អន្តរជាតិ
ការរឹតត្បិតនៅតំបន់កាស្មៀរ បង្កឲ្យមានការតវ៉ា និងមនុស្សរបួសជាច្រើននាក់
× មន្ត្រីជាន់ខ្ពស់ឥណ្ឌា នៅថ្ងៃទី២៨ ខែសីហា ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការតវ៉ាបានកើតឡើងយ៉ាងហោចណាស់ ៥០០ករណីនៅក្នុងតំបន់កាស្មៀរ ចាប់តាំងពីទីក្រុងញូវដែលី ដកឋានៈស្វ័យភាពពិសេស។ ការតវ៉ានេះបង្កឲ្យប្រជាជនស៊ីវិលរបួសជិត១០០នាក់ និងសមត្ថកិច្ចជាង៤០០នាក់។ ប៉ុន្តែ អាជ្ញាធរ សន្យាថា នឹងបង្កើតការងារឲ្យបាន៥ម៉ឺនកន្លែងនៅក្នុងតំបន់។
ជាការពិតជ្រលងហិមាល័យ ត្រូវបានរដ្ឋាភិបាលឥណ្ឌាដកឋានៈស្វ័យភាពពិសេស ដើម្បីយកមកដាក់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការអនុវត្តរបស់រដ្ឋាភិបាលទីក្រុងញូវដែលីបែបនេះ គឺកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលខ្លួន បានរឹតត្បិតយ៉ាងតឹងតែងបំផុងលើ សេរីភាពនៃការចេញចូល ប្រព័ន្ធទូរសព្ទ និងសេវាអ៊ីនធឺណិត ។ កងទ័ពជាច្រើនម៉ឺននាក់ ត្រូវបានបញ្ជូនទៅតំបន់កាស្មៀរ ក្នុងបំណងការពារការបះបោរពីសំណាក់ក្រុមផ្តាច់ទឹកដី ដែលបានតស៊ូតាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ។
ប៉ុន្តែការតវ៉ានៅតែកើតមានដដែល ជាពិសេសគឺនៅក្នុងទីក្រុង Srinagar ប៉ូលិសបានប្រើកាំភ្លើងខ្យល់ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងអ្នកតវ៉ា។
តាមរយៈប្រភពមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌា យ៉ាងហោចណាស់មានបាតុកម្ម៥០០ករណីកើតឡើង និងមានការចោលដុំថ្មតាំងពីថ្ងៃទី៥ ខែសីហា មកម្ល៉េះ ហើយភាគច្រើនកើតឡើងនៅក្នុងទីក្រុង Srinagar។ ការតវ៉ានេះ ធ្វើឲ្យប្រជាជនស៊ីវិលរងរបួសជិត ១០០នាក់ ហើយប៉ូលិស៣០០នាក់ និងកងរាជអាវុធហត្ថជាង១០០នាក់ ត្រូវរងរបួសស្រាល។ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ប្រភពដដែលលើកឡើងថា តួលេខនៃការតវ៉ា ប្រហែលជាធំជាងនេះ និងខ្ពស់ជាងនេះ ប្រសិនបើគ្មានការទប់ស្កាត់ពីកម្លាំងប្រដាប់អាវុធ។
ជីវិតទាំងអស់នៅក្នុងតំបន់កាស្មៀរ គឺមានតម្លៃសម្រាប់យើង។ នេះជាអ្វីដែលលោក Satya Pal Malik អ្នកគ្រប់គ្រងនៅតំបន់ Jammu និង Kashmir បាននិយាយបានទីភ្នាក់ងារសារព័ត៌មាន AFP។ ទន្ទឹមជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា ការរឹតត្បិតគឺមានសារៈសំខាន់ណាស់ ព្រោះវាមិនបង្កអោយប្រជាជាស្លាប់ទេ ហើយមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះរបួសនៅពេលធ្វើការតវ៉ា ហើយអ្នកទាំងនោះសុទ្ធតែរងរបួសស្រាល។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយទៅកាន់គ្រួសាររបស់អ្នកស្លាប់ ៣នាក់ ហើយពួកគេបានចោទកម្លាំងសន្តិសុខថា បានប្រើអំពើហិង្សាលើបុរសម្នាក់ និងស្ត្រីម្នាក់នៅពេលបំបែកហ្វូងបាតុកម្ម និងធ្វើឲ្យយុវជនម្នាក់ទៀត លង់ទឹកស្លាប់ពេលប៉ូលិសកំពុងដេញចាប់។
យ៉ាងណាក៏ដោយ លោក Malik សន្យារក្សាអត្តសញ្ញាណ ភាសា វប្បធម៌ និងកេរមរតកនៅក្នុងតំបន់កាស្មៀរឲ្យបាន ជាពិសេសគឺបង្កើតការងារ ៥ម៉ឺនកន្លែងសម្រាប់ ២ ឬ៣ខែខាងមុខទៀត។
សូមបញ្ជាក់ថា បញ្ហាតំបន់កាស្មៀរនៅតែមានសភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការដកឋានៈស្វ័យភាពពិសេស របស់រដ្ឋាភិបាលទីក្រុង ញូវដែលី ដែលបង្កឲ្យមានការរិះគន់ពីប៉ាគីស្ថាន និងចិន។ ដោយឡែកសម្រាប់ស្ថានភាពនៅទីក្រុង Srinagar ប្រជាជននៅតែបដិសេធការចាប់ផ្តើមរស់នៅជាធម្មតារបស់គេ ខណៈពេលអាជ្ញាធរបានបើកសាលារៀន ប៉ុន្តែសិស្សនៅតែមិនចូលសាលា។ រីឯហាងលក់ទំនិញមួយចំនួន នៅតែបិទដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com