អន្តរជាតិ
Google រើសវៀតណាមជាគោលដៅបើករោងចក្រផលិតទូរសព្ទជំនួសចិន ស្នាក់ការក្រុមហ៊ុន Google (ប្រភពរូប៖ AFP)
× ក្រុមហ៊ុន Google គ្រោងផ្លាស់ប្តូរផលិតកម្មទូរសព្ទឆ្លាតវៃរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់វៀតណាម ដោយចាប់ផ្តើមក្នុងឆ្នាំនេះតែម្តង។ ការប្រកាសរើទីតាំងនេះដែរ ធ្វើឡើងខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ មានផែនការបង្កើតសង្វាក់ផ្គត់ផ្គង់តម្លៃទាបក្នុងតំបន់អាស៊ីអាគ្នេយ៍។
សហការជាមួយក្រុមហ៊ុនជាដៃគូមួយ ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើការជាបណ្តើរៗហើយដើម្បីកែមុខមាត់រោងចក្រចាស់របស់ក្រុមហ៊ុន Nokia ក្នុងខេត្ត Bac Ninh ភាគខាងជើងនៃវៀតណាម ដើម្បីដំណើរការផលិតកម្មទូរសព្ទឆ្លាតវៃ។
ការកើនឡើងតម្លៃពលកម្មក្នុងប្រទេសចិន គួបផ្សំនឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិន ជាកត្តារុញច្រានឲ្យក្រុមហ៊ុន Google សម្រេចចិត្តផ្លាស់ប្តូរទីតាំងរោងចក្រខ្លួនបែបនេះ។ តាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkie Asian Review នៅថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុន Google នឹងរើរោងចក្រផលិត Hardware ទាំងអស់របស់ខ្លួនចេញពីទឹកដីចិនក្នុងនោះមាន ទូរសព្ទ Pixel និងបំពង់សំឡេងឆ្លាតវៃ Google Home ។
បណ្តាញផលិតកម្មក្នុងប្រទេសវៀតណាម នឹងក្លាយជាផ្នែកស្នូលនៃការជំរុញការលូតលាស់របស់ក្រុមហ៊ុន Google ក្នុងទីផ្សារទូរសព្ទឆ្លាតវៃ។ បើតាមកាសែតជប៉ុន Nikkie ក្រុមហ៊ុនយក្សអាមេរិកនេះ មានគោលដៅបញ្ជូនទូរសព្ទលក់លើទីផ្សារចន្លោះពី ៨លានគ្រឿងទៅ ១០លានគ្រឿង ដែលកើនឡើង២ដងប្រៀបធៀបកាលពីឆ្នាំមុន។ សម្រាប់បំពង់សំឡេងឆ្លាតវៃ ផលិតកម្មខ្លះទំនងជាត្រូវផ្លាស់ប្តូរទៅកាន់ប្រទេសថៃ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Google បានបញ្ជូនទូរសព្ទលក់លើទីផ្សារប្រមាណ៤,៧លានគ្រឿង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ជិត ៧០ភាគរយនៃការលក់ទូរសព្ទរបស់ក្រុមហ៊ុន Google កាលពីឆ្នាំ២០១៨ គឺក្នុងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ខ្លួនតាមពីក្រោយ ចក្រភពអង់គ្លេស និងជប៉ុន។ សម្រាប់បំពង់សំឡេងឆ្លាតវៃ សហរដ្ឋអាមេរិក គ្របដណ្តប់ការលក់ចំនួន៦៤ភាគរយ៕
Tag:
Google
ទូរសព្ទ
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com