ជាតិ
សង្គមជាតិ
អច្ឆរិយ​កម្ពុជា​! ហុង ភា​រិ​ន រំភើប​ដែល​ខ្លួន​បានផ្តល់​ស្នាមញញឹម​ដល់​ពលរដ្ឋ​ខ្មែរ និង​ថៃ
29, Aug 2019 , 6:36 pm        
រូបភាព
​ជា​និស្សិត​អាហារូបករណ៍​ខ្មែរ​ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​៤​ជំនាញ​អភិវឌ្ឍន៍ជនបទ នៅ​សាកលវិទ្យាល័យ Rajabhat Chaiyaphum ប្រទេស​ថៃ យុវជន ហុង ភា​រិ​ន វ័យ​២២​ឆ្នាំ កំពុង​លេចធ្លោយ៉ាងខ្លាំង បន្ទាប់ពី​គេ​បានបង្ហាញ​សមត្ថភាព​ចងចាំ និង​គន់គូរ​យ៉ាង​អស្ចារ្យ ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយ​របស់​ថៃ​។ សមត្ថភាព និង​កាយវិការ​របស់ ភា​រិ​ន ទទួល​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ និង​ថៃ នៅក្នុង​បណ្តាញ​សង្គម ដែល​បាន​មើល​ឃ្លី​ប​វីដេអូ​។​



​អច្ឆរិយ​កម្ពុជា​!

​ភា​រិ​ន​បានទទួល​រហស្សនាម​នេះ ពី​គណៈមេប្រយោគ​ទាំងបី​រូប​ក្នុង​កម្មវិធី Super 100 របស់ក្រុមហ៊ុនផលិតកម្មវិធី​​ទូរទស្សន៍ Workpoint Entertainment ដែលជា​កម្មវិធី​ស្វែងរក​បុគ្គល​ដែលមាន​សមត្ថភាព​ជំនាញ​ពិសេស​។ យុវជន​ដែលមាន​កំណើត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​រូបនេះ បាន​ឆ្លងកាត់​ការសាកល្បង​សមត្ថភាព​លើ​បី​វិញ្ញាសា​ប្រកបដោយ​ជោគជ័យ​។​

​សម្រាប់​វិញ្ញាសា​ទីមួយ ភា​រិ​ន អាច​ចងចាំ​តួលេខ​ទាំង​៣០​ខ្ទង់​ដែល​រត់​លើ​អេក្រង់​ក្នុង​រយៈពេល​៣០​វិនាទី​។ រីឯ​វិញ្ញាសា​ទី​ពីរ យុវជន​ខ្មែរ​រូបនេះ បង្ហាញ​ពី​សមត្ថភាព​ចងចាំ​ទាក់ទង​នឹង​ទីតាំង​នៃ​សន្លឹក​បៀ​ទាំង​៥២​សន្លឹក ដោយ​គណៈកម្មការ​សួរ​ពី​លេខ​រៀង​នៅលើ​ផ្ទាំង​ក្តារ ហើយ​ភា​រិ​ន​ដែល​ត្រូវបាន​បិទ​ភ្នែក​ជិត ឆ្លើយ​ប្រាប់​ពី​ឈ្មោះ​សន្លឹក​បៀរ​ដែល​នៅលើ​នោះ​។

​មិន​ត្រឹមតែ​សមត្ថភាព​នៃ​ការចងចាំ​នោះឡើយ តែ​ភា​រិ​ន ផ្តល់នូវ​ភាព​ភ្ញាក់ផ្អើល​បន្ថែមទៀត​សម្រាប់​វិញ្ញាសា​ទី​បី តាមរយៈ​ការ​គន់គូរ​ឆ្នាំ សប្តាហ៍ ថ្ងៃ ខែ ទៅតាម​ប្រតិទិន ដែល​គណៈកម្មការ​ផ្តល់​ឲ្យ​ទាំង​អតីតកាល និង​អនាគត​។ គណៈកម្មការ​បង្ហើប​ប្រាប់​តែ​សប្តាហ៍ ថ្ងៃ និង​ខែ ភា​រិ​ន​អាច​ផ្តល់​ចម្លើយ​ទាក់ទង​នឹង «​ឆ្នាំ​» ហើយ​ខ្លះ បង្ហើប​ពី​សប្តាហ៍ ឆ្នាំ ខែ ភា​រិ​ន អាច​ឆ្លើយ​ប្រាប់​ភ្លាមៗ ទាក់ទង​នឹង «​ថ្ងៃ​»​។​



