ជាតិ
សង្គមជាតិ
សូម​ប្រុងប្រយ័ត្ន​! ឥទ្ធិពល​ព្យុះ​«​ប៉ូ​ដុល​»​នឹងធ្វើ​ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ខ្ពស់​
30, Aug 2019 , 10:42 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​សាជាថ្មី​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ «​ប៉ូ​ដុល​» ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ដែល​នៅជាប់​ទន្លេមេគង្គ នឹងមាន​ភ្លៀង​ធា្ល​ក់ប​ង្ក​ឲ្យ​ទឹក​នៅ​ទន្លេ​មានការ​ហក់​ឡើង​ខ្ពស់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


 
​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក ព្យុះ​«​ប៉ូ​ដុល​»​បានធ្វើ​ដំណើរ​ចូលដល់​ប្រទេស​វៀតណាម​ភាគ​កណ្តាល រួច​បន្ត​ចូល​ប្រទេស​ឡាវ នៃ​អាង​ទន្លេមេគង្គ​។ បាតុភូត​នេះ បានធ្វើ​ឲ្យ​ប្រទេស​ឡាវ ថៃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​។ ចំណែក​កម្ពុជា ក៏​ទទួលរង​នូវ​ឥទ្ធិពល​នេះ​ផងដែរ​។ 
 
​បាតុភូត​នេះ នឹងធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង ហើយ​កម្រិត​នៃ​ការ​ហក់​ឡើង​នេះ អាច​នឹង​ជិត​ដល់​កម្រិត​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​។ បើតាម​ព្យាករ​របស់​ក្រសួង ទឹកទន្លេ​មេគង្គ​នៅ​ស្ទឹងត្រែង អាច​ហក់​ឡើងដល់ ១០,៥០​ម៉ែត្រ​, ខេត្តក្រចេះ ហក់​ឡើងដល់​២១​ម៉ែត្រ​, ខេត្តកំពង់ចាម អាច​ឡើងដល់​១៣,៥០​ម៉ែត្រ​, ទន្លេ​នៅ​ចតុមុខ អាច​ហក់​ឡើងដល់​៨ ម៉ែត្រ​។ ចំណែក​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ក៏​នឹង​ហក់​ឡើង​ផងដែរ​។ 
 
​អាស្រ័យហេតុនេះ ក្រសួង​សូម​ស្នើ​ឲ្យ​ស្ថាប័ន អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ជៀសវាង​នូវ​គ្រោះជា​យថាហេតុ​។ ទន្ទឹមនឹងនេះ ក្រសួង​សូម​ឲ្យ​ពលរដ្ឋ​ត្រៀម​វិធាន​ការប្រមូល និង​ថែរក្សា​ទឹក​ទុក ដើម្បី​ប្រើប្រាស់​នៅពេល​ខាងមុខ​៕  

Tag:
 ​ទឹកជំនន់​
 ​ទន្លេមេគង្គ​
 ​ព្យុះ​
 ​អាកាសធាតុ​
 ​ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com