កាសែត​រដ្ឋ​ចិន​៖​ទ័ព​ចិន​នៅ​ហុងកុង​នឹងមិន​នៅ​ស្ងៀម​ឡើយ បើ​ស្ថានការណ៍​កាន់តែ​ដុនដាប​
អន្តរជាតិ
កាសែត​រដ្ឋ​ចិន​៖​ទ័ព​ចិន​នៅ​ហុងកុង​នឹងមិន​នៅ​ស្ងៀម​ឡើយ បើ​ស្ថានការណ៍​កាន់តែ​ដុនដាប​
30, Aug 2019 , 10:04 am        
រូបភាព
យោធាចិន ធ្វើសមយុទ្ធក្បែរព្រំដែនហុងកុង កាលពីពាក់កណ្តាលខែសីហាកន្លងទៅ (AFP)
យោធាចិន ធ្វើសមយុទ្ធក្បែរព្រំដែនហុងកុង កាលពីពាក់កណ្តាលខែសីហាកន្លងទៅ (AFP)
​ទាហាន​ចិន​ដែល​ឈរជើង​ក្នុង​ទីក្រុង​ហុងកុង មិនមែន​គ្រាន់តែ​ដាក់​សម្រាប់​គោលដៅ​តំណាង​ឡើយ ហើយ​ពួកគេ​នឹងមិន​ឱបដៃ​ឈរ​មើល​នោះទេ ប្រសិនបើ​ស្ថានការណ៍​ក្នុង​ទីក្រុង​នេះ​កាន់តែ​ដុនដាប​។ កាសែត​រដ្ឋ​ចិន China Daily ចុះផ្សាយ​បែបនេះ​ក្នុង​វិចារណកថា​នៃ​ការនិពន្ធ​របស់ខ្លួន នៅ​ថ្ងៃ​សុក្រ​ទី​៣០ សីហា​។

 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៩ ខែសីហា យោធា​ចិន បាន​បើក​ប្រតិបត្តិការ​ចល័ត​កងទ័ព​ក្នុង​ទីក្រុង​ហុងកុង​។ ក្រុង​ប៉េកាំង​ហៅថា​សកម្មភាព​នេះ​ថា ជាការ​ចល័ត​ទ័ព​ប្រចាំឆ្នាំ​ទាំង​ផ្លូវអាកាស ទឹក និង​គោក​។ នេះ​ជាការ​ចល័ត​ទ័ព​លើក​ទី​២២​ហើយ ចាប់តាំងពី​យោធា​ចិន (PLA) បានចាប់ផ្តើម​ដាក់​កង​ទ័ព​ខ្លួន​ប្រចាំ​ទីក្រុង​ហុងកុង​ក្នុង​ឆ្នាំ​១៩៩៧​មក​។ 
 
​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​មានការ​ចល័ត​ទ័ព​ចូល​ក្រុង​ហុងកុង​នេះ កាសែត​រដ្ឋ​ចិន China Daily ក្នុង​វិចារណកថា​នៃ​ការនិពន្ធ​ខ្លួន សរសេរថា ខណៈ​រដ្ឋាភិបាល​ហុងកុង ពុំទាន់​ត្រូវការ​ទាហាន​ចិន ដែល​ឈរជើង​នៅ​ទីក្រុង​នេះ នេះ​មិន​មានន័យថា ពួកគេ​នឹងមិន​ស្នើសុំ​ជំនួយ​ពី​ទាហាន​ចិន នៅពេល​ស្ថានការណ៍​តម្រូវ​នោះឡើយ​។​
 
​ប្រសិនបើ ស្ថានការណ៍​កាន់​ដុនដាប ក្រោមរូបភាព​អំពើហិង្សា និង​ចលាចល​ដែល​គំរាមកំហែង​ដល់​ការគ្រប់គ្រង​របស់​ក្រុង​ហុងកុង កងទ័ព​ចិន​ដែល​ឈរជើង​ក្នុង​ទីក្រុង​ហុងកុង នឹងមិន​ឱបដៃ​ឈរ​មើល​ឡើយ​។ កាសែត​រដ្ឋ​ចិន​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ សង្កត់ធ្ងន់ថា​បែបនេះ ដោយ​បន្ថែមថា ទាហាន​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​ឈរជើង​ក្នុង​ទីក្រុង ពុំ​គ្រាន់តែ​តំណាង​ឲ្យ​អធិបតេយ្យភាព​ចិន​លើ​ទីក្រុង​នេះឡើយ​។ 
 
​សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់​ទីក្រុង​ហុងកុង ឬ​ហៅ​ម្យ៉ាង​ទៀតថា ច្បាប់មូលដ្ឋាន (Basic Law) ចែងថា  រដ្ឋបាល​ហុងកុង អាច​ស្នើសុំ​ជំនួយ​ពី​ទាហាន​ចិន​ដែល​ឈរជើង​ក្នុង​ទីក្រុង​នេះ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ប៉ុន្តែ​ពួកគេ នឹងមិន​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ហុងកុង​ឡើយ​។ អ្នកវិភាគ​ជាច្រើន ប៉ាន់​ស្មានថា ទាហាន​ចិន (Garrison) មាន​ចំនួន​ចន្លោះ​ពី ៨​ពាន់​នាក់ និង​១​ម៉ឺន​នាក់ ដែល​បែងចែក​តាម​មូលដ្ឋាន ដូចជា ភាគខាងត្បូង​ចិន និង​បន្ទាយ​ជាច្រើន​ទៀត ក្នុង​ទីក្រុង ហុងកុង​។ ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស​។ 
 
ខណៈ​បាតុកម្ម​នៅ​ហុងកុង ឈានដល់​សប្តាហ៍​ទី​១២​ហើយ​នោះ ដើមចម​នៃ​បាតុកម្ម​នេះ ដំបូង​ឡើយ មាន​គោលដៅ​ចម្បង​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ការធ្វើ​បត្យាប័ន​មនុស្ស​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ប្រទេស​ចិន​។ ប្រជាជន​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​សេចក្តីព្រាងច្បាប់​នេះ ដែល​បង្ក​ភាពចលាចល​ជាខ្លាំង​ក្នុង​ទីក្រុង ហុងកុង​។ បាតុកម្ម​នេះ បាន​ប្តូរ​រូបភាព​ពី​ការធ្វើ​ប្រចាំ​សប្តាហ៍ ទៅ​ការធ្វើ​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​តែម្តង​។ ជាការ​ទប់ទល់​នឹង​បាតុកម្ម​នេះ កម្លាំង​ប៉ូលិស​ហុងកុង បាន​ប្រើប្រាស់​ធម៌​ក្តៅ​រួមមាន​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ជាដើម​៕

Tag:
 ចិន​
  ហុងកុង​
  កងទ័ព​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com