ហេតុអ្វី​បានដឹងថា​ខ្លួន​មាន​សមត្ថភាព​ពិសេស​?
«​ខ្ញុំ​បាន​មើល​កម្មវិធី​ទូរទស្សន៍​ចិន ទាក់ទង​នឹង​ការប្រកួតប្រជែង​ស្តីពី​ការចងចាំ ដោយ​ពេលនោះ​ខ្ញុំ​គិតថា ជា​កម្មវិធី​កុហក ខ្ញុំ​អត់​ចាប់អារម្មណ៍​។ ប៉ុន្តែ​ក្រោយមកទៀត ខ្ញុំ​ចាប់ផ្តើម​អាន​សៀវភៅ​ទាក់​ទឹង​នឹង​ចិត្ត​វិទ្យា ជាពិសេស​មេរៀន​ស្តីពី​ការប្រើប្រាស់​ខួរក្បាល និង​ការចងចាំ​។ ខ្ញុំ​ក៏​ផ្តើម​សាក​ហាត់ ហើយ​ទើប​ដឹងថា​ខួរក្បាល​របស់ខ្លួន​អាចទៅរួច​»​។ នេះ​ជាការ​អះអាង​របស់​យុវជន ហុង ភា​រិ​ន ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey​។​

​និស្សិត​អាហារូបករណ៍​នៅ​ថៃ វ័យ​២២​ឆ្នាំ​រូបនេះ បាន​អះអាងថា ការហ្វឹកហាត់​ខួរក្បាល​របស់គេ​មានដំណើរ​ការ​ជាង​១​ឆ្នាំកន្លះ​ហើយ គិត​មកដល់​បច្ចុប្បន្ន​។ ទោះបីជា​យ៉ាងណាក៏ដោយ ភា​រិ​ន បាន​បញ្ជាក់ថា ជោគជ័យ​មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះឡើយ ប៉ុន្តែ​វា​ចេញ​មកពី​ការតាំង​ចិត្ត និង​ការព្យាយាម​ខ្ពស់​។​

«​អរគុណ​បងប្រុស​បង្កើត​របស់ខ្ញុំ ដែល​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​អាន​សៀវភៅ ដើម្បី​កែប្រែ​បញ្ហា​ទាំងឡាយ​ឲ្យ​ក្លាយជា​ឱកាស ជាពិសេស​ការចាកចេញ​ពី​ជីវិត​ដ៏​អាប់អួរ​»​។ ភា​រិ​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​រំលឹក​ពី​ជីវិត​តស៊ូ​របស់ខ្លួន និង​បងប្រុស ជាមួយ​ម្តាយ​ដ៏​មហិមា​។​

​ក្រៅពី​សៀវភៅ និង​ឯកសារ​នានា ភា​រិ​ន ក៏មាន​បុរស​ម្នាក់ទៀត ជា​និមិត្តរូប​ផងដែរ នោះ​គឺ​លោក ប៊ី​ន ជនជាតិ​ថៃ ដែល​បានបង្ហាញ​សមត្ថភាព​ចងចាំ​សន្លឹក​បៀរ និង​លេង Rubik Cube ដោយ​បិទ​ភ្នែក​។

​ភា​រិ​ន បានបញ្ជាក់​ប្រាប់ ThmeyThmey ថា​៖ «​បង​ប៊ី​ន បាន​ចូល​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី Super 100 មុន​។ ពេល​ខ្ញុំ​មើល​គាត់​ហើយ ខ្ញុំ​ចង់​ពិសោធន៍​ខ្លួនឯង ហើយក៏​សម្រេចចិត្ត​ផ្ញើ​ឃ្លី​ប​វីដេអូ​ដើម្បី​សុំ​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​តែម្តង​»​។

