ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​កើតមុន ចៀសឱ្យផុត​អាហារ​ទាំងនេះ​
30, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ រួមទាំង​ស្បែក​។ ហើយ​បញ្ហា​ស្បែក​ជា​ញឹកញយ​តែង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​មិន​ស្រួល​និង​ថែមទាំង​បាត់បង់​នូវ​រូប​សម្រស់​ទៀតផង​។


 
​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​ដែល​អ្នក​គួរ​ឈប់​ទទួលទាន​ដើម្បី​អាច​ចៀស​ផុតពី​បញ្ហា​រោគ​មុ

១. ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​
 
​អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែ​កបាន​ឲ្យ​ដឹងថា ការទទួល​ទាន​ជាតិ​អាល់កុល គឺជា​រឿង​ដ៏​អាក្រក់​បំផុត​មួយ​ចំពោះ​សុខភាព​ស្បែក​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​ផ្ដល់​ប៉ះពាល់​ជាច្រើន ហើយ​ទីមួយ​នោះ គឺ​ជាតិ​អាល់កុល​បង្ក​ការរំខាន​ដល់​អ័រម៉ូន​ដែល​នឹង​នាំឱ្យ​កើតមុន​។ ទី​ពីរ​នោះ គឺ​វា​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ត្រូវ​ចុះខ្សោយ​ដោយ​ការជំនួស​បាក់តេរី​សំខាន់ៗ​នៅក្នុង​ពោះវៀន​។ ទី​បី​នោះ គឺ​ជាតិ​អាល់កុល​ធ្វើអោយ​ស្បែក​ប្រែជា​ស្ងួត បាត់បង់​សំណើម ហើយ​ថែមទាំង​ធ្វើឱ្យ​អ្នក​មើលទៅ​ដូច​ហើមៗ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​គ្រឿង​ស្រវឹង ឬក៏​ទទួលទាន​ក្នុង​កម្រិត​តិចតួច​។​
 
២. អាហារ​ធ្វើឡើង​ពី​ទឹកដោះគោ​
 
​ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​អ័រម៉ូន​លូតលាស់​ដែល​ធ្វើឱ្យ​ក្រពេញ​ខ្លាញ់​កាន់តែ​សកម្ម ជា​លទ្ធផល​ស្បែក​របស់​អ្នកនឹង​ឡើង​ខ្លាញ់​ច្រើន​ដែល​ងាយ​កើតមុន​។ លើសពីនេះទៅទៀត ទឹកដោះគោ​គុណភាព​ទាប​ដែលមាន​ប្រភពពី​គោ​ដែល​ត្រូវបាន​ចិញ្ចឹម​ឱ្យ​ស៊ី​ពោត និង​សណ្ដែកសៀង មិនមែន​ស្មៅ​ឡើយ គឺ​សម្បូរ​ណាស់ ហើយ​ប្រសិនបើ​អ្នកទទួល​ទាន​ចំ​ទឹកដោះគោ​គ្មាន​គុណភាព​ច្រើន​អ្នក​ប្រាកដជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​នៃ​រោគ​មុន​។ ហើយ​ចំពោះ​អ្នកចាញ់​ឡាក់​តូ​ស​វិញ ប្រសិនបើ​ទទួលទាន​ទឹកដោះគោ​ក៏​អាច​នឹង​ជួបប្រទះ​បញ្ហា​ស្បែក​ជាច្រើន​ដូចជា រោគ​មុន និង​ជំងឺ​សើ​ស្បែក​ត្រអក​។​
 
៣. សាច់​កែច្នៃ​
 
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាពបត់បែន​ក្នុង​ស្បែក​ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។​
 
៤. ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​
 
​ទឹក​ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​មិន​ចាញ់​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ​! ជាតិ​ស្ករ​នៅក្នុង​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​ផ្ដល់​ផល​អាក្រក់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្បែក ដោយ​វា​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក​។ លើសពីនេះទៅទៀត ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​គ្មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​ស្បែក​ត្រូវការ​ចាំបាច់​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ជៀស​ផុតពី​ជាតិពុល ក៏ដូចជា​បញ្ហា​នានា ហើយ​ទទួលបាន​នូវ​វីតាមីន និង​ជាតិ​រ៉ែ​ល្អៗ អ្នក​អាច​កិន​ផ្លែឈើ​ស្រស់ ឬ​បន្លែ​ជា​ភេសជ្ជៈ​យកមក​ទទួលទាន​ដោយ​ខ្លួនឯង ជំនួស​ការទិញ​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​មក​ទទួលទាន​។​អ្នក​ក៏​អាច​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​តែម្ដង​ដើម្បី​ទទួលបាន​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ពេញលេញ​ដែលមាន​ផ្ទុក​ក្នុង​ផ្លែឈើ​។​
 
៥. អាហារ​បំពង ឬ​ចៀន​

​អាហារ​ប្រភេទ​នេះ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​បង្កបញ្ហា​មុន​បាន​យ៉ា​ងាយ​លើ​ស្បែក​។ ជាតិ​ខ្លាញ់ ក៏ដូចជា​ជាតិ​ប្រេង​ក្នុង​អាហារ​បំពង​កែច្នៃ​អាចធ្វើឱ្យ​ស្បែក​គ្មាន​សុខភាព​ល្អ​និង​ថែមទាំង​ប្រមូលផ្ដុំ​ខ្លាញ់​ហួសប្រមាណ​ទៀតផង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com