ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា នឹង​អភិវឌ្ឍ​ទ័ពជើងទឹក​បន្ថែម ដើម្បី​ការពារ​ដែនសមុទ្រ​
30, Aug 2019 , 9:19 pm        
រូបភាព
​លោក ឥត​ សា​រ៉ាត់​ ថ្លែងសន្និសីទកាសែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ពេលត្រឡប់មកពីប្រទេសថៃ (រូបពីក្រសួងការពារជាតិ)
​លោក ឥត​ សា​រ៉ាត់​ ថ្លែងសន្និសីទកាសែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ពេលត្រឡប់មកពីប្រទេសថៃ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ ចុះផ្សាយ​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បង្ហើប​ពី​ផែនការ​នៃ​ការអភិវឌ្ឍ​បន្ថែម​ទៅលើ​កងទ័ពជើងទឹក ដើម្បី​ឲ្យ​មាន​សមត្ថភាព​កាន់​ខ្ពស់ ក្នុងការ​ការពារ​ដែន​សមុទ្រ​កម្ពុជា​។


 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បង្ហើប​ពី​ផែនការ​នេះ នៅ​ចំពោះមុខ​នាយ​ឧ​ត្ត​មនា​វី ដេវីត សុន មេបញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក ក្នុងឱកាស​ដែល​អ្នក​ទាំង​ពីរបាន​ជួបគ្នា ពេល​ទៅ​ចូលរួម​ប្រជុំ​កំពូល​ថ្នាក់​អគ្គបញ្ជាការ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ កិច្ចប្រជុំ​នេះ រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​ប្រធានបទ «​កិច្ចសហប្រតិបត្តិការ​ដោយ​សេរី និង​បើកទូលាយ​នូវ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ដោយមាន​ការចូលរួម​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​មកពី​៣២​ប្រទេស​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​ឲ្យ​ដឹងថា ក្រៅពី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក ស្ថាប័ន​យោធា​កម្ពុជា ក៏​នឹង​អភិវឌ្ឍ​ផែ​ផងដែរ ដែលជា​កន្លែង​សម្រាប់​ជួសជុល និង ថែទាំ​នាវា​។ លោក បន្តថា ក្នុងពេល​ខាងមុខ កងទ័ពជើងទឹក​កម្ពុ​ជា នឹង​ទទួលបាន​នាវា​មួយចំនួន សម្រាប់​ប្រើប្រាស់​ក្នុងការ​ការពារ​ដែន​ដែនទឹក​។ 
 
​ក្រសួងការពារជាតិ បាន​ស្រង់​សម្តី​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ដែល​ថ្លែង​ក្នុង​សន្និសីតកាសែត ពេលមកដល់​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ទៅ​ចុះផ្សាយ​ដូច្នេះ​ថា​៖«​ការធ្វើ​ទាំងអស់នេះ គឺ​កងយោធពល​ខេមរភូមិន្ទ ជា​អ្នកធ្វើ​ដោយ​ខ្លួនឯង​សុទ្ធិ​សាធ មិនមាន​ប្រទេស​ណា​ជួយ​ឡើយ ហើយ​វា ជា​របស់​កម្ពុជា មិនមែនជា​របស់​អ្នកណា ដូចដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ បានលើកឡើង​នោះទេ​»​។ 
 
​យ៉ាងណា អគ្គ​មេបញ្ជាការរង​រូបនេះ មិនទាន់​អាច​បញ្ជាក់​ឡើយ​ថា នាវា​ទាំងនោះ មាន​ទំហំ​ប៉ុនណា និង​ផលិត​នៅ​ប្រទេស​ណា​៕ 
 

Tag:
 ទ័ពជើងទឹក​
  ដែនសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com