ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​សំខាន់ៗ​ដែល​អ្នក​ចាំបាច់​គួរ​ទទួលទាន “​ទឹកដូង​”
30, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដូង គឺជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ចង់​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ប្រសើរ​។ អ្វីដែល​ពិសេស​នោះ គឺ​ភេសជ្ជៈ​នេះ​មិន​ត្រឹមតែ​ងាយ​រកបាន​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​តម្លៃ​សមរម្យ​ផងដែរ​។ បើទោះជា​ឧស្សាហ៍ ឬ​ចូលចិត្ត​ទទួលទាន​ក៏ដោយ តែមាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ចាប់អារម្មណ៍​ដឹងថា ទឹកដូង គឺ​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រាងកាយ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ទទួលទាន​ទឹកដូង​ចំពោះ​សុខភាព ៖

១. បញ្ចុះ​សម្ពាធ​ឈាម​
 
​ទឹកដូង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​រក្សា​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​។​
 
២. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ទឹកដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។ លើសពីនេះទៅទៀត​ឥទ្ធិពល​អេ​ឡិច​ត្រូ​លីត្រ​នៃ​ទឹកដូង ក៏​ជួយ​សម្រួល​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​ជាតិ​ប្រូតេអ៊ីន​ពី​អាហារ​បាន​ពេញលេញ​ផងដែរ​។ ទឹកដូង​ក៏​ល្អ​សម្រាប់​បំបាត់​អាកា​រៈ​កន្ត្រាក់​សាច់ដុំ និង​ការឈឺចាប់​ពោះវៀន​ដែល​បណ្ដាលមកពី​បញ្ហា​ពិបាក​រំលាយ​អាហារ​។​
 
៣. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​នោះ​ក៏​ព្រោះតែ​ទឹកដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ isotonic ជាតិ​អេ​ឡិច​ត្រូ​លីត្រ ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​ដែល​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹកបាន​យ៉ាង​ប្រសើរ​។​
 
៤. សុខភាព​តម្រងនោម​
 
​ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែលមាន​ប្រសិទ្ធភាព​យ៉ាង​ប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ផ្លោក​នោម និង​ថែមទាំង​អាច​បំបែក​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។​
 
៥. សុខភាព​ខួរក្បាល​និង​សាច់ដុំ​
 
​ទឹកដូង​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​បំផុត​សម្រាប់​គ្រប់គ្រង​អត្រា​ចង្វាក់បេះដូង​និង​ធ្វើអោយ​មុខងារ​សាច់ដុំ​កាន់​តែមាន​ភាពប្រសើរឡើង​។ ប៉ូ​តា​ស្យូ​ម​ក៏​ដើរតួ​ជា​អេ​ឡិច​ត្រូ​លីត្រ​ធម្មជាតិ​ដែល​ជួយ​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​បង្កើន​ការចងចាំ រួមទាំង​បង្កើន​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ​។​

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​
 
​ទឹកដូង​មាន​ផ្ទុក​អាស៊ីត lauric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធិភាព​កម្ចាត់​រាល់​បាក់តេរី​មិនល្អ​ក្នុង​រាងកាយ​ដែល​បង្ក​ជំងឺ​អញ្ចាញ និង​មេរោគ​ឆ្លង​ក្នុង​ផ្លូវ​ទឹកនោម​។ ទឹកដូង​ក៏​ជួយ​ទប់ស្កាត់​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ និង​មេរោគ​ឆ្លង​ផ្សេងៗ​ផងដែរ​។​
 
៧. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​។​
 
៨. បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​
 
​នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ទឹកដូង​មាន​ប្រសិទ្ធភាព​អាចជួយ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com