កីឡាជាតិ
ជាតិ
សិក្ខាកាម៣០រូបទទួលបានការបណ្តុះបណ្តាលជំនាញគ្រូបង្វឹកបាល់ទះ ពីអ្នកជំនាញមកពីបង់ក្លាដែស
× សិក្ខាកាមជាគ្រូបង្វឹក និងជាកីឡាករចំនួន៣០រូប ទទួលបានការបណ្តុះបណ្តាលជំនាញគ្រូបង្វឹកបាល់ទះទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងពីអ្នកជំនាញមកពីបង់ក្លាដែស គឺលោក Shameen-Al-Mamun ដែលប្តេជ្ញាចែករំលែកបទពិសោធទាំងអស់របស់ខ្លួនក្នុងវគ្គសិក្សានេះ។ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកពីសារសំខាន់នៃវគ្គនេះថា គឺជាថ្នាលបណ្តុះធនធានគ្រូបង្វឹកសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ហើយលោកជំរុញឲ្យសិក្ខាទាំងអស់យកចិត្តទុកដាក់ក្នុងការសិក្សា។
សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោមគម្រោងសិក្សាសាមគ្គីអូឡាំពិក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិតមូលដ្ឋានក្រោមបទឧទ្ទេសលោក Shameen Al Mamun អ្នកជំនាញមកពីប្រទេសបង់ក្លាដែស ដែលជោគជាំដោយបទពិសោធបង្រៀន។ ក្រៅពីសិក្សាលើទ្រឹស្តី សិក្ខាមទាំងអស់ ត្រូវចូលរួមអនុវត្តលើទីលានបង្វឹកជាក់ស្តែងជាមួយអ្នកជំនាញរូបនេះផងដែរ។
លោក បឹង គឹមតោ និយាយពេលបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះ
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក បឹង គឹមតោ ចាត់ទុកវគ្គសិក្សានេះថា គឺការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក ដើម្បីពង្រីកសក្តានុពលវិស័យកីឡាបាល់ទះនៅកម្ពុជា សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣។ វា ក៏ជាការឆ្លើយតបជាមួយកំណែទម្រង់ស៊ីជម្រៅរបស់ NOCC និងក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចេញឲ្យសហព័ន្ធនីមួយៗខិតខំបណ្តុះធនធាន សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។
សម្រាប់លោក Shameen Al Mamun ទោះបីវគ្គសិក្សានេះមានរយៈពេលខ្លី តែវាមានសារសំខាន់ក្នុងការបណ្តុះធនធានគ្រូបង្វឹក ដែលទាមទារឲ្យសិក្ខាកាមត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា។ លោកបន្ថែមថា៖«ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ចែករំលែកចំណេះដឹងនិងបទពិសោធ ដែលខ្ញុំមានទាំងប៉ុន្មានទៅឲ្យអ្នកទាំងអស់គ្នា ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចអភិវឌ្ឍន៍ខ្លួនទៅជាគ្រូបង្វឹកកម្រិតអន្តរជាតិ និងមានសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានអត្តពលិកកីឡាបាល់ទះនៅប្រទេសកម្ពុជា»។
លោក Shameen Al Manun គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះ
លោក បឹង គឹមតោ បានជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ក្រេបចំណេះពីអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យកាន់តែប្រសើរ។ «សិក្ខាកាមទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីឲ្យយើងអាចយកចំណេះដឹងទៅបណ្តុះបណ្តាលកីឡាករនៅតាមក្លិប-សមាគមរៀងៗខ្លួន សម្រាប់ត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិផ្សេងៗ»។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋានខាងលើមានសិក្ខាកាមចំនួន៣០រូបមកពី១២ក្លិប-សមាគមរាជធានី-ខេត្តចូលរួម។ វគ្គបណ្តុះបណ្តាលលើកទី៦នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩៕
Tag:
បាល់ទះ
បឹង គឹមតោ
Shameen Al Manun
© រក្សាសិទ្ធិដោយ thmeythmey.com