អន្តរជាតិ
ចិននិងហ្វីលីពីន អាចមានគម្រោងអភិវឌ្ឍរួមគ្នាក្នុងសមុទ្រចិនខាងត្បូង
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅពីថ្ងៃទី២៩ ខែសីហា លើកឡើងថា ចិន និងហ្វ៊ីលីពីនអាចជ្រើសយក «ជំហានដ៏ធំមួយ» ក្នុងការអភិវឌ្ឍរួមគ្នាលើធនធានប្រេង និងឧស្ម័នធម្មជាតិនៅក្នុងក្នុងសមុទ្រចិនខាងត្បូង ប្រសិនបើហ្វីលីពីនអាចគ្រប់គ្រងជម្លោះអធិបតេយ្យភាពបានត្រឹមត្រូវ។
ចិន និងហ្វីលីពីន អាចឈានជំហានដ៏ធំក្នុងការអភិវឌ្ឍរួមគ្នាលើដែនទឹកសមុទ្រចិនខាងត្បូង ដែលមានផ្ទុកធនធានប្រេង និងឧស្ម័ន។ នេះជាអ្វី ដែលលោកប្រធានាធិបតី ស៊ី ជិនភីង បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅទីក្រុងប៉េកាំងនៅថ្ងៃទី២៩ ខែសីហា។ នេះជាដំណើរទស្សនកិច្ចលើកទីប្រាំរបស់លោក ឌូទើតេ ទៅកាន់ទឹកដីចិន។
ជាការពិត ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនទៅដឹកនាំចិនលើកនេះ គឺចំពេលបរិបទចម្រូងចម្រាសជាអាទិ៍ការរុករកថាមពលរបស់ទូកចិនននៅក្នុងដែនទឹកមានជម្លោះរវាងវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន និងការចោទប្រកាន់របស់អាមេរិកទៅលើចិនថា បានឈានពានដែនទឹកវៀតណាម។ ប៉ុន្តែហ្វីលីពីនក្នុងអាណត្តិលោក ឌូទើតេ មានជំហរទន់ភ្លន់ច្រើនជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូង។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីចិនវ័យ៦៦ឆ្នាំរូបនេះ បានជំរុញឲ្យភាគីទាំងពីរ ទុកបញ្ហាជម្លោះនៅម្ខាង និងផ្តោតទៅលើការធ្វើសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រឹង និងស្វែងរកការអភិវឌ្ឍ។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានស្រង់ពាក្យសម្តីរបស់លោក ស៊ី ថា៖ «រហូតដល់ភាគីទាំងសងខាងអាចគ្រប់គ្រងបញ្ហាសមុទ្រចិនខាងត្បូងបានត្រឹមត្រូវ នោះបរិយាកាសនៃទំនាក់ទំនងទ្វេភាគីនឹងល្អប្រសើរ ចំណែកទំនាក់ទំនងជាមូលដ្ឋាននឹងមានស្ថិរភាព។ ជាពិសេស សន្តិភាព និងស្ថិរភាពក្នុងតំបន់នឹងត្រូវបានធានា។»
វាប្រាកដជារឿងពិបាកណាស់ក្នុងការធ្វើឲ្យដូចទៅនឹងសម្តីរបស់ប្រធានាធិបតីចិនលើកឡើងខាងលើ ព្រោះប្រទេសទាំងពីរបានទាមទារយុត្តាធិការផ្តាច់មុខលើកោះ Reed Bank ដែលជាកន្លែងស្តុកប្រេង និងឧស្ម័នធម្មជាតិយ៉ាងសំខាន់។
យ៉ាងណាមិញសម្រាប់ការអភិវឌ្ឍរួមគ្នានេះ ហ្វ៊ីលីពីនបានស្នើសុំ៦០ភាគរយនៃធនធានធម្មជាតិ ដែលខ្លួនទទួលបាន ខណៈពេលចិនទទួលបាន៤០%ប៉ុណ្ណោះ។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៦ ហ្វ៊ីលីពីនបានដាក់ពាក្យបណ្តឹងទៅតុលាការមជ្ឈកម្មអន្តរជាតិ ដើម្បីទាមទារសមត្ថកិច្ចលើដែនទឹក ដែលកំពុងមានជម្លោះ តែចិនច្រានចោលយុត្តាធិការរបស់តុលាការ។ ទាក់ទងនឹងបញ្ហានេះ ប្រធានាធិបតី ឌូទើតេ បានចាប់ផ្តើមខិតទៅរកចិនបន្តិចម្តងៗ ដែលជាហេតុធ្វើឲ្យមានការដាក់សម្ពាធពីសំណាក់ប្រជាជនក្នុងស្រុកយ៉ាងខ្លាំង ប៉ុន្តែហ្វីលីពីនទទួលបានផលប្រយោជន៍ច្រើនពីការងាកទៅចិននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com