ជាតិ
សង្គមជាតិ
អូ​ស្រា្ត​លី ផ្តល់​ទឹកប្រាក់​២.៩ លាន​ដុល្លារ​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច
29, Aug 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​អូស្ត្រាលី ផ្តល់​ថវិកា​ចំនួន​២.៩​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ លើ​កិច្ចការ​ស្រាវជ្រាវ​អំពី​វិស័យ​អប់រំ កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៅ​កម្ពុជា​។ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី  Angela Corcoran ជឿជាក់ថា​គម្រោង​នេះ​នឹង​អាចជួយ​លើ​កម្ពស់​ឲ្យ​កិច្ចការ​ស្រាវជ្រាវ​លើ​វិស័យ​សំខាន់ៗ​ប្រកបដោយ​គុណភាព ដើម្បី​ឲ្យ​មាន​អំណះអំណាង ភស្តុតាង​ច្បាស់លាស់ សម្រាប់​ផ្តល់​ជា​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។


 
​ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​គម្រោង​«​ពន្លក​ចំណេះ​»​ដែលជា​គម្រោង​កិច្ចការ​ស្រាវជ្រាវ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែសីហា បាន​បញ្ជាក់ថា គម្រោង​នេះ​នឹងធ្វើ​ឲ្យ​កិច្ចការ​ស្រាវជ្រាវ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុ​ជាមាន​គុណភាព ប្រសិទ្ធភាព និង​ឈានដល់​គោលដៅ មាន​ភស្តុតាង​ច្បាស់លាស់ និង​ជួយ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​ត្រៀមខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កម្ពុជា​នឹង​ជួបប្រទះ ស្រប​ពេលដែល​សម្បត្តិ​ជាតិ​មានការ​កើនឡើង​។ 


 
​លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា អះអាងថា​កម្ពុជា​នឹងមាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០​ខាងមុខ​។ ដើម្បី​ឈានដល់​ចំណុច​នេះ កិច្ចការ​ស្រាវជ្រាវ និង​ការប្រើប្រាស់​ភស្តុតាង​ជាក់លាក់ ពិតជា​ដើរតួ​សំខាន់​ដើម្បី​ពន្យល់​អំពី​ការសម្រេចចិត្ត​របស់​អ្នកបង្កើត​គោ​លន​យោ​បាល​ពេលខាងមុខ​»​។ 
 
​តាមរយៈ​គម្រោង​នេះ លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ជឿជាក់ថា​នឹង​អាច​ពង្រឹង​កិច្ចទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​អូស្ត្រាលី និង​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។  ក្នុង​គម្រោង​នេះ​ទៀត​សាត ក៏​អនុញ្ញាត​ឲ្យ​បណ្តា​និស្សិត​ទាំងអស់​អាច​ចូលរួម​ចែករំលែក និង​សិក្សា​ពី​អ្នកអនុវត្ត​គម្រោង និង​អ្នក​ដែល​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ផ្ទាល់​ផងដែរ​។ 
 
​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ជំនួយ​ប្រមាណ​១.៣ ប៊ី​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​វិស័យ​អនុភាព​ដូចជា វិស័យ​អប់រំ កសិកម្ម សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ ឲ្យ​កាន់តែ​ប្រសើរឡើង​៕ 

Tag:
 ​អូស្ត្រាលី​
 ​ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com