អន្តរជាតិ
Google រើស​វៀតណាម​ជា​គោលដៅ​បើក​រោងចក្រ​ផលិត​ទូរ​សព្ទ​ជំនួស​ចិន​
30, Aug 2019 , 7:39 pm        
រូបភាព
ស្នាក់ការក្រុមហ៊ុន Google (ប្រភពរូប៖ AFP)
ស្នាក់ការក្រុមហ៊ុន Google (ប្រភពរូប៖ AFP)
ដោយ:
​ក្រុមហ៊ុន Google គ្រោង​ផ្លាស់ប្តូរ​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ​របស់ខ្លួន​ចេញពី​ប្រទេស​ចិន​ទៅកាន់​វៀតណាម ដោយ​ចាប់ផ្តើម​ក្នុងឆ្នាំនេះ​តែម្តង​។ ការប្រកាស​រើ​ទីតាំង​នេះដែរ ធ្វើឡើង​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​នេះ មាន​ផែនការ​បង្កើត​សង្វាក់​ផ្គត់ផ្គង់​តម្លៃ​ទាប​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

 
​សហការ​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​មួយ ក្រុមហ៊ុន Google បានចាប់ផ្តើម​ធ្វើការ​ជាប​ណ្តើ​រៗ​ហើយ​ដើម្បី​កែ​មុខមាត់​រោងចក្រ​ចាស់​របស់​ក្រុមហ៊ុន Nokia ក្នុង​ខេត្ត Bac Ninh ភាគ​ខាងជើង​នៃ​វៀតណាម ដើម្បី​ដំណើរការ​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ​។ 
 
​ការកើនឡើង​តម្លៃ​ពលកម្ម​ក្នុងប្រទេស​ចិន គួបផ្សំ​នឹង​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ចិន ជា​កត្តា​រុញច្រាន​ឲ្យ​ក្រុមហ៊ុន Google សម្រេចចិត្ត​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​ខ្លួន​បែបនេះ​។ តាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Nikkie Asian Review នៅ​ថ្ងៃទី​២៨ ខែសីហា ក្រុមហ៊ុន Google នឹង​រើ​រោងចក្រ​ផលិត Hardware ទាំងអស់​របស់ខ្លួន​ចេញពី​ទឹកដី​ចិន​ក្នុងនោះ​មាន ទូរ​សព្ទ Pixel និង​បំពង់​សំឡេង​ឆ្លាត​វៃ Google Home ។​
 
​បណ្តាញ​ផលិតកម្ម​ក្នុងប្រទេស​វៀតណាម នឹង​ក្លាយជា​ផ្នែក​ស្នូល​នៃ​ការជំរុញ​ការលូតលាស់​របស់​ក្រុមហ៊ុន Google ក្នុង​ទីផ្សារ​ទូរ​សព្ទ​ឆ្លាត​វៃ​។ បើតាម​កាសែត​ជប៉ុន Nikkie ក្រុមហ៊ុន​យក្ស​អាមេរិក​នេះ មាន​គោលដៅ​បញ្ជូន​ទូរ​សព្ទ​លក់​លើ​ទីផ្សារ​ចន្លោះ​ពី ៨​លាន​គ្រឿង​ទៅ ១០​លាន​គ្រឿង ដែល​កើនឡើង​២​ដង​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។ សម្រាប់​បំពង់​សំឡេង​ឆ្លាត​វៃ ផលិតកម្ម​ខ្លះ​ទំនងជា​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​ប្រទេស​ថៃ​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Google បាន​បញ្ជូន​ទូរ​សព្ទ​លក់​លើ​ទីផ្សារ​ប្រមាណ​៤,៧​លាន​គ្រឿង​។ យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ IDC ជិត ៧០​ភាគរយ​នៃ​ការលក់​ទូរ​សព្ទ​របស់​ក្រុមហ៊ុន Google កាលពី​ឆ្នាំ​២០១៨ គឺ​ក្នុង​សហរដ្ឋអាមេរិក ដែលជា​ទីផ្សារ​ធំ​បំផុត​របស់ខ្លួន​តាម​ពីក្រោយ ចក្រភព​អង់គ្លេស និង​ជប៉ុន​។ សម្រាប់​បំពង់​សំឡេង​ឆ្លាត​វៃ សហរដ្ឋអាមេរិក គ្របដណ្តប់​ការលក់​ចំនួន​៦៤​ភាគរយ​៕

Tag:
 Google
  ទូរ​សព្ទ​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com