កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Conte រំភើបចិត្ត​ខ្លាំង​ក្រោយ Inter ចាប់ឆ្នោត​ប៉ះ Barca និង Dortmund នៅ​ពូ​ល F
30, Aug 2019 , 12:13 pm        
រូបភាព
​លោក Antonio Conte បានបង្ហាញ​អារម្មណ៍​រំភើប​សម្រាប់​ការចាប់ផ្តើម​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ UEFA Champions League ដ៏​ស្វិតស្វាញ បន្ទាប់ពី​ក្រុម​របស់លោក គឺ Inter Milan ចាប់ឆ្នោត​រើស​ពូ​ល​ជួប​សុទ្ធតែ​ក្រុម​ខ្លាំងៗ​។​


 
​នា​ពិធី​ចាប់ឆ្នោត​ដើម្បី​រើស​ពូ​ល (Group stage) សម្រាប់​ក្រុម​ទាំង​៣២ ដែល​ប្រព្រឹត្តទៅ​នៅ​យប់​ថ្ងៃទី​២៩ ខែសីហា ក្នុងប្រទេស​ម៉ូ​ណា​កូ ក្រុម​ពី​អ៊ីតាលី Inter Milan ស្ថិតនៅ​ពូ​ល F ដោយ​ត្រូវ​ជួប Barcelona, Borussia Dortmund និង Slavia Prague​។​
 
​ក្រោយ​ការចាប់​ឆ្នោត លោក Conte អតីត​អ្នកចាត់ការ Chelsea ដែល​ទើប​ឡើងជា​អ្នកចាត់ការ​ថ្មី​របស់ Inter រដូវ​កាល​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​ក្រុម​លោក​ត្រូវ​តតាំង​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង​ក្នុង​យុទ្ធនាការ​អឺរ៉ុប​នេះ​។​


 
«​សម្រាប់​ពួកយើង ដែល​ប៉ះ​ក្រុម​ខ្លាំងៗ​ពិតជា​កិត្តិយស និង​គួរ​ឲ្យ​រំភើប​ណាស់​។ សម្រាប់​គូប្រជែង​របស់​យើង​ក៏​ដូចគ្នា ពួកគេ​ត្រូវ​ជួប​យើង​ដែលជា​ក្រុម​មិនធម្មតា​ដែរ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៥០​ឆ្នាំ​។​
 
​ក្រុម​ពី​លី​គ​កំពូល​អ៊ីតាលី​មួយ​នេះ ទើបតែ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​បន្ថែម ដូចជា​ខ្សែប្រយុទ្ធ Romelu Lukaku ពី Man Utd ក្នុងតម្លៃ​៩១​លាន​ដុល្លារ ព្រមទាំង​ខ្ចី​ជើង​ខ្សែបម្រើ Alexis Sanchez ផង​ដើម្បី​ពង្រឹង​ក្រុម​ក្រោម​ការដឹកនាំ​ដំបូង​របស់លោក Conte​។​
 
Inter នឹង​ចាប់ផ្តើម​យុទ្ធនាការ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ដោយ​ត្រូវ​ធ្វើដំណើរ​ទៅផ្ទះ​របស់​ក្រុម Slavia Prague នៃ​លី​គ​កំពូល​ឆែក សម្រាប់​ជំនួប​បើកឆាក នៅ​ថ្ងៃទី​១៧ ខែកញ្ញា មុន​ទទួលភ្ញៀវ Barcelona នៅឯ​កីឡដ្ឋាន San Siro​។​
 
​ខាងក្រោម​នេះ ជា​លទ្ធផល​ចាប់​ពូ​ល​ទាំង​៨ ពី A ដល់ H សម្រាប់​ក្រុម​ទាំង​៣២ រដូវ​កាល ២០១៩-២០៖
 
​ពូ​ល A៖ Paris St-Germain, Real Madrid, Club Bruges, Galatasaray
​ពូ​ល B៖ Bayern Munich, Tottenham, Olympiakos, Red Star Belgrade
​ពូ​ល C៖ Manchester City, Shakhtar Donetsk, Dinamo Zagreb, Atalanta
​ពូ​ល D៖ Juventus, Atletico Madrid, Bayer Leverkusen, Lokomotiv Moscow
​ពូ​ល E៖ Liverpool, Napoli, Salzburg, Genk
​ពូ​ល F៖ Barcelona, Borussia Dortmund, Inter Milan, Slavia Prague
​ពូ​ល G៖ Zenit St Petersburg, Benfica, Lyon, RB Leipzig
​ពូ​ល H៖ Chelsea, Ajax, Valencia, Lille
 

Tag:
 Champions League
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com