ជាតិ
តំបន់​ខ្លះ​នៅ​រតនគិរី ត្រូវ​ជន់​លិច បណ្ដាល​ឲ្យ​រលំ​បង្គោល​ភ្លើង​៧​ដើម​និង​ងាប់គោ​៣​ក្បាល​
29, Aug 2019 , 2:53 pm        
រូបភាព
រូបភាពពីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី
រូបភាពពីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី
​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​កាលពី​យប់​ថ្ងៃទី​២៨​ដល់​ព្រឹក​ថ្ងៃទី​២៩​សីហា នៅ​ក្រុង​បាន​លុង​និង​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី​បាន​រង​នូវ​ការ​ជន់​លិច បណ្ដា​ល​ឲ្យ​រលំ​បង្គោល​ភ្លើង​៧​ដើម គោ​៣​ក្បាល​ងាប់ និង​លិច​ផ្ទះ​ពលរដ្ឋ រួមទាំង​ផ្លូវ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​បឋម​ដែល​សារព័ត៌មាន​ថ្មីៗ ទទួលបាន​ពី​លោក នាង សំអាត នាយក​រដ្ឋបាលខេត្តរ​តន​គិរី នៅ​ថ្ងៃទី​២៩​សីហា ឆ្នាំ​២០១៩​។

 
​នៅ​ខេត្តរតនគិរី ក្រុង​បាន​លុង បាន​រង​នូវ​ជំនន់​ទឹកភ្លៀង បណ្ដាល​ឲ្យ​ប៉ះពាល់​ និង​ខូចខាត​សម្ភារ​មួយចំនួន​នៅ​សង្កាត់​បឹង​កន្សែង នៅ​ភូមិ​អូរ​កន្តិល បាន​បាក់​ជញ្ជាំង​ផ្ទះមួយ​កន្លែង​និង​ចំណុច​អូរ​សុភមង្គល ទឹក​ហូរ​ជ្រុះ​ដី​ប្រមាណ​២​គុណ​៧​ម៉ែត្រ​។ 


 
​ចំណែក​នៅ​ភូមិ​ភ្នំ​ស្វាយ បាន​រលំ​បង្គោល​ភ្លើង​៣​ដើម ហើយ​នៅ​ព្រឹក​នេះ​ក្រុមការងារ​អគ្គិសនី​កំពុង​ជួសជុល​។ ការធ្លាក់​ភ្លៀង​ខ្លាំង​នេះ បណ្ដាល​ឲ្យ​សង្កាត់​ឡា​បាន​សៀក រលំ​បង្គោល​ភ្លើង​៥​ដើម និង​សង្កាត់​កា​ចាញ មាន​ស្ថានភាព​ទឹកអូរ​ឡើង​ខ្ពស់​។ 
 
​រីឯ ជន់​លិច​តំបន់​មួយចំនួន​នៅតាម​អូរ ដូចជា​អូរ​កាញ អូ​រកា​ទៀង និង​អូរទទឹង ដែល​ក្នុង​ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ មាន​គោ​៣​ក្បាល​ងាប់​។ ចំណែក ស្រុក​អូរ​ជុំ មាន​ករណី​ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​លិច​ផ្លូវលំ​មួយកន្លែង​។ ពាក់ព័ន្ធ​នឹង ស្ថានភាព​ទឹក​នៅ​ទន្លេសេសាន ក្នុងស្រុក​រើ​ន​សៃ និង​ទន្លេស្រែពក ស្រុក​លំផាត់ អាជ្ញាធរ បាន​ប្រកាស​ឲ្យពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ៕ 


 

Tag:
 ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com