កីឡាអន្តរជាតិ
អន្តរជាតិ
Bolton រួចផុត​ការបណ្តេញ​ចេញពី League One ក្រោយ​រកឃើញ​ម្ចាស់​ទាន់ពេល​
29, Aug 2019 , 12:04 pm        
រូបភាព
Bolton Wanderers អាច​បន្ត​ដ​ង្ហើម​ក្នុង​ក្របខណ្ឌ League One រដូវ​កាល​នេះ បន្ទាប់ពី​ក្រុមហ៊ុន Football Ventures (Whites) Limited ក្លាយជា​ម្ចាស់​ក្លិប​នេះ​ទាន់​កាលកំណត់​។​


 
​ស្ថាប័ន​គ្រប់គ្រង​លី​គ​កីឡាបាល់ទាត់​អង់គ្លេស (EFL) បានដាក់​ឱសានវាទ​រយៈពេល​១៤​ថ្ងៃ ពោលគឺ​គិត​ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​កំណត់​ថាបើ Bolton មិនអាច​រក​ម្ចាស់​ទៅគ្រប់​គ្រង​បានទេ ក្លិប​នេះ​នឹងត្រូវ​ដកចេញ​ពី​ការ​ប្រជែង​ពាន League One តែម្តង​។​
 
Bolton ក្លិប​កីឡាបាល់ទាត់​នៅ​អង់គ្លេស​ដែល​បង្កើតឡើង​រយៈពេល​១៤៥​ឆ្នាំ ខិតជិត​នឹង​ការបិទទ្វារ​ដូច​ក្លិប Bury ទៅហើយ បន្ទាប់ពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ រហូត​គ្មាន​ប្រាក់​បើក​ឲ្យ​កីឡាករ​ទៀតផង​។​
 
​លោក Paul Appleton ប្រធាន​រដ្ឋបាល​ក្លិប Bolton បាន​សម្តែង​ភាព​រីករាយ​បន្ទាប់ពី​ក្លិប​អាច​លក់​ចេញ​បាន និង​មាន​អ្នកកាន់កាប់​ត្រឹមត្រូវ​ស្របតាម​ការកំណត់​រប​ស់ EFL​។​



«​ខ្ញុំ​មានការ​អាណិតអាសូរ​ចំពោះ​បុគ្គលិក កីឡាករ និង​អ្នកគាំទ្រ ដែល​នៅតែ​បន្ត​ជាមួយ​ក្រុម ខណៈដែល​ក្លិប​កំពុងមាន​បញ្ហា និង​ស្ទើរតែ​បិទទ្វារ​ទៅហើយនោះ​។ ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ភាពស្មោះត្រង់ ការលះបង់ និង​ការអត់ធ្មត់​របស់​ពួកគេ​ណស់​»​។​
 
EFL នៅ​ថ្ងៃទី​២៧ ខែសីហា បាន​បណ្តេញ​ក្រុម Bury ដែល​ជួប​បញ្ហា​ដូច Bolton ចេញពី League One រដូវ​កាល​នេះ បន្ទាប់ពី​ពួកគេ​រក​ម្ចាស់​មិនបាន​តាម​ការកំណត់រ​បស់ ស្ថាប័ន​គ្រប់គ្រង​លី​គ​កីឡាបាល់ទាត់​អង់គ្លេស​។ Bury បាន​ក្លាយជា​ក្លិប​ដំបូង​គេ​ក្នុង​រយៈពេល ២៧ ឆ្នាំ ចា​ប់ប់​តាំងពី​ក្រុម Maidstone ដែលមាន​លទ្ធផល​បែបនេះ​នៅ​ឆ្នាំ​១៩៩២​មក​។​
 
League One លី​គ​លំដាប់​ទី​៣​អង់គ្លេស ដែល​ធ្លាប់​តែមាន​ក្រុម​ចូលរួម​ចំនួន​២៤ ឥឡូវ​នៅសល់តែ​២៣​ប៉ុណ្ណោះ ក្រោយ​មិន​អនុញ្ញាត​ឲ្យ Bury នៅ​បន្ត​។ ចំណែក Bolton ដែល​លេង​ដោយ​ត្រូវ​ដក​ចំនួន​១២​ពិន្ទុ​នោះ ស្ថិតនៅ​បាទ​តារាង​នៅឡើយ ក្រោយ​ប្រកួត​៤​លើក ចាត់​៣ ស្មើ​១ នៅសល់​ដក​១១​ពិន្ទុ​ទៀត​៕

Tag:
 Bolton
  EFL
© រក្សាសិទ្ធិដោយ thmeythmey.com