ជាតិ
បទសម្ភាសន៍
ព័ត៍មានសុខភាព
បញ្ហាហ្ស៊ែន បរិស្ថាន និងការបរិភោគអាហារផ្អាប់ ជាមូលហេតុនៃជំងឺអាលែកហ្ស៊ី !
× ភ្នំពេញ៖ បញ្ហាជំងឺអាលែកហ្ស៊ី បណ្ដាលមកពីមូលហេតុអ្វី? បញ្ហាអាលែកហ្ស៊ី បណ្ដាលមកពីកត្តា៣សំខាន់ៗ គឺកត្តាហ្ស៊ែនពីកំណើត បរិស្ថាន និងទម្លាប់របស់មនុស្ស។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហែន ភារៈអ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី។
លោក ហែន ភារៈ បាននិយាយថា បញ្ហាហ្ស៊ែនដែលមានផ្ទុកជំងឺអាលែកហ្ស៊ីពីកំណើតនោះ គឺបង្កផលប៉ះពាល់ច្រើនដល់មនុស្ស ដែលធ្វើឱ្យពួកគេងាយប្រឈមមុខនឹងបញ្ហានេះ ពោលគឺគេប្រើប្រាស់ផលិតផលរក្សាស្បែក ឬញាំអាហារអ្វីក៏ដោយ ក៏អាចជួបញ្ហាជំងឺអាលែកហ្ស៊ី។
ចំណែកបញ្ហាបរិស្ថានវិញ លោក ហែន ភារៈ បានពន្យល់ថា ទីជម្រករស់នៅកខ្វក់ កន្លែងមានការដ្ឋានសំណង់ ឬកន្លែងចិញ្ចឹមសត្វ ជាពិសេសកទីតាំងប្រឡាយលូ និងសំរាមជាដើម គឺសុទ្ធតែសម្បូរទៅដោយពពួកសត្វល្អិត និងមេរោគ ដែលអាចរសាត់តាមខ្យល់មកទុំលើស្បែកនោះ ក៏ជាដើមចមនៃបញ្ហាអាលែកហ្ស៊ីដែរ។ បើតាមលោក ហែន ភារៈ បញ្ហាទម្លាប់របស់មនុស្ស ក៏បង្កឱ្យមានជំងឺអាលែកហ្ស៊ីដែរ។ ទម្លាប់របស់មនុស្សនេះ គឺលោកវេជ្ជបណ្ឌិតរូបនេះ ចង់សំដៅទៅលើការបរិភោគអាហារផ្អាប់ ដូចជាប្រហុក ផ្អក ឬម៉ាំជាដើម ជាពិសេសការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងសុខភាព។ល។
សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី ដូចតទៅ៖
ត្រង់ចំណុចនេះ លោក ហែន ភារៈ បានលម្អិតបន្ថែមថា ពពួកមេរោគដែលនាំឱ្យមានបញ្ហាអាលែហ្ស៊ី គឺមកពីការប្រើប្រាស់ ឬប៉ះពាល់អ្វីមួយ ដែលមានសារធាតុគីមី ហើយបង្កឱ្យមានការរលាក ឬឡើងកន្តួលរមាស់ រហូតមានបញ្ហាស្បែក។ បើតាមលោក ភារៈ ការរលាក ឬរលាត់ស្បែកនេះ វាក៏បង្កឱ្យពពួកមេរោគម្យ៉ាង ដែលគេហៅជាភាសាឯកទេសពេទ្យថា «Dust Smile» កើតឡើងដែរ។ ពពួកមេរោគនេះ វាស៊ីស្បែករលាក ឬរលាត់របស់មនុស្សហើយ វាក៏បញ្ចេញទឹកមាត់ និងលាមករបស់វា ដែលគេហៅថា «Dropping» ចេញមក ហើយបង្កឱ្យមានជំងឺអាលែកហ្ស៊ីតែម្ដង។
តែយ៉ាងណាលោកវេជ្ជបណ្ឌិត ហែន ភារៈ បានសង្កត់ធ្ងន់ថា ពលរដ្ឋដែលកើតមានជំងឺអាលែកហ្ស៊ី ពីកំណើត ដោយសារបញ្ហាហ្ស៊ែននៃតំណពូជនោះ គឺព្យាបាលមិនងាយជាសះស្បើយនោះទេ ពោលគឺក្រោយការព្យាបាលរយៈពេល៣ទៅ៤ ខែនោះ ជំងឺអាលែកហ្ស៊ីនេះ នឹងកើតមានឡើងវិញ។ ចំណែកអ្នកមានបញ្ហាអាលែកហ្ស៊ី ដោយសារការបរិភោគអាហារ ឬប្រើប្រាស់ផលិតផលមិនសូវមានគុណភាពនោះ ត្រូវបានលោក ភារៈ អះអាងថា អាចព្យាបាលជាស្បះស្បើយ៕
Tag:
ហែន ភារៈ
ជំងឺសើស្បែក
អាលែកហ្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com