អន្តរជាតិ
ចិន បដិសេធការចូលចតនាវាអាមេរិកជាថ្មីទៀត ចំពេលកំពុងមានភាពតានតឹង ឆ្នេរសមុទ្រទីក្រុងឈីងតាវ ជាទីដែលចិនបដិសេធសំណើសុំចូលចតរបស់នាវាអាមេរិក។ រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
ជាថ្មីម្ដងទៀត ចិនបានច្រានចោលចំពោះសំណើរបស់នាវាចម្បាំងអាមេរិកដើម្បីចូលសំចតនៅកំពង់ផែ ឈីងតាវ (Qingdao) ។ នេះបើតាមការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិអាមេរិកនៅថ្ងៃទី២៨ ខែសីហា។ ការបដិសេធរបស់ចិន ធ្វើឡើងចំពេលភាពតានតឹងកំពុងកើនឡើង រវាងមហាអំណាចទាំងពីរលើផ្នែកពាណិជ្ជកម្ម និងបាតុកម្មនៅហុងកុង។
លោក Randall Schriver ជាឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកនៅអាស៊ី បាននិយាយថា ថ្មីៗនេះ អាមេរិកបានទទួលពាក្យបដិសេធដែលថា ចិនមិនអាចទទួលនាវាចម្បាំងអាមេរិកជាភ្ញៀវនៅឯកំពង់ផែ ឈីងតាវ (Qingdao)។ នេះជាការបដិសេធលើកទីពីររបស់ចិនក្នុងខែនេះ ដែលលើកមុនគឺការទាត់ចោលសំណើចូលចតនៅហុងកុង។
ទោះជាយ៉ាងណា លោក Schriver អះអាងថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចរៀបចំពេលវេលាសុំសំចតនាវានេះម្តងទៀត ព្រោះយោធានៃប្រទេសទាំងពីរគួរតែព្យាយាមជំរុញការសម្របសម្រួលគ្នា និងបង្កើតវិធានការសុវត្ថិភាពផងដែរ។ ប៉ុន្តែ អាមេរិកនៅតែមានការព្រួយបារម្ភជុំវិញបញ្ហាយោធារបស់ចិនទៅលើជម្លោះសមុទ្រចិនខាងត្បូង និងការបង្ក្រាបក្រុមអ្នកប្រឆាំងនៅហុងកុង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារពត៌មាន AFP ។
ការទាត់ចោលរបស់ក្រុងប៉េកាំងលើការសុំចូលចតជាបន្តបន្ទាប់នេះ កើតឡើងស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្ម កើនឡើងមិនឈប់ឈររវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ក្នុងពិភពលោក។ លោក ដូណាល់ ត្រាំ ទាមទារឲ្យ ប៉េកាំងបញ្ឈប់ការលួចកម្មសិទ្ធបញ្ញា និងទិញផលិតផលអាមេរិកបន្ថែម។
កាលពីសប្តាហ៍មុននេះ លោកត្រាំ បានប្រកាសយក ប្រធានាធិបតីចិន លោកស៊ី ជីនពីង ធ្វើជាសត្រូវនិងប្រកាសដំឡើងពន្ធនាំចូល ៥៥០ពាន់លានដុល្លារអាមេរិក មុនពេលនិយាយថានឹងមានការចរចាក្នុងពេលឆាប់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com