អន្តរជាតិ
ចិន​ចល័ត​ទ័ព​ចូល​ហុងកុង ខណៈ​បាតុកម្ម​នៅតែ​មិន​ថមថយ​
29, Aug 2019 , 5:32 pm        
រូបភាព
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Xinhua
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Xinhua
ដោយ:
​យោធា​ចិន បាន​បើក​ប្រតិបត្តិការ​ចល័ត​កងទ័ព​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី​២៩ ខែសីហា ។ តាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋ​ចិន សកម្មភាព​នេះ មាន​គោលដៅ​ត្រៀមលក្ខណៈ​ជួយ​រក្សា​ស្ថិរភាព និង​វិបុល​សុខ​របស់​ទីក្រុង​ហុងកុង ខណៈ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាន់តែ​ធំ​។

 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ចុះផ្សាយ​ពី​ការ​ចល័ត​ទ័ព​នៅ​ម៉ោង ៤​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​។ ទ័ព​ប្រចាំ​ក្រុង​ហុងកុង​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន (PLA) បាន​ចល័ត​ទ័ព​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​លើកៗ​មុន កាសែត​រដ្ឋ​នេះ​ពុំ​ចេញ​របាយការណ៍​ជា​សាធារណៈ​បែបនេះ​ឡើយ​។ នេះ​ជាការ​ចល័ត​ទ័ព​លើក​ទី​២២​ហើយ ចាប់តាំងពី​យោធា​ចិន (PLA) បានចាប់ផ្តើម​ដាក់​កង​ទ័ព​ខ្លួន​ប្រចាំ​ទីក្រុង​ហុងកុង​ក្នុង​ឆ្នាំ​១៩៩៧​មក​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​កងទ័ព​ក្នុង​រថពាសដែក​បើក​ចូល​ទីក្រុង​ហុងកុង តាមរយៈ​ច្រកព្រំដែន Huanggang Port ខណៈ​កងទ័ព​ម៉ា​រី​ន​នៃ​កងទ័ពជើងទឹក​ចិន បាន​ទៅដល់​មូលដ្ឋានទ័ព​លើ​កោះ Stonecutters នៅមុន​ថ្ងៃ​រះ​ទៅទៀត​។ ការ​ចល័ត​ទ័ព​នេះ​បានអនុម័ត​ដោយ​គណៈកម្មការ​យោធា​មជ្ឈិម​របស់​ចិន (CMC) ដែលមាន​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ជា​ប្រធាន​។​
 
«​សកម្មភាព​នេះ ជាការ​ចល័ត​ជាប្រចាំ​ឆ្នាំ ធម្មតា​មួយ ដោយ​ស្របតាម​ច្បាប់​នៃ​សាធារណរដ្ឋ​ប្រជា​និមិត​ចិន​លើ​យោធភូមិ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​»​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua ចុះផ្សាយ​បែបនេះ ដោយ​បន្តថា កងទ័ព​ទាំងនេះ មាន​សមត្ថភាព​ពេញដៃ​ដើម្បី​ការពារ​ទីក្រុង​ហុងកុង និង​ស្មោះត្រង់​ចំពោះ​ការដឹកនាំ​របស់​បក្ស​ក​ម្មុយ​នី​ស្ត​ចិន និង​គណៈកម្មការ​យោធា​មជ្ឈិម​។ 
 
«​កងទ័ព​ទាំងនេះ តាំងចិត្ត​យ៉ាង​មុតមាំ​ការពារ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​។ ពួកគេ នឹង​អនុវត្ត​កាតព្វកិច្ច​ដោយមាន​ប្រសិទ្ធភាព​ការពារ​ទីក្រុង​ហុងកុង និង​រួមចំណែក​រក្សា​ស្ថិរភាព និង​វិបុលភាព​ទីក្រុង​ហុងកុង​»​។ នេះ​ជាការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ដដែល​។ 
 
​ការ​ចល័ត​ទ័ព​របស់​យោធា​ចិន​នេះ ធ្វើឡើង​ក្រោយពី​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7) ដែល​បាន​ជួបជុំគ្នា​ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃទី​២៦ ខែសីហា បានសម្រេច​គាំទ្រ​ស្វ័យភាព​របស់​ហុងកុង​ដូចដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៤ រវាង​អង់គ្លេស​និង​ចិន​។ 
 
​សូមបញ្ជាក់ថា ខណៈ​បាតុកម្ម​នៅ​ហុងកុង ឈានដល់​សប្តាហ៍​ទី​១២​ហើយ​នោះ ដើមចម​នៃ​បាតុកម្ម​នេះ ដំបូង​ឡើយ មាន​គោលដៅ​ចម្បង​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ការធ្វើ​បត្យាប័ន​មនុស្ស​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ប្រទេស​ចិន​។ 
 
​ប្រជាជន​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​សេចក្តីព្រាងច្បាប់​នេះ ដែល​បង្ក​ភាពចលាចល​ជាខ្លាំង​ក្នុង​ទីក្រុង ហុងកុង​។ បាតុកម្ម​នេះ បាន​ប្តូរ​រូបភាព​ពី​ការធ្វើ​ប្រចាំ​សប្តាហ៍ ទៅ​ការធ្វើ​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​តែម្តង​។ ជាការ​ទប់ទល់​នឹង​បាតុកម្ម​នេះ កម្លាំង​ប៉ូលិស​ហុងកុង បាន​ប្រើប្រាស់​ធម៌​ក្តៅ​រួមមាន​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ជាដើម​៕

Tag:
 ចិន​
  ហុងកុង​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com