ដុំកូឡេស្តេរ៉ូលក្នុងរាងកាយ។ នេះ គឺដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ពីផ្លែល្ហុង វាមិនអនុញ្ញាតឲ្យកូឡេស្តេរ៉ូលប្រមូលផ្ដុំក្នុងរាងកាយ។ ទឹកផ្លែល្ហុងក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺលើសឈាមផងដែរ។
៣. សុខភាពភ្នែក
ទឹកផ្លែល្ហុង ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ២ ប្រភេទទៀត គឺ Zeaxanthin និង lutein ដែលជួយការពារភ្នែកពីការបំផ្លាញដោយសារកាំរស្មីយូវី និងពន្លឺពណ៌ខៀវពីអេក្រង់នៃគ្រឿងអេឡិចត្រូនិក។
៤. សុខភាពបេះដូង
ផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសរសៃឈាមបេះដូង។ ទឹកផ្លែល្ហុងស្រស់ត្រឹមមួយកែវ គឺមានផ្ទុកនូវកម្រិតនៃវីតាមីន B ខ្ពស់ ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាម។ កម្រិតខ្ពស់នៃ homocysteine អាចបំផ្លាញសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង។ ទឹកផ្លែឈើនេះ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C និងវីតាមីន E ដែលការពារសុខភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងជួយរក្សាសុខភាពសរសៃឈាមបេះដូងផងដែរ។
៥. សុខភាពស្បែក
បរិមាណវីតាមីន C ខ្ពស់ដែលមានវត្តមានក្នុងទឹកផ្លែល្ហុងអាចជួយជំរុញដំណើរការនៃការផលិតកូឡាជែនសម្រាប់រក្សាភាពតឹងណែនក្មេងជាងវ័យនៃស្បែក។ សារធាតុផ្សេងទៀតដូចជា lycopene វីតាមីន E beta-cryptoxanthin និង beta-carotene ដែលមានផ្ទុកក្នុងទឹកផ្លែល្ហុងនឹងជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី៕
ត្រួតពិនិត្យដោយ www.health.com.kh