អន្តរជាតិ
លោក មហាធៀ ស្ងើចសរសើរវឌ្ឍនភាពនិងការអភិវឌ្ឍរបស់វៀតណាម នាយករដ្ឋមន្ត្រី មហាធៀ និងសមភាគីវៀតណាម នៅក្រុងហាណូយ ថ្ងៃទី ២៧ សីហា ២០១៩ (Bernama)
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានលើកឡើងថា លោកកោតសរសើរចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍដែលវៀតណាមសម្រេចបានដូចសព្វថ្ងៃនេះ។ មេដឹកនាំចាស់វស្សារូបនេះ ក៏លើកសរសើរពលរដ្ឋវៀតណាមទៀតថា ជាមនុស្សប្រឹងប្រែងធ្វើការ និងរៀនឆាប់ចេះនូវបច្ចេកវិទ្យាទំនើប ដូចជា បញ្ញាសិប្បនិម្មិត (AI) ជាដើម ហើយនេះបង្ហាញថា ពួកគេស្រេកឃ្លានភាពជោគជ័យ។
ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច៣ថ្ងៃនៅប្រទេសវៀតណាម លោក មហាធៀ បញ្ជាក់ថា៖ «បច្ចុប្បន្ន យើងអាចមើលឃើញទីក្រុងហាណូយលូតលាស់យ៉ាងលឿនរហ័ស ដោយមានអាជីវកម្ម និងឧស្សាហកម្មជាច្រើន។ ហើយក្នុងរយៈពេលខ្លីប៉ុណ្ណោះ វៀតណាម បានអូសទាញមហាសេដ្ឋីឲ្យធ្វើវិនិយោគក្នុងឧស្សាហកម្មផលិតរថយន្ត និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន»។
ប្រជាជនវៀតណាមទទួលជោគជ័យព្រោះតែពួកគេប្រឹងប្រែងធ្វើការ និងរៀនសូត្រ។ វៀតណាម មានសាកលវិទ្យាល័យជាច្រើន ដែលបង្រៀនបច្ចេកវិទ្យា AI ដល់និស្សិត ៥ម៉ឺននាក់។ លោកនាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរូបនេះលើកឡើងបែបនេះ ដោយបន្ថែមថា ពលរដ្ឋម៉ាឡេស៊ី ពុំចង់សិក្សាមុខជំនាញនេះឡើយ ទោះជារដ្ឋាភិបាលផ្តល់អាហារូបករណ៍ឲ្យពួកគេក្តី។ លោកសង្កត់ធ្ងន់
ថា៖ «ប្រសិនបើយើងមិនរៀនសូត្រ យើងនឹងក្រីក្រ»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama លោក មហាធៀ ក៏បានរំឭកពេលលោកបានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៦ អំឡុងពេលលោកជានាយករដ្ឋមន្ត្រីទី៤របស់ម៉ាឡេស៊ី។ ត្រង់ចំណុចនេះ លោក អះអាងថា កាលនោះ វៀតណាមដើររយឺតជាងម៉ាឡេស៊ីឆ្ងាយណាស់ ហើយប្រជាជនវៀតណាម មានត្រឹមកង់ជិះប៉ុណ្ណោះ។
«ពេលនោះ វៀតណាម ពុំមានសួនឧស្សាហកម្ម ហើយយើងធ្លាប់បានបង្ហាញពួកគេអំពីគំរូ និងចែករំលែកព័ត៌មាន។ ឥឡូវនេះ ពួកគេទាក់ទាញវិស័យឯកជនឲ្យបង្កើតសួនឧហ្សាហកម្មមួយ ហើយវាទទួលបានជោគជ័យ។» លោក មហាធៀ បញ្ជាក់បែបនេះ៕
Tag:
ម៉ាឡេស៊ី
វៀតណាម
មហាធៀ
© រក្សាសិទ្ធិដោយ thmeythmey.com