​យក​សមត្ថភាព និង​ចំណេះដឹង​ដើម្បី​តបគុណ​
​សម្រាប់ ភា​រិ​ន អ្នក​ម្តាយ​គឺជា​អ្វីៗ​ទាំងអស់​របស់គេ​។ កើត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ភា​រិ​ន បាន​ឆ្លងកាត់​ជីវិត​កុមារភាព​ដ៏​កម្សត់ ដោយ​ឪពុកម្តាយ បាន​លែងលះគ្នា​នៅពេលដែល​គេ​មាន​អាយុ​១១​ឆ្នាំ​។ ក្រោយមក ភា​រិ​ន បងប្រុស និង​ម្តាយ​បាន​ប្តូរ​មក​រស់នៅ​ភ្នំពេញ​។

«​ម្តាយ​របស់ខ្ញុំ​គឺ​មហិមា​ណាស់ តាំងតែ​ពី​តូច​គាត់​មិនដែល​ឲ្យ​ខ្ញុំ​លំបាក​នោះទេ ទោះបី​ជាមាន​បញ្ហា​គ្រួសារ​បែកបាក់​ក៏ដោយ ក៏​គាត់​នៅតែ​ព្យាយាម រកលុយ​បញ្ជូន​ឲ្យ​ខ្ញុំ​ទៅ​រៀន​ដល់​គោលដៅ​ដែរ  ខ្ញុំ​ពិតជា​គោរព​កោតសរសើរ និង​ស្រឡាញ់​ម៉ាក់​ខ្ញុំ​មែនទែន​»​។ នេះ​ជាការ​អះអាង​របស់ ភា​រិ​ន ដោយ​ម្តាយ​របស់គេ​ខិតខំ​រកលុយ​ដែល​បាន​ពី​ការលក់ដូរ​បន្តិចបន្តួច​។​

​តាមពិតទៅ ភា​រិ​ន និង​បងប្រុស រំពឹងថា មានគ្រួសារ​ពេញលេញ​ដូច​គេ​ផងដែរ ប៉ុន្តែ​ក្រោយ​ការជានាគ្នា​វិញ​រយៈពេល​ខ្លី ឪពុកម្តាយ​ក៏បាន​បែកបាក់​គ្នា​ជា​លើក​ទី​ពីរ​។ យុវជន​រូបនេះ គិតថា ភារៈ​ចិញ្ចឹម និង​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដោយ​ម្តាយ​សុខចិត្ត​ទ្រាំ​ដោះបំណុល​ធនាគារ​។ «​ពេលខ្លះ នំប៉័ង​មួយ​ដើម ខ្ញុំ​ត្រូវ​ញ៉ាំ​សន្សំសំចៃ​ដោយ​ចែករំលែក​ឲ្យ​ដល់​បី​ថ្ងៃ​»​។ នេះ​ជាការ​រំលឹក​របស់ ភា​រិ​ន​។​

​ការតាំង​ចិត្ត​ដាក់​អាហារូបករណ៍​ឲ្យ​ជាប់​បាន​ក្លាយជា​គោលដៅ​ជីវិត​របស់ ភា​រិ​ន ដើម្បី​សម្រាល​បន្ទុក​ម្តាយ​។ នៅ​ឆ្នាំ​២០១៥ សុបិន​បានក្លាយ​ជាការ​ពិត ដោយ ភា​រិ​ន ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​ទៅ​រៀន​ជំនាញ​អភិវឌ្ឍន៍ជនបទ នៅ​សាកលវិទ្យាល័យ Rajabhat Chaiyaphum ប្រទេស​ថៃ​។​

​នា​ខែ​មិនា ឆ្នាំ​២០២០ ខាងមុខ ភា​រិ​ន ត្រូវ​បញ្ចប់​ការសិក្សា ប៉ុន្តែ​គេ​មិន​ដាច់ចិត្ត​ដើរ​ចេញពី​ទីកន្លែង​ដែល​បាន​សាង​ជីវិត​ថ្មី​ដល់​ខ្លួន​ដោយ​ដៃទទេ​នោះឡើយ​។ យុវជន​រូបនេះ ចង់ទុក​អនុ​ស្សារី​យ៍​ល្អ​សម្រាប់​អ្នក​ខេត្ត​ឆៃ​យ៉ា​ភូមិ (Chaiyaphum) ភាគ​ឦសាន​ប្រទេស​ថៃ​។​

