យោធាចិន បានបើកប្រតិបត្តិការចល័តកងទ័ពក្នុងទីក្រុងហុងកុងនៅថ្ងៃទី២៩ ខែសីហា ។ តាមការចុះផ្សាយរបស់កាសែតរដ្ឋចិន សកម្មភាពនេះ មានគោលដៅត្រៀមលក្ខណៈជួយរក្សាស្ថិរភាព និងវិបុលសុខរបស់ទីក្រុងហុងកុង ខណៈមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកាន់តែធំ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយពីការចល័តទ័ពនៅម៉ោង ៤ព្រឹក ថ្ងៃព្រហស្បតិ៍។ ទ័ពប្រចាំក្រុងហុងកុងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានចល័តទ័ពជារៀងរាល់ឆ្នាំ ប៉ុន្តែលើកៗមុន កាសែតរដ្ឋនេះពុំចេញរបាយការណ៍ជាសាធារណៈបែបនេះឡើយ។ នេះជាការចល័តទ័ពលើកទី២២ហើយ ចាប់តាំងពីយោធាចិន (PLA) បានចាប់ផ្តើមដាក់កងទ័ពខ្លួនប្រចាំទីក្រុងហុងកុងក្នុងឆ្នាំ១៩៩៧មក។
ទីភ្នាក់ងារព័ត៌មាន Xinhua បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីទិដ្ឋភាពកងទ័ពក្នុងរថពាសដែកបើកចូលទីក្រុងហុងកុង តាមរយៈច្រកព្រំដែន Huanggang Port ខណៈកងទ័ពម៉ារីននៃកងទ័ពជើងទឹកចិន បានទៅដល់មូលដ្ឋានទ័ពលើកោះ Stonecutters នៅមុនថ្ងៃរះទៅទៀត។ ការចល័តទ័ពនេះបានអនុម័តដោយគណៈកម្មការយោធាមជ្ឈិមរបស់ចិន (CMC) ដែលមានលោកប្រធានាធិបតី ស៊ី ជិនភីង ជាប្រធាន។
«សកម្មភាពនេះ ជាការចល័តជាប្រចាំឆ្នាំ ធម្មតាមួយ ដោយស្របតាមច្បាប់នៃសាធារណរដ្ឋប្រជានិមិតចិនលើយោធភូមិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង»។ ទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយបែបនេះ ដោយបន្តថា កងទ័ពទាំងនេះ មានសមត្ថភាពពេញដៃដើម្បីការពារទីក្រុងហុងកុង និងស្មោះត្រង់ចំពោះការដឹកនាំរបស់បក្សកម្មុយនីស្តចិន និងគណៈកម្មការយោធាមជ្ឈិម។
«កងទ័ពទាំងនេះ តាំងចិត្តយ៉ាងមុតមាំការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។ ពួកគេ នឹងអនុវត្តកាតព្វកិច្ចដោយមានប្រសិទ្ធភាពការពារទីក្រុងហុងកុង និងរួមចំណែករក្សាស្ថិរភាព និងវិបុលភាពទីក្រុងហុងកុង»។ នេះជាការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដដែល។
ការចល័តទ័ពរបស់យោធាចិននេះ ធ្វើឡើងក្រោយពីមេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ដែលបានជួបជុំគ្នាក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា បានសម្រេចគាំទ្រស្វ័យភាពរបស់ហុងកុងដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេសនិងចិន។
សូមបញ្ជាក់ថា ខណៈបាតុកម្មនៅហុងកុង ឈានដល់សប្តាហ៍ទី១២ហើយនោះ ដើមចមនៃបាតុកម្មនេះ ដំបូងឡើយ មានគោលដៅចម្បងប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យការធ្វើបត្យាប័នមនុស្សពីទីក្រុងហុងកុងទៅកាន់ប្រទេសចិន។
ប្រជាជនរាប់ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្មតាមដងផ្លូវដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដែលបង្កភាពចលាចលជាខ្លាំងក្នុងទីក្រុង ហុងកុង។ បាតុកម្មនេះ បានប្តូររូបភាពពីការធ្វើប្រចាំសប្តាហ៍ ទៅការធ្វើស្ទើរតែជារៀងរាល់ថ្ងៃតែម្តង។ ជាការទប់ទល់នឹងបាតុកម្មនេះ កម្លាំងប៉ូលិសហុងកុង បានប្រើប្រាស់ធម៌ក្តៅរួមមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម៕