សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាល ជាពិសេសបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព។ សម្តេចបានជំរុញដល់បណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងលើករណីនេះជាបន្ទាន់។
ការលើកឡើងរបស់សម្តេច ទៀ បាញ់ គឺនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ាន» ដែលរៀបចំនៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា។ សម្តេច ទៀ បាញ់ បានធ្វើជាអធិបតីជំនួសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តេច ថ្លែងថា បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និង ពិភពលោក តាមរយៈការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ ដែលគ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជិកាត្រឹមត្រូវ។ សម្តេចបន្តថា ជាពិសេសយន្តការគ្រប់គ្រងឱសថក្នុងពេលផលិត និងចរាចរណ៍ឱសថ នៅលើទីផ្សារមិនទាន់មានប្រសិទ្ធភាពនោះទេ សើសពីនេះការការផ្សព្វផ្សាយអំពីចំណេះដឹងលើបញ្ហាឱសថក្លែងក្លាយដល់ប្រជាពលរដ្ឋក៏នៅមានកម្រិតផងដែរ។
សម្តេចរដ្ឋមន្ត្រី បន្ថែមថា ពលរដ្ឋនៅលើពិភពលោកប្រមាណ១៥០លាននាក់ បានជួបវិបត្តិហិរញ្ញវត្ថុជារៀងរាល់ឆ្នាំ ដែលនៅក្នុងនោះ មានប្រជាជនប្រមាណ១០០លាននាក់ ស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រដោយសារតែចំណាយលើសេវាសុខភាព ដែលបណ្ដាលមកពី បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក។
សម្តេច មានប្រសាសន៍ដូច្នេះថា៖«ឱសថក្លែងក្លាយ និង អន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និង ធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ»។
សម្តេចសង្កត់ធ្ងន់ថា ការប្រើប្រាស់ឱសថអន់គុណភាពដើម្បីព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាយុជីវិត និង ធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ។
ដោយមើលឃើញបញ្ហាទាំងនេះ សម្តេចបានជំរុញដល់ប្រទេសអាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ ការបន្តពង្រឹងក្របខណ្ឌច្បាប់ ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ និង ការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។
សម្តេច មានប្រសាសន៍ថា៖«ប្រទេសអាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និង បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពជឿជាក់»៕