ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
បច្ចេកវិទ្យា
និស្សិត៣នាក់បង្កើត App «សិស្សច្បង» ប្រឹក្សាយោបល់ដាក់អាហារូបករណ៍ទៅក្រៅប្រទេស
× ភ្នំពេញ៖ App ឈ្មោះ «សិស្សច្បង» ដែលកំពុងបង្កើតដោយនិស្សិត៣នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ពីរនាក់ និងម្នាក់ទៀត ជានិស្សិតសាកលវិទ្យាល័យ Paragon International University នឹងដាក់ឲ្យដំណើការនៅដើមឆ្នាំ២០២០។ និស្សិតវ័យ២១ឆ្នាំ រ៉ានី ពណ្ណរុង មកពី RUPP ជាអ្នកផ្តួចផ្តើមបង្កើត App «សិស្សច្បង» នេះ បានឲ្យដឹងនៅក្នុងបទសម្ភាសជាមួយ ThmeyThmey ថា App នេះ គឺប្រមូលផ្តុំនិស្សិតដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស មកធ្វើជាទីប្រឹក្សាចែករំលែកបទពិសោធ និងផ្តល់ព័ត៌មានទៅកាន់សិស្សនិស្សិត ដែលមានបំណងចង់ជោគជ័យលើការដាក់អាហារូបករណ៍សិក្សានៅក្រៅប្រទេស។ App «សិស្សច្បង» បណ្តុំព័ត៌មានអាហារូបករណ៍ នឹងផ្តល់ភាពងាយស្រួល ហើយជាវេទិកាណាត់ជួបគ្នារវាងសិស្សនិស្សិតក្នុងស្រុក និងសិស្សនិស្សិតក្រៅប្រទេស ដើម្បីចែករំលែកបទពិសោធគ្នា។
ព័ត៌មានលម្អិតសូមអញ្ជើញទស្សនាបទសម្ភាសខ្លីខាងក្រោមនេះ រវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងនិស្សិត រ៉ានី ពណ្ណរុង អ្នកផ្តួចផ្តើមម្នាក់ឲ្យគម្រោងបង្កើត App «សិស្សច្បង» នេះកើតឡើង៖
មុននឹងសម្រេចចិត្តបង្កើត App «សិស្សច្បង» នេះឡើង ក្រុមការងាររបស់ ពណ្ណរុង បានធ្វើការស្ទង់មតិមួយ រកឃើញថា មានសិស្សនិស្សិតជាច្រើនបានដាក់អាហារូបករណ៍ ហើយបរាជ័យច្រើនលើកជាច្រើនសា។ និស្សិត ពណ្ណរុង បញ្ជាក់ថា ការណ៍ដែលនិស្សិតបរាជ័យក្នុងការដាក់អាហារូបករណ៍នោះ ក៏អាចមកពីពួកគេខ្វះអ្នកប្រឹក្សាជាមួយ បើទោះជា ពេលខ្លះពួកគេមានសមត្ថភាពហើយក៏ដោយ ប៉ុន្តែ ខ្វះការណែនាំបន្ថែមពីសិស្សច្បងដែលបានឆ្លងកាត់ការដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នោះក៏ជាចំណែកបរាជ័យមួយផងដែរ។ និស្សិត ពណ្ណរុង ជឿជាក់ថា App «សិស្សច្បង» ក៏នឹងផ្តល់ភាពស្និទ្ធសា្នលរវាងសិស្សនិស្សិតនៅក្នុងស្រុកនិងក្រៅស្រុក អាចឲ្យណាត់ជួបគ្នា ដើម្បីចែករំលែកបទពិសោធគ្នាការដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស៕
Tag:
យុវជន
App
និស្សិត
អាហារូបករណ៍
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com