​ឆ្លើយ​ទៅនឹង​ការសាកសួរ​របស់​គណៈ​កម្ម​ការ​កម្មវិធី Super 100 ភា​រិ​ន រំលឹកថា កាលពី​តូច គេ​ធ្លាប់ជា​ក្មេង​ម្នាក់​ដែល​ខ្លាច​សង្គម និង​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ ប៉ុន្តែ​គេ​បានក្លាយ​មនុស្ស​ចូល​សង្គម​កាន់តែ​ចុះ ក្រោយ​បងប្រុស​ណែនាំ​ឲ្យ​អាន​សៀវភៅ ដោយ​ភាគច្រើន​គេ​អាន​សៀវភៅ​ទាក់ទង​នឹង​ការអភិវឌ្ឍ​ខ្លួនឯង និង​ចិត្តសាស្ត្រ​។​



បន្ថែម​ពីលើ​នេះ ប្រជាជន​នៅ​ខេត្ត​ឆៃ​យ៉ា​ភូមិ ក៏មាន​ចំណែក​ផ្លាស់​ប្តូរជីវិត​របស់​ភា​រិ​ន​ផងដែរ​។ «​ខ្ញុំ​សម្រេចចិត្ត​ឡើង​កម្មវិធី [Super 100] នេះ ដើម្បី​ទទួលបាន​សម្ភារ​សិក្សា​ឲ្យ​ក្មេង​នៅ​ខេត្ត​ឆៃ​យ៉ា​ភូមិ ខ្ញុំ​អរគុណ​ប្រជាជន​ឆៃ​យ៉ា​ភូមិ ដែល​កន្លងមក បានរួម​ចំណែក​ឲ្យ​ជីវិត​ខ្ញុំ​មានការ​ផ្លាស់ប្តូរ ក្លាហាន​ជាង​មុខ​»​។ ការរៀបរាប់​របស់ ភា​រិ​ន ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នកទស្សនា​ផ្ទាល់ រំជួលចិត្ត ហើយ​ស្ងើចសរសើរ​យ៉ាងខ្លាំង​។​

​ទីបំផុត ការឆ្លង​ផុត​បានសម្រេច​ទាំង​៣​វិញ្ញាសា​ដោយ​គ្មាន​ឧបសគ្គ បានធ្វើ​ឲ្យ​បំណង​របស់ ភា​រិ​ន បាន​ជោគជ័យ ដោយ​ទទួលបាន​សម្ភារ​សិក្សា​ដែលមាន​តម្លៃ​សរុប​៤៥០០០​បាត (​ជិត​១៥០០​ដុល្លារ​អាមេរិក​) រួមទាំង​ប្រាក់ឧបត្ថម្ភ​បន្ថែមទៀត ១០០០០​បាត (​ជិត​៣៣០​ដុល្លារ​អាមេរិក​) ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​។​

​ក្រោយ​ការបង្ហាញ​សមត្ថភាព ក្រុមការងារ​របស់​ក​ម្ម​វិធី Super 100 នៃ​ទូរទស្សន៍ Workpoint Entertainment បាន​ដឹក​សម្ភារ​សិក្សា​ដោយផ្ទាល់​ទៅ​ខេត្ត​ឆៃ​យ៉ា​ភូមិ ហើយ ភា​រិ​ន បាន​ចែក​សម្ភារ​សិក្សា​ទាំងនោះ ដល់​កុមារៗ ជាមួយនឹង​ទឹកមុខ​សប្បាយរីករាយ​។​

​ការតាំង​ចិត្ត ការព្យាយាម​ប្រែក្លាយ​បញ្ហា​ទៅជា​ឱកាស​

​ពិតណាស់ ភា​រិ​ន ទទួលស្គាល់ថា អច្ឆរិយ មិនអាច​កើតឡើង​ដោយ​ឯកឯង​នោះឡើយ ដោយ​អ្វីៗ​ទាំងអស់​កើតចេញពី​ការព្យាយាម​។ មុនពេល​ចូល​កម្មវិធី Super 100 ភា​រិ​ន ក៏​មិន​ដាក់​រំពឹង​លើ​ខ្លួនឯង​ខ្ពស់​ពេក​នោះដែរ ប៉ុន្តែ​តាំងចិត្ត​ព្យាយាម​ធ្វើ​ឲ្យ​បាន​។​

