កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk, Messi និង Ronaldo នរណា​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA?
29, Aug 2019 , 5:14 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប UEFA នៅ​យប់​ថ្ងៃទី​២៩ ខែសីហា​នេះ នឹង​ប្រកាស​ជ័យលាភី​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ (UEFA Men's Player of the Year) សម្រាប់​រដូវ​កាល ២០១៨-១៩ នា​ប្រទេស Monaco ពោលគឺ​ក្នុង​កម្មវិធី​ចាប់​ពូ​ល​ក្របខណ្ឌ Champoins League រដូវ​កាល ២០១៩-២០ ផង​។​


 
​ខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona និង Cristiano Ronaldo ខ្សែប្រយុទ្ធ​ក្រុម Juventus និង​ខ្សែការពារ Virgil van Dijk ជា​បេក្ខភាព​៣​រូប​ចុងក្រោយ​សម្រាប់​ប្រជែង​តំណែង​ម្ចាស់​ពានរង្វាន់​ដែល​រៀបចំ​ដោយ UEFA នេះ​។​
 
​ចាប់តាំងពី​បង្កើត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០១១​មក ពោលគឺ​៨​លើក​រួចហើយនោះ Messi ធ្លាប់​ឈ្នះ​២​ដង ហើយ Ronaldo ៣​ដង​លើសគេ ខណៈ Andres Iniesta, Franck Ribery និង Luka Modric ឈ្នះ​ម្នាក់​ម្តង​ដូចគ្នា​។ Modric ខ្សែបម្រើ​របស់ Real Madrid សញ្ជាតិ​ក្រូ​អាស៊ី បាន​ប្រជែង​ឈ្នះ Ronaldo និង Messi ដើម្បី​លើក​ពាន​នេះ​កាលពី​ឆ្នាំមុន​។ យ៉ាងណាក៏ដោយ នៅ​ឆ្នាំនេះ Van Dijk រំពឹង​ខ្ពស់​ថា​នឹង​ស្នង​ពាន​នេះ​ពី Modric ដ្បិត​បាន​ជួយ Liverpool លើក​ពាន Champions League រដូវ​កាល​មុន​។​
 
​ក្នុង​កម្មវិធី​ផ្តល់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នេះដែរ UEFA ក៏​នឹង​ចាប់ឆ្នោត​រើស​ពូ​ល​នៃ​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប Champions League របស់​ក្រុម​ទាំង​៣២ សម្រាប់​រដូវ​កាល ២០១៩-២០​នេះ​។​
 
​ក្រុម​ទាំង​៣២​ត្រូវ​ចែកជា​៤ Pot ដោយ​ក្នុង​មួយ Pot មាន​៨​ក្រុម​។ Pot ទី​១ ដែល​សុទ្ធសឹង​ជា​ក្រុម​ខ្លាំងៗ តាមរយៈ​ការបង្ហាញ​ខ្លួន​បានល្អ​នៅ​រដូវ​កាល​មុន ហើយ Pot បន្តបន្ទាប់​ត្រូវដាក់​ក្រុម​ដែល​គេ​គិតថា​មាន​កម្រិត​ល្មមៗ​តាម​ការលេង​ជាក់ស្តែង​កាលពី​រដូវ​កាល​មុន​ដូចគ្នា​។​
​ការចាប់​ឆ្នោត ត្រូវយក​ចំនួន​៨​ពូ​លពី A ដល់ H ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​៕


 

Tag:
 UEFA Men\'s Player of the Year
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com