កីឡាជាតិ
ជាតិ
ស​.​ស​.​យ​.​ក​. បើក​ការចុះឈ្មោះ​ប្រកួត​យកពាន Soccer League លើក​ទី​៥
29, Aug 2019 , 11:22 am        
រូបភាព
ពានរង្វាន់ Soccer League ឆ្នាំ២០១៩, រូបភាពពីហ្វេសប៊ុក ស.ស.យ.ក
ពានរង្វាន់ Soccer League ឆ្នាំ២០១៩, រូបភាពពីហ្វេសប៊ុក ស.ស.យ.ក
ដោយ:
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.)​ប្រកាស​បើក​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ នា​អំឡុង​ខែវិច្ឆិកា​ខាងមុខ​។ គោលបំណង​នៃ​ការរៀបចំ​ពានរង្វាន់​នេះ គឺ​ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា និង​រឹតចំណង​សាមគ្គីភាព​រវាង​ស្ថាប័ន ស​.​ស​.​យ​.​ក​. ខេត្ត​រាជធានី មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័នរដ្ឋ​និង​ឯកជន​។ ជាមួយគ្នានេះ ស​.​ស​.​យ​.​ក​. ស្នើ​ឲ្យ​ក្រុម​ដែលមាន​បំណង​ចូលរួម​រួសរាន់​មក​ដាក់ពាក្យ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។

 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែសីហា នេះ បានចេញ​សេចក្តីប្រកាស ស្តីពី​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​ដណ្តើម​ពានរង្វាន់ Soccer League លើក​ទី​៥ ដែល​ពិធី​បើក​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុង​សេចក្តីប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជំរុញ​ឲ្យ​ប្រធាន​ក្លិប​សមាគម ដែល​ចង់​ចូលរួម​ប្រកួតប្រជែង​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម ដោយ​ការទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី​១-៣០ ខែកញ្ញា​។ ការលក់​ពាក្យ​ចូលរួម​ធ្វើឡើង​នៅ​ពីរ​ទីតាំង គឺ​នៅ​លេខាធិការដ្ឋាន ស​.​ស​.​យ​.​ក ស្នាក់ការ​កណ្តាល និង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់​ពី​គោលបំណង​នៃ​ការរៀបចំ​ពានរង្វាន់​នេះ​ថា គឺ​ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​ធនធាន​កីឡាករ និង​វិស័យ​កីឡាបាល់ទាត់​ទាំងមូល​នៅ​កម្ពុជា ខណៈដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ ការ​រឹតចំណង​សាមគ្គីភាព​ឲ្យ​កាន់តែ​ប្រសើរ​រវាង ស​.​ស​.​យ​.​ក ទាំង​២៥​រាជធានី ក្រសួង​ស្ថាប័នរដ្ឋ​និង​ឯកជន ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការប្រកួត​នេះ​ផងដែរ​។ 
 
​ក្រុម​ដែល​អាច​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​រួមមាន ស​.​ស​.​យ​.​ក ទាំង​២៥​រាជធានី​ខេត្ត វិស័យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ក្រសួង មន្ទីរ ខណ្ឌ ក្រុមហ៊ុន​ឯកជន សមាគម និង​អង្គការ​នា​នា​។ ក្រុម​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​បាន​២០​រូប និង​មន្ត្រី​៥​រូប ហើយ​កីឡាករ​មាន​អាយុ​ចាប់ពី​១៧​ឆ្នាំ​ឡើងទៅ តែ​ពុំ​អនុញ្ញាត​ឲ្យ​កីឡាករ​លេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចូលរួម​នោះទេ​។ ប៉ុន្តែ​បើ​កីឡាករ​ដែល​ឈប់​លេងក្នុង​ក្របខណ្ឌ​នេះ​តាំងពី​ឆ្នាំ​២០១៦ គឺ​អនុញ្ញាត​ឲ្យ​ចូលរួម​។  
 
​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុម​ជើងឯក​ទទួលបាន​២០​លាន​រៀល ជើងឯក​រង​បាន​១០​លាន​រៀល និង​លេខ​៣​បាន​៥​លាន​រៀល​។ ចំណែក​ក្រុម Fair Play បាន​២​លាន​រៀល អាជ្ញាកណ្តាល​ល្អ គ្រូបង្វឹក​ល្អ អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាងគេ និង​អ្នកចាំទី​ល្អ​ជាងគេ​ទទួលបាន​ម្នាក់​១​លាន​រៀល​៕   
 

Tag:
 បាល់ទាត់​
  Soccer League 2019
© រក្សាសិទ្ធិដោយ thmeythmey.com