​និស្សិត​អាហារូបករណ៍​ដែល​កំពុង​ស្ថិតនៅ​ឆ្នាំ​ទី​៤ ឆមាស​ទី​១ រូបនេះ បាន​អះអាងថា គេ​ខិតខំ​ហ្វឹកហាត់​ខួរក្បាល​ជាប្រចាំ តាមរយៈ​ការកែប្រែ​ការចងចាំ​ឲ្យ​ទៅជា​រូបភាព​។ ជាមួយគ្នានេះ ភា​រិ​ន បាន​បញ្ជាក់ថា ករណីខ្លះ​គេ​មានការ​ភាំង​មួយសន្ទុះ ដោយសារ​នោះ គេ​កំពុង​ព្យាយាម​ទាញ​រូបភាព​នៃ​ការចងចាំ​ឲ្យ​ត្រឡប់​ចូល​វិញ​។​

​សម្រាប់​ភា​រិ​ន អាហារ​ដ៏​ល្អ​បំផុត​ក្នុងការ​បំប៉ន​ខួរក្បាល​ឲ្យ​ដំណើរ​ការល្អ​នោះ គឺ​ការហ្វឹកហាត់ ព្យាយាម អត់ធ្មត់ រួមទាំង​ការយកចិត្តទុកដាក់​លើ​ការថែរក្សា​សុខភាព ដំណេក និង​ការ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​។​



មតិយោបល់​វិជ្ជមាន​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Youtube
«​ខ្ញុំ​មិនដែល​គិត​សោះ​ថា មាន​ផល​វិជ្ជមាន​ដល់​ថ្នាក់​ហ្នឹង​។ ពេលចេញ​វីដេអូ ខ្ញុំ​សប្បាយចិត្ត​មែនទែន ដោយសារ​ការបញ្ចេញមតិ​យោបល់​ទាំង​ក្រុង​ហ្វេ​ស​ប៊ុ​ក និង Youtube សុទ្ធ​តែមាន​លក្ខណៈ​វិជ្ជមាន​ច្រើន​មែនទែន​។ មិន​ថា​ជនជាតិ​ថៃ ឬ​ខ្មែរ​យើង​នោះឡើយ​»​។ ភា​រិ​ន បានលើកឡើង​ពី​អារម្មណ៍​ដ៏​រំភើប​បែបនេះ ប្រាប់​សារព័ត៌មាន ThmeyThmey​។​

​យុវជន​វ័យ​២២​ឆ្នាំ​រូបនេះ បាន​អះអាងថា រូបគេ​សប្បាយចិត្ត​ពេល​ឃើញ​ស្នាមញញឹម​របស់​ជនជាតិ​ខ្មែរ និង​រីករាយ​ទទួលយក​ការកោតសរសើរ​របស់​ជនជាតិ​ថៃ ចំពោះ​ការបង្ហាញ​សមត្ថភាព​របស់ខ្លួន​។​ បន្ថែមពីលើនេះ ភារិន ទទួលបាននូវការគោរពបន្ថែមទៀតនៅពេលដែល​គេ​ណែនាំខ្លួនជាភាសាខ្មែរ និងកាយវិការសំពះដ៏សមសួន។


កម្ម​វិធី Super100 បង្ហោះសារបញ្ចេញមតិយោបល់វិជ្ជមាននានាទាក់ទងនឹងសមត្ថភាពរបស់ ភារិន

តើ​នឹងធ្វើ​អ្វី​ទៀត​នាពេល​អនាគត​? ភា​រិ​ន មិនបាន​បង្ហើប​ឲ្យ​ដឹង​ច្បាស់​នោះឡើយ ប៉ុន្តែ​ក្តី​សុបិន​ដ៏​ធំ​របស់គេ គឺ​ការរៀន​បន្ត​យក​អនុបណ្ឌិត ហើយ​ឈានដល់​កម្រិត​បណ្ឌិត​៕







© រក្សាសិទ្ធិដោយ thmeythmey.com