កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ប្រជែង​ឈ្នះ Messi និង Ronaldo ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​
30, Aug 2019 , 8:51 am        
រូបភាព
Virgil van Dijk ខ្សែការពារ​ឈ្នើម Liverpool បាន​យកឈ្នះ​គូប្រជែង Lionel Messi និង Cristiano Ronaldo ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់​អឺរ៉ុប (UEFA Men's Player of the Year) ប្រចាំ​រដូវ​កាល ២០១៨-១៩​។ Van Dijk បាន​ស្នង​តំណែង​នេះ ពី Luka Modric ខ្សែបម្រើ Real Madrid ដែល​ទទួលបាន​កាលពី​ឆ្នាំមុន​។​

​ការប្រគល់​ពាន UEFA Men's Player of the Year បាន​ប្រព្រឹត្ត​ធ្វើឡើង នៅ​យប់​ថ្ងៃទី​២៩ ខែសីហា ក្នុងប្រទេស​ម៉ូ​ណា​កូ ពោលគឺ​ស្របពេល​ពិធី​ចាប់ឆ្នោត​រើស​ពូ​ល UEFA Champions League រដូវ​កាល​ថ្មី ២០១៩-២០ នេះ​ផង​។ 
 
​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ហូ​ឡង់ Van Dijk បាន​ក្លាយជា​កីឡាករ​ល្អ​បំផុត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA​។ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ៦០​រូប  និង​អ្នកសារព័ត៌មាន​៥៥​នាក់ មកពី​ទូទាំង​ទ្វីបអឺរ៉ុប ខ្សែការពារ​ថ្លៃ​ជាងគេ​របស់ Liverpool ទទួលបាន​សំឡេងគាំទ្រ​៣០៥ ខណៈ Messi ២០៧​សំឡេង និង Ronaldo តិចជាងគេ​ត្រឹម ៧៤​សំឡេង​ប៉ុណ្ណោះ​។​
 
Van Dijk ដែល​ជួយ​ហង្ស​ក្រហម​ដណ្តើមបាន​ពាន Champions League រដូវ​កាល​មុន បាន​ក្លាយជា​ខ្សែការពារ​ដំបូង​បំផុត​ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​អឺរ៉ុប​នេះ​។​
 
​ដោយឡែក តំណែង​អ្នកចាំទី​ល្អ​បំផុត​បាន​ទៅ Alisson Becker (Liverpool) ខ្សែការពារ Virgil van Dijk (Liverpool) ខ្សែបម្រើ Frenkie de Jong កាល​លេង​ឲ្យ Ajax តែ​សព្វថ្ងៃ​ផ្លាស់​ទៅ Barcelona និង ខ្សែប្រយុទ្ធ​ឆ្នើម​បាន​ទៅ Leo Messi (Barcelona)​។​
  
 
​សម្រាប់​ផ្នែក​នារី​វិញ ខ្សែការពារ​ក្រុម​ជម្រើសជាតិ​នារី​អង់គ្លេស Lucy Bronze ជា​អ្នក​គ្រង​ពាន Uefa Women's Player of the Year​។ Bronze ក៏បាន​ក្លាយជា​កីឡាការិនី​ដំបូង​ផងដែរ​របស់​អង់គ្លេស​ដែល​អាច​ឈ្នះ​ពានរ​បស់​អឺរ៉ុប តាមរយៈ​ការ​ប្រជែង​ឈ្នះ​មិត្ត​រួម​ក្រុម Lyon ពីររូប​ទៀត​ដូចជា Ada Hegerberg និង Amandine Henry ពី​ការបោះឆ្នោត​របស់​គ្រូបង្វឹក និង​អ្នកកាសែត​៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com