អន្តរជាតិ
បូ​លី​វី ថា ព្រៃឈើ​ជាង​១​លាន​ហិកតា​ត្រូវបាន​បាត់បង់​ដោយសារ​ភ្លើង​ឆេះ​
29, Aug 2019 , 9:19 pm        
រូបភាព
ភ្លើងឆេះព្រៃនៅបូលីវី។ រូបភាព AFP
ភ្លើងឆេះព្រៃនៅបូលីវី។ រូបភាព AFP
​ដោយ៖ ងួន សុ​ភាវ​ត្តី​
 
​ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ព្រៃឈើ និង​វាលស្មៅ​ចំនួន​១.២​លាន​ហិកតា​នៅ​បូ​លី​វី​ក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​រដ្ឋាភិបាល​បូ​លី​វី​នៅ​ថ្ងៃទី​២៨ ខែសីហា​។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​បរិស្ថាន​បាន​និយាយថា ទំហំ​ព្រៃឈើ​បាត់បង់​ដោយ​ការឆេះ គឺមាន​ទំហំ​ធំ​ជាង​នេះ​។​

 
​ព័ត៌មាន​នៃ​ការបាត់បង់​ព្រៃឈើ​សន្ធឹកសន្ធាប់​នៅ​បូ​លី​វី បាន​កើតឡើង​បន្ទាប់​ប្រធានាធិបតី​លោក Evo Morales បាន​ផ្អាក​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃទី​២៦ ខែសីហា​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​បរិស្ថាន​ដែល​កើតមាន​នៅក្នុង​ព្រៃ​បូ​លី​វី​ដែលជា​ផ្នែក​មួយ​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​
 
​លោក Morales បាន​រង​ការរិះគន់​កាន់តែខ្លាំង​ឡើង​ពី​ប្រជាជន ដោយសារ​មិន​ធ្វើ​សកម្មភាព​ដោះស្រាយ​ទាន់ពេល ក៏ដូចជា​ការអនុវត្ត​គោលនយោបាយ​ដែល​នាំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​។​
 
​ទំហំ​ព្រៃឈើ​របស់​បូ​លី​វី​មានការ​រួញ​តូច​ទៅៗ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាក់ស្តែង កាលពី​ឆ្នាំ​២០០៥​ទំហំ​ព្រៃឈើ​បូ​លី​វី​គឺ ៤៧.៣​លាន​ហិកតា ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧​ទំហំ​ព្រៃឈើ​នេះ​គឺមាន​ត្រឹមតែ​៤៣.៨​លាន​ហិកតា​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការសិក្សា​របស់​អង្គការ​បរិស្ថាន​និង​សិទ្ធិមនុស្ស​បូ​លី​វី Solon Foundation​។​
 
​ពាក់ព័ន្ធ​ទំហំ​ព្រៃឈើ​បាត់បង់​វិញ អង្គការក្រៅរដ្ឋាភិបាល The Friends of Nature Foundation បាន​និយាយថា​ទំហំ​ពិតប្រាកដ​ដែល​បាន​បំផ្លាញ​ដោយ​ភ្លើង​នេះ​គឺ ១.៨​លាន​ហិកតា​ឯណោះ​។ អ្នកសិក្សា​បរិស្ថាន​បាន​រិះគន់​ពី​ច្បាប់​ដែល​បាន​ដាក់អោយអនុវត្ត​ដោយ​លោក Morales ដែល​ច្បាប់​នេះ​បាន​លើកទឹកចិត្ត​អោយមាន​ការដុត​ព្រៃ​ដើម្បី​យក​ដី​នោះមក​ដាំ​ដំណាំ​វិញ​។​
 
​រដ្ឋាភិបាល​របស់លោក Morales មាន​គម្រោង​នឹង​ដាំ​ដើមឈើ​ចំនួន​៤.៥លាន​ហិកតា​ឡើងវិញ​នៅ​ឆ្នាំ​២០៣០ ដើម្បី​ឆ្លើយតប​តាម​របស់​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​រិះគន់​ដោយ​អ្នក​បរិស្ថាន​មួយចំនួន​វិញ​។ ពួកគេ​បាន​លើកឡើងថា គម្រោង​នេះ​ត្រូវបាន​រដ្ឋាភិបាល​លើកឡើង​៣​ឆ្នាំ​មកហើយ ប៉ុន្តែ​ពួកគាត់​មិនទាន់​ឃើញ​មាន​ការដាំ​ដើមឈើ​នេះ​កើតឡើង​នៅឡើយ​ទេ គ្មាន​សូម្បីតែ​ដាំ​លើដី ៥​ម៉ឺន ហិកតា​៕

© រក្សាសិទ្ធិដោយ thmeythmey.com